​ភ្នំពេញៈ កម្ពុជា​រកប្រាក់​បានជា​ង ១២០​ ​លាន​ដុល្លារ ​ពី​ការនាំ​ទំនិញ​ទៅ​ប្រទេស​ចិន​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ កើន​ជាង ៥០ ​ភាគរយ​បើ​ធៀប​នឹង​ខែ​​មករា ឆ្នាំមុន ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ជាង ១,១​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ GDCE ឱ្យដឹងថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កម្ពុជា ដោយ​នៅក្នុង​ខែមករា ឆ្នាំ​ ២០២៤ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-ចិន មាន​ទឹកប្រាក់​សរុប ១,១៥ ​ពាន់​លាន​ដុល្លារ កើន ១៨,៧ ​ភាគរយ​បើ​ធៀប​ខែមករា ឆ្នាំ​ ២០២៣ ដែលមាន ៩៧២,៧៤ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ចិន ១២១,៧៣​ លាន​ដុល្លារ កើន ៥០,១​ ភាគរយ ខណៈ​ទំនិញ​ចិន​នាំមក​កម្ពុជា​វិញ​មាន​ប្រមាណ ១,០៣ ​ពាន់​លាន​ដុល្លារ កើនឡើង ១៨,៧ ​ភាគរយ​។​


GDCE ឱ្យដឹងទៀតថា សម្រាប់​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម ប្រចាំខែ​មករា ឆ្នាំ​ ២០២៤ គឺ​កម្ពុ​ជាមាន​ឱនភាព ៩១១,១៦​ លាន​ដុល្លារ ខណៈ​កាល​​ពី​ខែមករា ឆ្នាំ ២០២៣ មាន ៨១០,៥២​ លាន​ដុល្លារ​។

​​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុងនាម​ជា​ប្រទេស​មាន​ទំនាក់ទំនង​ការ​ទូត​ល្អ​(​មិត្ត​ដែកថែប​) និង​ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុ​ធាតុ​សំខាន់​ឱ្យ​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា ចំនួន​ទឹកប្រាក់​នាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ ​បាន​កើន​ជា​លំដាប់ បើទោះបីជា​នៅក្នុង​អំឡុងពេល​សេដ្ឋកិច្ច​ពិភព​លោក​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​នា​ប៉ុន្មាន​ឆ្នាំកន្លងមក​ក៏ដោយ​។


លោក​បាន​បន្ថែមថា សម្រាប់​កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា គឺ​ដោយសារតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ​(CCFTA) និង​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP) ដែល​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​ជា​​ច្រើន​សម្រាប់​ទំនិញ​កម្ពុ​ជា ជា​​ពិសេស​ផលិតផល​កសិកម្ម​។​

​លោក​បញ្ជាក់ថា​៖ «​និន្នាការ​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រ​ទេស​ទាំង​ ២ នឹង​បន្ត​កើន​ថែម​ទៀត​នាពេលខាងមុខ ពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​»​។​

​ទាក់ទង​នឹង​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម លោក លឹម ហេង អះអាងថា លោក​មិន​បារម្ភ​ពី​គម្លាត​ទឹកប្រាក់​នាំចេញ​នាំចូល​ខាងលើ​ទេ ពីព្រោះ​ភាគច្រើន​ទំនិញ​ចិន​នាំមក​កម្ពុជា គឺជា​វត្ថុធាតុដើម ឬ​ផលិតផល​ពាក់​កណ្តាល​សម្រេច​ដែល​គេ​យក​កែច្នៃ ផ្គុំ ឬ​ដំឡើង​ទៅជា​ផលិត​ផល​សម្រេច​ដើម្បី​កម្ពុជា​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ ជាក់​ស្តែង​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ គឺ​កម្ពុជា​បាន​នាំចូល​វត្ថុធាតុដើម​ដូចជា ក្រណាត់ អំបោះ និង​ម្ជុល ជាដើម​មកពី​ប្រទេស​ចិន​។​

​ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ចិន គឺជា​ផលិតផល​កសិកម្ម និង​វាយ​ន​ភណ្ឌ ចំណែក​ការនាំ​ចូល​របស់​ប្រទេស​ចិន គឺមាន​ផលិតផល​ចម្រុះ​ជាច្រើន​ដូចជា វត្ថុធាតុដើម​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ គ្រឿងសំណង់ រថ​យន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​អេឡិចត្រូនិក អគ្គិសនី ឱសថ ចំណីអាហារ ថ្នាំ​គីមីកសិកម្ម ជាដើម​។ នេះ​បើ​យោងតាម​លោក លឹម ហេង​។​

​លោក​បន្ថែមទៀតថា ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទំនិញ បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​ចិន​ជាច្រើន​កំពុង​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ចម្រុះ​ជាច្រើន​ផងដែរ​។​

​អគ្គលេខាធិការ​គណៈកម្មកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក ជា វុទ្ធី ក្នុងជំនួប​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​នៃ​សមាគម​សភា​ពាណិជ្ជកម្ម​ចិន ដែល​ដឹកនាំ​ដោយ លោក Lin Shiqiang ប្រធាន​សមាគម កាលពី​ខែ​​តុលា ឆ្នាំ​ ២០២៣ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​វិស័យ​អាទិភាព​ចម្បង ២ នៅក្នុង​ច្បាប់​វិនិយោគ​ថ្មី​របស់​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​ដែល​វិនិយោគិន​ចិន​គួរ​ចាប់អារម្មណ៍ គឺ​ការវិនិយោគ​ក្នុង​វិស័យ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ និង​ការវិនិយោគ​នៅក្នុង​វិស័យ​កសិកម្ម និង​ការកែច្នៃ ឱ្យ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក ជា វុទ្ធី បាន​ថ្លែងថា​៖ «​ក្នុង​ច្បាប់​វិនិយោគ​ថ្មី វិស័យ​អាទិភាព មាន​ចំនួន ១៩ ដែល​ក្នុងនោះ​មាន​វិស័យ​អាទិភាព ២ ដែល​យើង​កំពុង​ចង់បាន​ខ្លាំង​បំផុត​នោះ គឺ​ទី ​១ ការវិនិយោគ​ក្នុង​វិស័យ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ប្រកបដោយ​នវានុវត្តន៍ និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ និង​ទី​២ ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ឧស្សាហកម្ម​ច្នៃ​ចំណី​​អាហារ​ដែល​បម្រើ​ទីផ្សារ​ក្នុងស្រុក ឬ​ការនាំចេញ​»​។​

​បើតាម​លោក ជា វុទ្ធី ដើម្បី​សម្រួល​ទៅដល់​វិនិយោគិន​ចិន បច្ចុប្បន្ន​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏មាន​តុ​ចិន (China Desk) សម្រាប់​ផ្តល់​ការប្រឹក្សា​ជូន​វិនិយោគិន​ចិន​ផងដែរ​។​

​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ទុនវិនិយោគ​របស់​ជ​ន​ជាតិចិន បាន​នាំមុខគេ​ក្នុងការ​វិនិយោគ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា ដោយមាន​ចំណែក​ប្រ​ហែល ៤៥ ​ភាគរយ​នៃ​ចំនួន​សរុប ១៨៥,៧​ ទ្រី​លាន​រៀល តាម​ពីក្រោយ​ដោយ​វិនិយោគិន​​កូរ៉េ​, សិង្ហ​បុរី​, ជប៉ុន វៀតណាម ម៉ាឡេស៊ី និង​ថៃ ជាដើម​។​

​ទិន្នន័យ​របស់ GDCE ក្នុង​ឆ្នាំ ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ១២,២៦ ពាន់​លាន​ដុល្លារ កើន​ ៥ ​ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ចិន ១,៤៨ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩,២​ ភាគរយ និង​ទំនិញ​ចិន​នាំមក​កម្ពុជា​ចំនួន ១០,៧៩ ​ពាន់​លាន​ដុល្លារ កើន ៣,៣ ​ភាគរយ​៕