ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាល និងផ្នែកឯកជនរំពឹងថា ការហោះហើរត្រង់កម្ពុជា-ឥណ្ឌា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនឹងក្លាយជាសម្ទុះថ្មីក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌ ពាណិជ្ជកម្ម និងលំហូរវិនិយោគ ខណៈប្រទេសទាំង ២ ក៏កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ផងដែរ។
ផែនការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ត្រូវបានលើកឡើងដោយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា លោក កុយ គួង នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា (COA) ក្នុងបេសកកម្មពាណិជ្ជកម្មកាលពីសប្តាហ៍មុន។ លោក គួង បានលើកឡើងថា ការហោះហើរត្រង់នឹងចាប់ផ្តើមនៅពេលណាមួយក្នុងខែមេសា ឬមិថុនា។
លោកបន្ថែមថា ស្ថានទូតបានធ្វើការជាមួយអាជ្ញាធរឥណ្ឌាលើឯកសារ និងបទប្បញ្ញត្តិនៃការហោះហើរ ដែលមានគោលបំណងជំរុញទេសចរណ៍ វប្បធម៌ និងអរិយធម៌រវាងប្រទេសទាំង ២។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ថាប័នលោកបានអនុម័តលើការហោះហើរត្រង់នេះរួចហើយ ខណៈប្រទេសទាំង ២ កំពុងដំណើរការលើឯកសារបច្ចេកទេស។ បើតាមផែនការ គឺនឹងមានជើងហោះហើរត្រង់ ២ រវាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-ញូវដែលី និងអាកាសយានដ្ឋានអន្តរជាតិញូវដែលី-សៀមរាប។
លោកថ្លែងថា៖ «យើងបានអនុម័តរួចហើយលើការហោះហើរត្រង់។ ប៉ុន្តែពួកគេត្រូវស្នើសុំលិខិតអនុញ្ញាតហោះហើរមួយផ្សេងទៀតដោយមានដាក់ព័ត៌មានលម្អិតនៃជើងហោះហើរ និងប្រភេទយន្តហោះសម្រាប់ដំណើរការ។ សម្រាប់ដំណើរការឯកសារ គឺប្រព្រឹត្តទៅដោយរលូន ប៉ុន្តែសម្រាប់ដំណើរការបច្ចេកទេស ពួកគេត្រូវបញ្ជូនព័ត៌មានលម្អិតអំពីការហោះហើរ។ មកដល់ពេលនេះភាគីខាងឥណ្ឌាមិនទាន់ដាក់មកយើងនៅឡើយទេ។ យើងស្វាគមន៍ចំពោះការហោះហើរត្រង់នេះ ព្រោះយើងអាចទាក់ទាញភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើនមកទស្សនាប្រទេសរបស់យើង ខណៈប្រជាជនរបស់យើងក៏អាចធ្វើដំណើរហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌាផងដែរ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំកម្ពុជា លោក ធួន ស៊ីណាន បានស្វាគមន៍ចំពោះចេតនាមានជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដោយសារឥណ្ឌាមានសក្ដានុពលខ្ពស់ទាំងវិស័យទេសចរណ៍ និងការវិនិយោគ ព្រោះជាប្រទេសធំ និងមានប្រជាជនច្រើន។
លោកបញ្ជាក់ថា៖ «ឥណ្ឌាចំណាយប្រាក់ច្រើនលើដំណើរទស្សនកិច្ចរបស់ពួកគេម្តងៗ។ ការណ៍នេះ ភ្ញៀវទេសចរឥណ្ឌាគឺពិតជាមានសក្តានុពលខ្ពស់ ដោយសារគេចំនួនប្រជាជនច្រើន»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ទីផ្សារទេសចរណ៍ប្រទេសឥណ្ឌាមានសក្ដានុពលខ្ពស់ និងជាទីផ្សារទេសចរណ៍ធំ ដោយសារចំនួនប្រជាជនច្រើន ដែលធ្វើឱ្យប្រទេសក្នុងតំបន់កាន់តែមានភាពទាក់ទាញ។
លោកស្រីបញ្ជាក់ថា៖ «នៅពេលភាគីទាំង ២ ជំរុញឱ្យមានជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា វានឹងជួយទាក់ទាញទីផ្សារទេសចរណ៍របស់ឥណ្ឌាកាន់តែច្រើនឱ្យមកទស្សនានៅស្រុកយើង»។
ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ដែលនេះជាគំនិតផ្តួចផ្តើមឡើងរវាងសមាគមឧកញ៉ាកម្ពុជា (COA) និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា-កម្ពុជា តាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជនប្រទេសទាំង ២។
សម្រាប់ក្រុមប្រឹក្សាធុរកិច្ចរួមគ្នានេះមាននាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស (DPIIT) ជាលេខាធិការដ្ឋានសម្រាប់ភាគីឥណ្ឌា ចំណែកសមាគមឧកញ៉ាកម្ពុជា (COA) នឹងបំពេញតួនាទីជាលេខាធិការដ្ឋានសម្រាប់ភាគីកម្ពុជា។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា បានកើនឡើងជាលំដាប់ ដោយសម្រេចបានជិត ៤៨៥,៧ លានដុល្លារ កាលពីឆ្នាំ ២០២៣ កើនឡើង ១០ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ ទិន្នន័យក្រសួងទេសចរណ៍បង្ហាញថា ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៦៨ ៨៣៦ នាក់កាលពីឆ្នាំមុន កើនឡើងជាង ១០២ ភាគរយ ធៀបនឹងឆ្នាំ ២០២២៕