ភ្នំពេញ​៖ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​ច្រើន​មកពី​ក្នុង​តំបន់ និង​សកលលោក សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) នឹង​រៀបចំ​កម្មវិធី «ASEAN Top Table Sale Business Matching» ដែលជា​កម្មវិធី​ប្តូរ​វេន​ជា​លើកដំបូង​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមីនា ដោយ​រំពឹងថា​ នឹងមាន​ក្រុមហ៊ុន​ទេសចរណ៍​ក្រៅប្រទេស​ចំនួន ៣០ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​អាស៊ាន​រាប់ពាន់​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ​ថា ព្រឹត្តិការណ៍​ដែលជា​ការផ្គូផ្គង​អាជីវកម្ម​ខ្នាតតូច នឹង​រួមចំណែក​ផ្សព្វផ្សាយ និង​ទាក់ទាញ​អ្នកទិញ​កាន់តែច្រើន​ក្នុងចំណោម​តំបន់​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​ច្រើន មកពី​តំបន់ និង​អឺរ៉ុប​មក​កម្ពុជា​។​


លោក​ថ្លែងថា​៖ «​យើង​សម្រេចចិត្តថា នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ ​ក្នុង​រយៈពេល​ ២​ ថ្ងៃ​នៅ​ខេត្តសៀមរាប និង​រយៈពេល​២​ថ្ងៃ​ទៀត​នៅ​ភ្នំពេញ ដើម្បី​អនុញ្ញាតឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងស្រុក​របស់​យើង​មានឱកាស​ក្នុងការ​ផ្គូ​ផ្គង់​ការធ្វើ​អាជីវកម្ម និង​ទាក់ទាញ​ដៃគូ​កាន់តែច្រើន​មកពី​បណ្តា​ប្រទេស​អាស៊ាន ដើម្បីឱ្យ​ពួកគេ​អាចធ្វើ​ការរួម​គ្នា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​រួមគ្នា​កាន់តែច្រើន​បន្ថែមទៀត​»​។​

​លោក​លើកឡើងថា​៖ «​យើង​បានរៀបចំ​ព្រឹត្តិការណ៍​បែបនេះ​អស់​រយៈពេល​ជាង​ ១​ ទសវត្សរ៍​មកហើយ​។ ប៉ុន្តែ​វេទិកា​ថ្មី​នៅពេលនេះ យើង​រៀបចំ​ឱ្យមាន​ការប្តូរ​វេន​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។ យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​រៀងរាល់ខែ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការធ្វើ ទីផ្សារ​របស់ខ្លួន​នៅក្រៅ​ប្រទេស ដូចដែល​យើង​ដឹងថា​យើង​ចំណាយ​ច្រើន​នៅពេល​យើង​ចូលរួម​ព្រឹត្តិការណ៍​ណាមួយ​នៅក្រៅ​ប្រទេស ដូច្នេះហើយ​ទើប​យើង​រៀបចំ​ការផ្គូផ្គង​អាជីវកម្ម​ទេសចរណ៍​នេះ​នៅក្នុង​ប្រទេស​របស់​យើង​»​។


​លោក ម៉េ​ត សុជាតិ ម្ចាស់​ក្រុមហ៊ុន Wing Premium Travel & Tours បញ្ជាក់​ពី​ការចូលរួម​របស់​ក្រុមហ៊ុន​របស់លោក នៅក្នុង​ព្រឹត្តិការណ៍​នៅពេល​ខាងមុខនេះ ព្រោះថា ព្រឹ​តិ្ត​ការណ៍​នេះ ​នឹង​អនុញ្ញាតឱ្យ​រូបលោក​ស្វែងរក​ដៃគូ​បន្ថែមទៀត​ដែលជា​អ្នកលក់​ក្រៅប្រទេស​នៅក្នុង​តំបន់​។ 

លោក​បន្ថែមថា​៖ «​វា​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងស្រុក​របស់​យើង​ក្នុងការ​ចូលរួម​ដោយផ្ទាល់ និង​ចែករំលែក​ផលិតផល​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​រប​ស់​យើង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន​មក​ប្រទេស​របស់​យើង​។ លើសពីនេះទៅទៀត ខ្ញុំ​មិន​ចំណាយ​ប្រាក់​ច្រើន​ក្នុងការ​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​នានា​នៅ​បរទេស​ដែល​ចំណាយ​ប្រាក់​ច្រើន​នោះ​ទៀត​ទេ​»​។​

កាលពី​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ជាង ៥,៤ លាន​នាក់ កើនឡើង​ជិត ១៤០ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២២​។ ការ​ស្ទុះ​ងើបឡើង​វិញ​នេះ ​ភាគច្រើន​ត្រូវបាន​សន្មត​ថា ​ជា​ភ្ញៀវ​មកពី​ប្រទេស​អាស៊ី​ចំនួន ៤ ដែលមាន​ចំនួន​សរុប​ចំនួន ៦៨,៩ ភាគរយ​នៃ​ភ្ញៀវទេសចរ​បរទេស​ទាំង​អស់​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

តួលេខ​ផ្លូវការ​របស់​ក្រសួង​បង្ហាញថា កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ចំនួន ៥,៤៥៣,២៣១​ ​នាក់ កាលពី​ឆ្នាំ​២០២៣ កើនឡើង ១៣៩,៥ ភាគរយ​បើ​ធៀប​នឹង​ចំនួន ២,២៧៦,៦២៦​ នាក់ កាលពី​ឆ្នាំ​២០២២​។​

​ថៃ​ជា​ប្រទេស​ដែលមាន​ភ្ញៀវទេសចរ​ច្រើនជាងគេ ចំនួន ១ ៨២០ ៤៦០ នាក់ ស្មើនឹង ៣៣,៤ ភាគរយ​នៃ​ចំនួន​សរុប បន្ទាប់មក​គឺ​ប្រទេស​វៀតណាម មាន​ចំនួន ១ ០១៩ ៨១២ នាក់ (១៨,៧ ភាគរយ​) ប្រទេស​ចិន​មាន​ចំនួន ៥៤៧ ៧៩៨ (១០ ភាគរយ​) និង​ប្រទេស​ឡាវ មាន​ចំនួន ៣៧២ ២៨៥ នាក់ (៦,៨ ភាគរយ​)​។​

ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ថៃ បាន​កើនឡើង ១១៣,៣ ភាគរយ វៀតណាម ១១៩,៨ ភាគរយ ចិន ៤១២,៦ ភាគរយ និង​ឡាវ ៣០២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២២​។ ប្រទេស​ជា​ប្រភព​ភ្ញៀវទេសចរ​សំខាន់ៗ​ផ្សេង​ទៀត​រួមមាន អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភព​អង់គ្លេស និង​ម៉ាឡេស៊ី​។ នេះ​បើ​យោងតាម​ក្រសួង​៕