មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងតំណាងក្រុមហ៊ុន Royal Caribbean Group របស់សហរដ្ឋអាមេរិក បានពិភាក្សាលើកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈកប៉ាល់ទេសចរណ៍ (Cruise Tourism) ជាពិសេសការនាំយកកប៉ាល់ទេសចរណ៍របស់ក្រុមហ៊ុននេះមកទស្សនា និងចូលចតនៅខេត្តព្រះសីហនុ។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅជំនួបរវាង លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ និងលោក Joni Gevriye តំណាងក្រុមហ៊ុន Royal Caribbean Group កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ជួប រតនា បានបង្ហោះខ្លឹមសារនៃជំនួបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កិច្ចប្រជុំបានឯកភាពលើនីតិវិធីបន្ទាប់ដើម្បីចុះត្រួតពិនិត្យទីតាំងចូលចតជាក់ស្តែង និងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់ធ្វើជារបាយការណ៍សង្ខេបពីលក្ខណៈបច្ចេកទេស និងសេវាកម្ម ដើម្បីឱ្យការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Royal Caribbean Group ត្រួតពិនិត្យ មុននឹងសម្រេចដាក់ខេត្តព្រះសីហនុ ចូលទៅក្នុងកញ្ចប់ធ្វើដំណើរទេសចរណ៍របស់ក្រុមហ៊ុននៅពេលខាងមុខ។
តាមរយៈកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុន Royal Caribbean Group បានលើកឡើងពីចំណុចគន្លឹះសំខាន់ៗដែលត្រូវសិក្សាដើម្បីបង្កលក្ខណៈដល់ការចូលចតនៅខេត្តព្រះសីហនុ និងការទាក់ទាញកញ្ចប់ទេសចរណ៍រួមមាន (១)ពិនិត្យលក្ខណៈបច្ចេកទេសផែចូលចត កប៉ាល់ទេសចរណ៍ (២)បែបបទអន្តោប្រវេសន៍សម្រាប់ទេសចរចូលទស្សនាខេត្តព្រះសីហនុ និងការតភ្ជាប់កញ្ចប់ទស្សនាទៅគោលដៅនានា (៣) បែបបទគយសម្រាប់ត្រួតពិនិត្យអំឡុងពេលចូលចត និង(៤)ទំនាក់ទំនងជាមួយទីភ្នាក់ងារសម្របសម្រួលកំពង់ផែ (Port Agents) និងទីភ្នាក់ងារទេសចរណ៍សម្រាប់លក់កញ្ចប់ទស្សនាខេត្តព្រះសីហនុ ឬគោលដៅតភ្ជាប់នានា។
បើតាម លោក ជួប រតនា ក្រុមហ៊ុន Royal Caribbean Group ជាក្រុមហ៊ុនយក្សលំដាប់ទីពីរលើពិភពលោកខាងវិស័យកប៉ាល់ទេសចរណ៍ និងបានដំណើរការទេសចរតាមកប៉ាល់ នៅទូទាំងពិភពលោកតាមរយៈកប៉ាល់ទេសចរសរុបចំនួន ២៨ កប៉ាល់។ លោករំពឹងទុកថា៖«ការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនខាងលើ នឹងនាំភ្ញៀវទេសចរជុំវិញពិភពលោកទស្សនាខេត្តព្រះសីហនុ និងទទួលយកបទពិសោធន៍ថ្មីពីគោលដៅតារារះនាទិសនិរតី ខណៈរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍខេត្តព្រះសីហនុឱ្យប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ»។
ជុំវិញកិច្ចពិភាក្សានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ នេះ បានស្វាគមន៍ចំពោះក្រុមហ៊ុន Royal Caribbean Group ដែលបានមកពិភាក្សាលើកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈកប៉ាល់ទេសចរណ៍ ជាពិសេសការនាំយកកប៉ាក់ទេសចរណ៍របស់ក្រុមហ៊ុនមកទស្សនា និងចូលចតនៅខេត្តព្រះសីហនុ។ លោកមានប្រសាសន៍ថា៖«ខ្ញុំយល់ថា នេះជារឿងល្អ សម្រាប់វិស័យទេសចរណ៍កម្ពុជា ទោះក្នុងកម្រិតណាក៏ដោយ ឱ្យតែនាំទេសចរមកកម្ពុជា គឺជារឿងល្អបំផុត ព្រោះបាននាំចំណូលដល់ប្រជាពលរដ្ឋ»៕