ភ្នំពេញៈ អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា ការដាក់ឱ្យ​ដំណើការ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា ​(CPCC) នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ​គឺជា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់ និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ទាក់ទាញ​ការវិនិយោគ និង​ទំនាក់ទំនង​ទេសចរណ៍​កាន់តែច្រើន​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​ប្លុក​អារ៉ាប់​។

CPCC ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ នៅ​ទីក្រុង ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់ ​រួម​ក្រោម​អធិបតីភាព​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រី និង​អាជ្ញាធរ​នៃ​ប្រទេស​អារ៉ាប់​រួម និង​តំណាង​ក្រុមហ៊ុន Oneroad Group ផងដែរ។


លោកស្រី កំរង​ បាន​លើកឡើងថា​៖ «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា នៅ​រាជធានី​អា​ប៊ូ​ដា​ប៊ី ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ និង​នាំចេញ​ផលិតផល​ខ្មែរ ទៅកាន់​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ផ្សព្វផ្សាយ​ឯកសារ​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និង​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ​ទៅកាន់​ធុរជន វិនិយោគិន និង​ភ្ញៀវទេសចរ​អន្តរជាតិ ជាពិសេស​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​»​។

លោក ប៉ែន សុវិជ្ជា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ថា ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅ​ប្រទេស​អារ៉ាប់​រួម គឺជា​ការបោះ​ជំហាន​ថ្មី​មួយទៀត​របស់​កម្ពុជា​ក្នុង​ពង្រីក​ទីផ្សារ​របស់ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា​។


លោក​បាន​មានប្រសាសន៍ថា​៖ «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នេះ នឹង​បម្រើ​ជាទី​កន្លែង​កណ្តាល​មួយ​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​របស់​យើង​ទៅកាន់​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា ខណៈដែល​យើង​ក៏​កំពុងធ្វើការ​លើ​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​សព្វ​ជ្រុងជ្រោយ [CAM-UAE CEPA]»​។

លោក​បន្តថា បច្ចុប្បន្ននេះ កម្ពុជា​បាននិងកំពុង​ជំរុញ​ការនាំចេញ​ទៅកាន់​ប្រទេស​បណ្តា​ប្រទេស​នៅ​អារ៉ាប់ ខណៈ​ដែរ​ក៏​កំពុងមាន​ការកើនឡើង​នៃ​លំហូរ​វិនិយោគ និង​ភ្ញៀវទេសចរ​ពី​អារ៉ាប់​មក​កម្ពុជា​កាន់តែ​មាន​កំណើន​ផងដែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​ថា​៖ «​យើង​ជឿជាក់ថា​ ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ការដោះដូរ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​នឹងមាន​ការកើនឡើង​យ៉ាងខ្លាំង​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពីពេល​ថ្មីៗ​នេះ​ថា អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែលជា​ប្រទេស​អភិវឌ្ឍន៍​ដែលមាន​ជំនាញ​ខាង​ប្រេង និង​ឧស្ម័ន ដែលជា​ឱកាស​ច្រើន​សម្រាប់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹងថា ​ការអនុវត្ត​កិច្ចព្រមព្រៀង​នឹង​បើកផ្លូវ​សំខាន់​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អារ៉ាប់​»​។​
​នៅ​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២៣ កម្ពុជា និង UAE បានបញ្ចប់​កិច្ចចរចា​ជា​ផ្លូវការ​សម្រាប់ CAM-UAE CEPA​។

CEPA គឺជា​ប្រភេទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែលជា​ធម្មតា​រួមបញ្ចូល​ការ​គ្របដណ្តប់​ដ៏​ទូលំទូលាយ​លើសពី​ទំនិញ សេវា ការវិនិយោគ ដំណោះស្រាយ​ជម្លោះ កម្មសិទ្ធិបញ្ញា លទ្ធកម្ម​របស់​រដ្ឋាភិបាល និង​ទម្រង់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឯកទេស​ផ្សេងៗ​ទៀត​។ ក្រសួង​មិនទាន់​បានប្រកាស​កាលបរិច្ឆេទ​ជា​ផ្លូវការ​សម្រាប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ​។

ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង AEU មាន​ទឹកប្រាក់​ចំនួន ៨៦,៨ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​ ២០២៣ ធ្លាក់ចុះ ១៧ ភាគរយ​ ពី ​១ ​ឆ្នាំទៅ ​១​ ឆ្នាំ​។

មុខទំនិញ​សំខាន់ៗ​នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី រួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ ទំនិញ​ធ្វើដំណើរ ថ្នាំជក់ អង្ករ គ្រឿងអគ្គិសនី គ្រឿងបន្លាស់​រថយន្ត ជ័រកៅស៊ូ ស្ករ ចំណី​សត្វ ប្លា​ស្ទិ​ក យានជំនិះ និង​ក្រដាស​។

យោងតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អារ៉ាប់​រួម​ចំនួន ១៩២ នាក់​កាលពី​ឆ្នាំមុន កើនឡើង ៥៦ ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​ចំនួន ១២៣ នាក់​៕