ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៧ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកសំណើដល់ភាគីម៉ាឡេស៊ី ក្នុងការពិនិត្យមើលលទ្ធភាព បើកជើងហោះហើរត្រង់ឡើងវិញ ជាពិសេសជើងហោះហើរត្រង់ពីអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
នាសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី លោក តាន់ ហ្សង់ ហ្វ្រង់ស្វ័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា-ម៉ាឡេស៊ី មានភាពរីកចម្រើននៅក្នុងវិស័យទេសចរណ៍ ទទួលស្គាល់នូវសក្តានុពលដែលមិនទាន់ប្រើប្រាស់ និងបានព្រមព្រៀងគ្នាប្រគល់ភារកិច្ចឱ្យអាជ្ញាធរទេសចរណ៍នៃប្រទេសទាំង ២ បន្តស្វែងរកកិច្ចសហការរួមគ្នា។
លោកបានមានប្រសាសន៍ថា៖ «និយាយពីវិស័យទេសចរណ៍ កម្ពុជាបានលើកឡើងជាសំណើនូវលទ្ធភាពនៃការបន្ថែមជើងហោះហើរត្រង់ ជាពិសេសជើងហោះហើរត្រង់ពីអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»។
ទាក់ទងនឹងទេសចរណ៍នេះដែរលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៨ ខែកុម្ភៈថា តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរ ក្នុងឆ្នាំ ២០២៣ ភ្ញៀវទេសចរ មកពីប្រទេសម៉ាឡេស៊ី បានជាប់ចំណាត់ថ្នាក់ទី១០ ដែលមានអ្នកទេសចរប្រមាណជិត ៩ ម៉ឺននាក់ ដែលបានមកទស្សនានៅក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «នៅក្នុងចំនួនជិត៩ម៉ឺននាក់នេះ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយកាលពីឆ្នាំ ២០២២ មានតែប្រមាណជាង៥ម៉ឺននាក់ប៉ុណ្ណោះ។ ក្រសួងនឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីម៉ាឡេស៊ីបន្ថែម ដើម្បីយ៉ាងណាបង្កើនជើងហោះហើរត្រង់ជាមួយគ្នាឱ្យបានច្រើន»។
ចំណែក លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា វាជាការល្អណាស់ បើសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រមុខដឹកនាំម៉ាឡេស៊ី ក្លាយការពិតព្រោះថា ម៉ាឡេស៊ី ជាប្រទេសឆ្លងកាត់មួយសម្រាប់ទេសចរមកពីប្រទេសទី៣ ក្នុងការឆ្លងកាត់មកប្រទេសកម្ពុជា។
លោកថា៖ «ភ្ញៀវទេសចរម៉ាឡេស៊ីមកកម្ពុជា មានតិចនៅឡើយ ប៉ុន្តែទើបតែឆ្នាំមុន (ឆ្នាំ ២០២៣) ឃើញភ្ញៀវទេសចរម៉ាឡេស៊ី កើនឡើង និងបានឈានចូលលំដាប់ទី១០ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ។ កន្លងទៅ ម៉ាឡេស៊ី គាត់មិនសូវមកកម្សាន្តនៅកម្ពុជាទេ អាចថា ដោយសារតែទំនៀមទម្លាប់នៃការស្នាក់នៅ និងការហូបចុក របស់ប្រទេសទាំង២ មិនសូវស៊ីគ្នា»។
លោកបានឱ្យដឹងថា កន្លងមក ទេសចរម៉ាឡេស៊ីមកកម្ពុជា តាមរថយន្តដោយឆ្លងកាត់ប្រទេសថៃ។ យ៉ាងណាក្តីព្រលានយន្តហោះម៉ាឡេស៊ី ជាទីតាំងដ៏ល្អ សម្រាប់ភ្ញៀវទេសចរប្រទេសទី៣ ដែលមកពីអឺរ៉ុប និងអាមេរិកជាដើម ក្នុងការឆ្លងកាត់មកកម្ពុជា។
សូមជម្រាបថា បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិ ១០ ប្រទេស បានមកទស្សានាប្រទេសកម្ពុជារួមមាន៖ លំដាប់ទី១ ប្រទេសថៃ (១,៨ លាននាក់),វៀតណាម លំដាប់ទី២ (ជាង ១ លាននាក់),ចិន លំដាប់ទី៣ (ជាង ៥៤ ម៉ឺននាក់)។ ឡាវ លំដាប់ទី៤ (ជាង ៣៧ ម៉ឺននាក់), អាមេរិកលំដាប់ទី៥ (ជាង ១៨ ម៉ឺន),កូរ៉េលំដាប់ទី៦ (ជាង ១៧ ម៉ឺននាក់),ឥណ្ឌូនេស៊ីលំដាប់ទី៧ (ជាង ១២ ម៉ឺននាក់),បារាំងលំដាប់ទី៨ (ជាង ១០ ម៉ឺននាក់),អង់គ្លេសលំដាប់ទី៩ (ជាង ៩ ម៉ឺននាក់) និងប្រទេសម៉ាឡេស៊ី ជាប់លំដាប់ទី១០ (ជិត ៩ ម៉ឺននាក់)៕