​ភ្នំពេញ​: ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារកណ្ដាល​ម៉ាឡេស៊ី (BNM) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ដើម្បី​ធ្វើការ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ជាពិសេសដើម្បី​ជួយ​សម្រួល​សកម្មភាព​ពា​ណិ​ជ្ជ​​កម្ម និង​ទេសចរណ៍​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ ​២​។​

MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា និង​លោក Abdul Rasheed Ghaffour ទេ​សា​ភិ​បាល ធនាគារកណ្ដាល​ម៉ាឡេស៊ី ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត និង​លោក Yang Amat Berhormat Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​​ម៉ាឡេស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ​។ នេះ​បើ​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​រួម​។​


MoU នេះ គឺជា​ជំហាន​ថ្មី​មួយ​ក្នុង​គំនិត​ផ្តួចផ្តើម​ការតភ្ជាប់​ការទូទាត់​ក្នុង​តំបន់​អាស៊ាន ហើយក៏​ស្រប​នឹង​ទិសដៅ ជា​យុទ្ធសាស្ដ្រ​របស់​ប្រទេស G20 ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការទូទាត់​ឆ្លងដែន​។ អនុស្សរណៈ​យោគ​យល់​នេះ​នឹង​ជួយ​សម្រួល​ដល់​សកម្ម​ភាព​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​ឆ្លងដែន​រវាង​ប្រទេស​នានា​។

ប្រទេស ទាំង ​២ ​ទទួលយក​ការទូទាត់​តាម​ឃ្យូ​អរកូត ប្រមាណ ៥ លាន​ទីតាំង រាប់​ប​ញ្ជូ​ល​ទាំង​អាជីវកម្ម​ខ្នាតតូច​ផងដែរ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ច​​សហប្រតិបត្តិការ​នេះ​។​


​សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា​៖ «MoU នេះ​នឹង​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​កាន់តែ​ជិតស្និទ្ធ​រវាង NBC និង BNM ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ជំរុញ​ការទូទាត់​ឆ្លង​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​បន្ថែមទៀត សម្រាប់​ជា​ប្រយោជន៍​សម្រាប់​បុគ្គល និង​អាជីវកម្ម​នៅក្នុង​ប្រទេស​ទាំង ​២»​។​

​កិច្ចសហប្រតិបត្តិការ​នេះ មាន​វិសាលភាព​គ្របដណ្ដប់​លើ​ទម្រង់​ជាច្រើន​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​នៃ​ប្រទេស​ទាំង ២ រាប់បញ្ចូល​ទាំង​ការ​ត​ភ្ជាប់​ការទូទាត់​ក្នុងស្រុក​រវាង​ប្រទេស​ទាំងពីរ ដើម្បី​បើក​លទ្ធភាព​ដល់​ការទូទាត់ ឆ្លងដែន​តាម​ឃ្យូ​អរ​កូត​។ កិច្ច​​សហប្រតិបត្តិការ​នេះ មាន​គោល​បំណង​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក សម្រាប់​ការទូទាត់ ព្រមទាំង​បាន​ជួយ​គាំទ្រ​ដល់​យន្តការ​កិច្ច​សហ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការទូទាត់​ឆ្លងដែន ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​។​

​លោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាល​ម៉ាឡេស៊ី បានឱ្យដឹងថា អនុស្សរណៈ​យោគយល់​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​របស់​ធនា​គារ​កណ្ដាល​ទាំងពីរ ក្នុងការ​​លើកកម្ពស់​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន ការផ្ទេរ​ប្រាក់ និង​ការទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​។​

​លោក​បាន​ថ្លែង​នៅក្នុង​សេចក្ដី ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​យូរអង្វែង រវាង​ធនាគារកណ្ដាល​ម៉ាឡេស៊ី និង​ធនាគារ ជាតិ​នៃ​កម្ពុជា ក្នុង​បុព្វ​ហេតុផល​ប្រ​យោជន៍​របស់​ប្រជាពលរដ្ឋ និង​ធុរជន​នៃ​ប្រទេស​ទាំងពីរ​។ ការណ៍​នេះ នឹង​ជា​កម្លាំងចលករ​មួយ​ក្នុងការ​ជំរុញ​ន​វា​នុ​វត្ត​ន៍ និង​សមាហរណកម្ម​ហិរញ្ញវត្ថុ ដែល​នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​»​។​

​លោកស្រី ជា សិរី បានឱ្យដឹងថា អនុស្សរណៈ​យោគយល់​នេះ​គឺជា​ការ​បោះជំហាន​ដ៏​សំខាន់​មួយ ដើម្បី​ឆ្ពោះ​ទៅរក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ធនាគារកណ្ដាល​ទាំងពីរ​។​

​លោកស្រី​ថ្លែងថា​៖ «​តាមរយៈ​អនុ​ស្ស​រណៈ​យោគយល់​នេះ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​ម៉ាឡេស៊ី នឹង​សហការគ្នា​ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញ​វត្ថុ និង​កែលម្អ​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន សំដៅ​ជំរុញ​សកម្មភាព ពាណិជ្ជកម្ម និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំងពីរ ព្រមទាំង​ជួយ​លើកកម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក ស្របតាម​គោលដៅ​របស់​អាស៊ាន​»​។​

​ប្រទេស​ម៉ាឡេស៊ី​ ជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​ក្នុង​តំបន់​កាលពី​ឆ្នាំ ​២០២៣​។ ដោយ​ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា​-​ម៉ាឡេស៊ី​ សម្រេចបាន​ទឹកប្រាក់​ជាង ​៦៣២ លាន​ដុល្លារ កើនឡើងជិត​ ២ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២ ដែលមាន​ចំនួន ៦២០,៣៧ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE)​។​

​ការនាំ​ចូល​របស់​ម៉ាឡេស៊ី​មក​កម្ពុជា​បាន​កើនឡើង ៣,៧១ ភាគរយ ដល់ ៥២៧,៣៨ លាន​ដុល្លារ ខណៈ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រ​ទេស​ដែល​កាន់សាសនា​អ៊ិ​ស្លាម​មួយ​នេះ បាន​ធ្លាក់ចុះ ៦ ភាគរយ មក​ជាង ១០៥ លាន​ដុល្លារ​។​

​កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៥ លាន​នាក់ ដែល​បាន​កើនឡើង យ៉ាងខ្លាំង​ចំនួន ១៣៩,៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២២​។​ 

​កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៥ លាន​នាក់ កើនឡើង ១៣៩,៥ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០២២​។ ថៃ​គឺជា​ប្រទេស​ដែលមាន​ភ្ញៀវទេសចរ​ឈានមុខ​គេ បន្ទាប់មក​គឺ​វៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភព​អង់គ្លេស និង​ម៉ាឡេស៊ី​៕