សមាគម​ស្វាយចន្ទី​កម្ពុជា ​(​ស​.​ស​.​ក​)​ បានបង្ហាញ​ពី​ក្តី​រំពឹង​ខ្ពស់ ចំពោះ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក ថា​នឹង​អាច​ទាក់ទាញ​បាន​នូវ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​បន្ថែម ក្នុងការ​វិនិយោគ​លើ​ការកែច្នៃ​បង្កើត​រោងចក្រ​ស្វាយចន្ទី​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ស្វាយចន្ទី​កែច្នៃ​រួច និង​កាត់បន្ថយ​ការនាំចេញ​គ្រាប់​ឆៅ​នាពេលខាងមុខ​។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ នេះ​ថា សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​ ១-៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ក្នុងការ​បង្ហាញ​ពី​សក្តានុពល​ស្វាយចន្ទី​កម្ពុជា ទៅកាន់​ពិភពលោក ខណៈដែល​សន្និសីទ​នេះ មាន​ប្រទេស​ចូលរួម​ប្រមាណ​៤០​ប្រទេស​។


លោក​បាន​បញ្ជាក់ថា​៖ «​ស​.​ស​.​ក​. រំពឹង​ខ្ពស់ អំពី​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​លើក​ទី​១០ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប​នេះ ប្រទេស​កម្ពុជា​យើង​នេះ ពីព្រោះថា យ៉ាងហោចណាស់​យើង​បានឱ្យ​ពិភពលោក បាន​ស្គាល់​អំពី​សក្តានុពល​ស្វាយចន្ទី​កម្ពុជា ហើយ​ពួកគាត់​អាច​ងាក​មករក​តំបន់​ប្រទេស​ដែលជា​ម្ចាស់​នៃ​ផលិតផល​វត្ថុធាតុដើម​ស្វាយចន្ទី​»​។

លោក​បាន​បន្ថែមថា ក្រុមការងារ​ស្វាយចន្ទី បាន​ដឹកនាំ​គណៈប្រតិភូ​មកពី​ក្រៅប្រទេស​ទាំងនោះ​ទៅ​ទស្សនកិច្ច​នៅ​ចម្ការ​ស្វាយចន្ទី​ដោយផ្ទាល់ នៅក្នុង​ខេត្តសៀមរាប ដើម្បីឱ្យ​ពួកគេ​បាន​ស្វែងយល់​អំពី​ការដាំដុះ​ស្វាយចន្ទី​នៅ​កម្ពុជា ថា​ហេតុអ្វី​បាន​កម្ពុជា ផលិត​បាន​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ និង​មាន​គុណភាព​បែបនេះ​។


លោក​បាន​ប្រាប់​បន្ថែម​បែបនេះ​ថា​៖ «​ក្រុម​គណៈប្រតិភូ​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ស្វាយចន្ទី​ប្រភេទ​ពូជ M២៣ របស់​យើង ដែលជា​ពូជ​តំណាង​ជាតិ មាន​គ្រាប់​ធំ និង​មានគុណ​ភាពល្អ​។​យើង​កំពុងតែ​ដើរ​នៅលើ​ផ្លូវត្រូវ​ហើយ ដោយ​កន្លងទៅ​យើង​បាន​ទាក់ទាញ​អ្នកវិនិយោគ​មក​វិនិយោគ​បើក​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា រួមមាន​ដូចជា CS&C របស់​សិង្ហ​បុរី​, Mirat របស់​ជប៉ុន និង​Kampu Nut របស់​ចិន ខណៈដែល​យើង​ត្រូវការ​រោងចក្រ​បែបនេះ ប្រមាណ​៣០​ទៀត ទើប​អាច​គ្រប់គ្រាន់​សម្រាប់​ការកែច្នៃ​វត្ថុធាតុដើម​ដែល​យើង​មាន​»​។

បើតាម​លោក ស៊ី​ឡុ​ត នៅ​ឆ្នាំ​ ២០២៣​ នេះ ស្វាយចន្ទី​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លំដាប់​ទី​៣ ក្នុង​ពិភពលោក ក្នុងនាម​ជា​ប្រទេស​ដែល​បាន​ផលិត​គ្រាប់ស្វាយចន្ទី​ឆៅ​ច្រើនជាងគេ ខណៈដែល​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២២ កម្ពុជាបាន​ជាប់​លេខ​ ១​។

លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ ក៏បាន​ថ្លែង​ដែរ​ថា ការលើកទឹកចិត្ត និង​ផ្តល់​កិច្ច​សម្រួល​ដល់​ការវិនិយោគ​បរទេស និង​ក្នុងស្រុក នឹងចូលរួម​ចំណែក​ទា​ក់​ទាញ​សកម្មភាព​វិនិយោគ​ជាពិសេស​ស្វាយចន្ទី​ឱ្យ​កាន់តែ​រីក​ធំធាត់ និង​មាន​ភាពរឹងមាំ​។

នៅក្នុង​អំឡុងពេល​កិច្ចពិភាក្សា នា​សន្និសីទ​នេះ លោក​បាន​បរិយាយ​អំពី​ឧត្តមភាព​ប្រៀបធៀប និង​សក្តានុពល​ក្នុងការ​ជ្រើស​យក​កម្ពុជា​ជាទី​តាំង​វិនិយោគ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​កែច្នៃ​ស្វាយចន្ទី រួមទាំង​ការបង្ហាញ​ពី​កញ្ចប់​លើកទឹកចិត្ត​លើ​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​ការផលិត និង​កែច្នៃ​ស្វាយចន្ទី​ផងដែរ​។

នាឱកាស​បើក​សន្និសីទ​ស្វាយចន្ទី​នេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​រំឭក​ពី​ការណែនាំ​របស់ លោកនាយក​រដ្ឋមន្ត្រី ដល់​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​.) ក្នុងការ​ដាក់ចេញ​វិធានការ​ចាំបាច់​ចំនួន ៤ ក្នុង​ការជំរុញ​ការកែច្នៃ និង​ការនាំចេញ​ផលិតផល​ស្វាយចន្ទី​។

ក្នុងនោះ​រួមមាន (១).​ការពង្រឹង និង ការពង្រីក​ការនាំចេញ​គ្រាប់ស្វាយចន្ទី ដោយ​ចាប់ផ្តើម​ពី​ផលិតផល​ពាក់កណ្តាល​ស​ម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ស្ងួត ហើយ​ក្នុង​ជំហាន​បន្ទាប់​, បន្ត​ពង្រឹង និង ពង្រីក​ការកែច្នៃ​គ្រាប់ស្វាយចន្ទី ក្នុង​បរិមាណ​ដែល​អាច​ផ្តល់ទុន​បាន (២). ​ការបន្ត​ពង្រឹង​ការធ្វើ​ម៉ាក និង ទីផ្សារ​ផលិតផល​គ្រាប់ស្វាយចន្ទី​កម្ពុជា (Branding and Marketing) (៣).​ ការជំរុញ​ការ​ចងក្រង និង ការបង្កើត​សហគមន៍​កសិករ​ស្វាយចន្ទី​ថ្មី និង (៤).​ ការពិនិត្យ​លទ្ធភាព ក្នុងការ​បង្កើន​ទុន​បង្វិល សម្រាប់​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី ដើម្បី​កែច្នៃ និង ទុនវិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ស្តុក និង កែច្នៃ​គ្រាប់ស្វាយចន្ទី​។

របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ប្រមាណ ៤៧២  ៩៤៦ ហិកតា និង​ទទួលបាន​ទិន្នផល​សរុប​ចំនួន ៧០៩ ៤១៩​ តោន ចំណែកឯ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តជាតិ​បាន​ចំនួន​ប្រមាណ ៦៥៦ ០០០ តោន ទៅកាន់​ប្រទេស ចិន ជប៉ុន បង់​ក្លា​ដែ​ស ឥណ្ឌា វៀតណាម និង​ថៃ និង​គ្រាប់ស្វាយចន្ទី​កែច្នៃ​ទៅកាន់​ប្រទេស ចិន សាធារណរដ្ឋ​ឆែក ជប៉ុន កូរ៉េខាងត្បូង ហូ​ឡង់ វៀតណាម និង​សហរដ្ឋអាមេរិក​៕​