កម្ពុជាបានទទួល​ពានរង្វាន់​ទេសចរណ៍​អាស៊ាន​ចំនួន​ ៤​ ប្រភេទ ក្នុងចំណោម​ពាន​សរុប​ចំនួន ​២៥ នៅឯ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២៤ នៅ​ប្រទេស​ឡាវ ដែល​ពានរង្វាន់​នោះ ត្រូវបាន​ទៅលើ​ទីក្រុង​កំពត ខេត្តកំពត​, ទីក្រុង​កែប ខេត្ត​កែប​និង​ខណ្ឌដូនពេញ​នៃ​រាជធានី​ភ្នំពេញ​។ 
 
​ពិធី​ប្រគល់​ពានរង្វាន់ ធ្វើឡើង​នៅ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ “​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ​៖ ធានា​និរន្តរភាព​នៃ​អនាគត​អាស៊ាន កាលពី​ថ្ងៃទី​ ២៣-២៧ ខែមករា ឆ្នាំ ២០២៤ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទេសចរណ៍​មកពី​ប្រទេស​សមាជិក​អាស៊ាន អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​) ឥណ្ឌា រួមទាំង ប្រទេស និង​អង្គការ​ដៃគូ​មួយចំនួនទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នេះ​។

សូមជម្រាបថា ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន សរុប​ចំនួន​ ២៥​ ពាន ក្នុងនោះ​រួមមាន សណ្ឋាគារ​បៃតង​អាស៊ាន ចំនួន​ ៥, ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ចំនួន​ ៣, ស្តង់ដា​អាស៊ាន​ម៉ា​យ (MICE) ប្រភេទ​បន្ទប់​ប្រជុំ​ចំនួន ៥, ស្តង់ដា​អាស៊ាន​ម៉ា​យ​, ប្រភេទ​ទីតាំង​ពិព័រណ៍​ចំនួន​ ៥​ ស្តង់ដា​អាស៊ាន​ម៉ា​យ ,​ប្រភេទ​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​ចំនួន ​៥ និង​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​អាស៊ាន​ចំនួន ​២​។


ពានរង្វាន់​ដែល​កម្ពុជា​ទទួលបាន​នោះ​រួមមាន ខណ្ឌដូនពេញ ទីក្រុង​កែប និង​ក្រុង​កំពត  ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៤​ ឆ្នាំ ​២០២៤​។

ក្រោយ​ទទួលបាន​ពានរង្វាន់​នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​ចូលរួម​អបអរ​សារ​ចំពោះ​ពានរង្វាន់​នេះ​ផងដែរ​។


ដោយឡែក​ទាក់ទង​ភ្ញៀវទេសចរ​វិញ អាស៊ាន ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ប្រមាណ ៩៣,៧ លាន​នាក់ ក្នុង​ឆ្នាំ ​២០២៣ ជាមួយ​អត្រាកំណើន ១៥៣,២៣​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២ ខណៈដែល​ការអនុវត្ត​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ក្រោយ​វិបត្តិ​កូ​វីដ ​១៩ សម្រេចបាន​ចំនួន​ជាង ៦០​ ភាគរយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តី ពី​លទ្ធផល​នៃ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៧​។

លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​វេទិកា​នេះ បាន​បញ្ជាក់ថា​៖ «​ក្នុង​ក្របខ័ណ្ឌ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី​លើក​ទី​២៣ អង្គ​ប្រជុំបាន​អបអរសាទរ ចំពោះ​ការសម្រេចបាន​នូវ​ការអនុវត្ត ៦១,៥​ភាគរយ នៃ​ផែនការ​សកម្មភាព​លើ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន បូក​បី ២០២១-២០២៥»​។

ជាមួយគ្នា​នោះ អង្គប្រជុំ​ខាងលើ​បាន​កោតសរសើរ​ចំពោះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​ដូចជា ១). ការដាក់ឱ្យ​ដំណើរការ​គេហទំព័រ​ផ្សព្វផ្សាយ​ទីផ្សារ​ទេសចរណ៍​អាស៊ាន​-​ចិន ២). ការរៀបចំ​កិច្ចប្រជុំ ពិសេស​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ជប៉ុន និង ៣). ការរៀបចំ​វេទិកា​គោលនយោបាយ​កម្រិត​ខ្ពស់​ស្ដីពី​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព អង្គប្រជុំ​ក៏បាន​ឯកភាព​ជំរុញ​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុងការ​អភិវឌ្ឍ ធនធានមនុស្ស ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ការសិក្សា​និង​ផ្សព្វផ្សាយ​ទីផ្សារ ការបណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ឡើងវិញ និង​ការធ្វើ​បរិវត្ត​កម្ម​ទេសចរណ៍​អាស៊ាន​។

បើតាម​សេចក្តីប្រកាស​ដដែល ក្នុង​ក្របខ័ណ្ឌ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា​ លើក​ទី​១១ និង​អាស៊ាន​-​រុស្ស៊ី​ លើក​ទី​៣ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ឯកភាព​លើ​ការពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន និង​ឥណ្ឌា​លើ​វិស័យ​ដឹកជញ្ជូន​តាមរយៈ​ផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក ដើម្បី​បង្កើន និង​សម្របសម្រួល​ការធ្វើដំណើ​រ និង​ជំរុញ​លំហូរ​ភ្ញៀវទេសចរ​ទៅវិញទៅមក អម​ជាមួយ ការអនុវត្ត​ផែនការ​សកម្មភាព​រួម​អាស៊ាន​-​ឥណ្ឌា ២០២៣-២០២៧ និង​ជំរុញ​ការបង្កើត​សកម្មភាព​រួមគ្នា ដើម្បី​បន្ត​ពង្រឹង​និរន្តរភាព​ទេសចរណ៍​អាស៊ាន និង​ឥណ្ឌា​។

បើតាម​ក្រសួងទេសចរណ៍ សម្រាប់​ឆ្នាំ​ ២០២៤-២០២៥ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​ដឹកនាំ​គណៈកម្មាធិការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ខណៈដែល​ឆ្នាំ​ ២០២២-២០២៣ កន្លងមក កម្ពុជា​គឺជា​ប្រធាន​គណៈកម្មាធិការ​ជំរុញ​ភាព​ប្រកួតប្រជែង​ទេសចរណ៍​អាស៊ាន​៕​