​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រមូល​មូលនិធិ​ប្រមាណ ១០៨​​ លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២៤ នេះ​តាមរយៈ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណរ​ដ្ឋា​ភិ​បាល​សម្រាប់​ថវិកាជាតិ ជាពិសេស​សម្រាប់​គាំទ្រ​គម្រោង​វិនិយោគ​មួយចំនួន​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(MEF)​។​

​លោក មាស សុខ​សេន​សាន្ត អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​ឆ្នាំ ​២០២៤ នេះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​ដែលមាន​តម្លៃ ៤៤០ ​ពាន់​លាន​រៀល ឬ​ប្រមាណ ១០៨ ​លាន​ដុល្លារ​តាមរយៈ​វេទិកា​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ ដែលជា​ភ្នាក់ងារ​ចេញ​មូល​ប​ត្រ​បំណុល​នេះ​។​


​លោក​បាន​ថ្លែងថា​៖ «​នៅ​ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ចំ​នួន ៤៤០​ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ១០៨​ លាន​ដុ​ល្លារ​។ ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ គឺ​សម្រាប់​សង​ប្រាក់​ដើម​និង​ការប្រាក់​មូល​ប​ត្រ​រដ្ឋ ដែល​បាន​បោះផ្សាយ​នា​ឆ្នាំ​កន្លងទៅ​និង​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ទៅលើ​គម្រោង​វិនិយោគ​ដែល​អាច​ផ្តល់​ចំណូល​ដោយ​ត្រង់​មករា​ជ​​រដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​​វិនិយោគ និង​ចីរភាព​នៃ​ការ​​គ្រប់គ្រង​បំណុល​សាធារណៈ និង​ថវិកាជាតិ​»​។​

​យោងតាម​លោក សុខ សេន​​សាន្ត សម្រាប់​ឆ្នាំ​ ២០២៤ រាជ​រដ្ឋាភិបាល​កម្ពុ​ជាមាន​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​ទំហំ ៤,៧០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​) ដែល​នឹង​ត្រូវបាន​គាំទ្រ​ហិរញ្ញប្បទាន​ក្នុង​ប្រ​ទេស តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ និង​ហិរញ្ញប្បទាន​ក្រៅប្រទេស​ក្នុង​ទំហំ ៤,៣៩ ​ភាគរយ នៃ ផ​.​ស​.​ស ដែល​ស្មើនឹង​ប្រមាណ​ជាង ២​ ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​


​លោក​បញ្ជាក់ថា រាជ​រដ្ឋា​ភិ​បាល​ចាប់ផ្តើម​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ជា​លើកដំបូង​កាល​ពី​ឆ្នាំ​ ២០២២ នៅក្នុង​ទំហំ​ទឹក​ប្រាក់ ៣០០​ លាន​ដុល្លារ តាម​​រយៈ​យន្ត​ការដាក់​ដេញថ្លៃ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ នៅ​ឆ្នាំ ​២០២៣ តាមរយៈ​ច្បាប់​ថវិកា​​ជាតិ រដ្ឋាភិបាល​បានប្រកាស​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ ចំនួន ២០០​ លាន​ដុល្លារ​។​

​អគ្គនាយក​នៃ​និយ័ត​ករ​មូល​​ប​ត្រ​កម្ពុជា ​(SERC)​ លោក ស៊ូ សុជាតិ បានឱ្យដឹងថា សម្រាប់​មូល​ប​ត្រ​បំណុល គឺជា​ឆន្ទា​នុ​​សិទ្ធ​របស់​រដ្ឋាភិបាល​ទាំងស្រុង​នៅក្នុង​ការសម្រេច​បោះផ្សាយ​ទំហំ​ទឹកប្រាក់ និង​ចំនួន​នៃ​សញ្ញា​បណ្ណ​។​

​លោក​បញ្ជាក់ថា​៖ «​ផ្សា​រមូល​ប​ត្រ​កម្ពុជា​យើង​សាទរ​សម្រាប់​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល ដោយសារ​វា​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ដែល​នឹង​ជួយ​ដល់​ការចូលរួមចំណែក ឬ​ប្រមូល​សាច់ប្រាក់​ពី​ក្នុងស្រុក​ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីត្រូវការ​ផ្សេងៗ​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទោះ​​ជា​យ៉ាងណា ក៏​វា​ជា Benchmark មួយ​ដ៏​ល្អ មានន័យថា​កាលណា​មាន​បណ្ណ​បំណុល​វា​គឺជា​ការកំណត់ថ្លៃ​មួយ​សម្រាប់​ប្រភេទ​បណ្ណ​បំណុល​ក្នុងស្រុក​។ ការណ៍​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​ទីផ្សារ​អាច​រៀនសូត្រ​ពី​ការងារ​ទាំងអស់នេះ​»​។​

​លោក គី សិរី​វឌ្ឍន៍ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏បាន​យល់ឃើញ​នឹង​ការលើកឡើង​ខាងលើ​ដែរ ដោយ​លោក​អះអាងថា សម្រាប់​បណ្ណ​បំណុល​សាធារណៈ​នេះ​ ​គឺ​វា​មាន​សារៈសំខាន់​ណាស់​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ដោយ​សារ​តែ​ជាទូទៅ​ការប្រមូល​ចំ​​ណូ​ល​របស់​រដ្ឋាភិបាល ​[​កម្ពុជា​] ជាពិសេស​ចំណូល​ពន្ធ​នៅមានកម្រិត ដូច្នេះ​ការបោះ​បណ្ណ​បំ​​ណុល​សាធារណៈ​នេះ​គឺ​ស្មើនឹង​ប្រជាពលរដ្ឋ​យកលុយ​របស់ខ្លួន​ទៅ​សន្សំ​ជាមួយ​រដ្ឋាភិបាល ខណៈ​រាជរដ្ឋាភិបាល​ខ្ចីប្រាក់​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ដោយ​ផ្តល់នូវ​អត្រា​ការប្រាក់​ក្នុង​កម្រិត​កំណត់​ណាមួយ​ឱ្យដល់​ពលរដ្ឋ​របស់ខ្លួន​វិញ​។​

​លោក​បន្ថែមថា សម្រាប់​ការ​ខ្ចីលុយ​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​នេះ គឺ​ដើម្បី​យកទៅ​ធ្វើ​ហិរញ្ញ​ប្ប​ទាន​ទៅលើ​ការសាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដូចជា​ការ​សាង​សង់​ផ្លូវ ស្ពាន ដែល​សុទ្ធតែ​ជាការ​ចំណាយ​ប្រាក់​ធំៗ ដូច្នេះ​បណ្ណ​​បំណុល​នេះ​គឺ​ជួយ​រដ្ឋាភិបាល​ឱ្យមាន​លទ្ធភាព​ប្រមូល​ទុន​ក្នុងស្រុក​ដើម្បី​យកទៅ​សាងសង់ និង​វា​ក៏​ជួយ​ឱ្យ​កាត់បន្ថយ​ការខ្ចី​បុល​ពី​ក្រៅប្រទេស​។​

​លោក​ថ្លែងថា​៖ «​ការណ៍​នេះ គឺ​ចំណេញ​ទាំងអស់គ្នា​ដោយ​ប្រជាពលរដ្ឋ​នឹង​ទទួល​បានការ​​ប្រាក់​ពី​រដ្ឋាភិបាល ខណៈ​រដ្ឋា​​ភិ​បាល​ក៏មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​យកទៅ​សាងសង់​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ ឬ​ចំណាយ​ទៅលើ​ការចាំបាច់​ផ្សេងៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ បើ​ការ​បោះផ្សាយ​បណ្ណ​បំណុល​របស់​រដ្ឋ​ទទួលបាន​ការគាំទ្រ​ខ្លាំង វា​ក៏​បង្ហាញ​ពី​ភាពជោគជ័យ​មួយ​របស់​រដ្ឋ​ក្នុងការ​កាត់បន្ថយ​បំ​ណុល​ខាងក្រៅ​ផងដែរ​»៕