​ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន ជិត ៥,៥ ​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​​អង្គរ​នៅក្នុង​ខែមករា ឆ្នាំ​ ២០២៤ កើនឡើង​ជាង​ពាក់កណ្តាល ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ នេះ​បើតាម​ទិន្នន័យ​របស់​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរ​ណ៍ និង​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ការប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅ​កំ​ពង់​ផែ​ចុង​ឃ្នៀ​ស​។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, ៣ ​ថ្ងៃ​តម្លៃ ៦២​ ដុល្លារ និង ៧​ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ​។​


​សេចក្តីប្រកាស​ព័ត៌មាន​នៃ​​គ្រឹះស្ថាន​អង្គរឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរ​ទេស​ចំនួន ១១៥ ៥៣២​ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ៤៩,២ ​ភាគរយ​បើ​ធៀប​នឹង​ខែ​មករា ឆ្នាំ ​២០២៣ ចំណែក​ប្រា​ក់បាន​ពី​ការលក់​សំបុត្រ​មាន​ចំនួន​ជិត ៥,៥ ​លាន​ដុល្លារ កើនឡើង ៥០,៩ ​ភាគរយ​។ ទោះជា​យ៉ាង​ណា​ចំនួន​នេះ​នៅ​ទាប​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលជា​អំឡុងពេល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ច្រើន ដោយ​ក្នុង​ខែមករា ឆ្នាំ​ ២០១៩ គ្រឹះស្ថាន​អង្គរ​រកចំណូលបាន ១២,៣៨​ លាន​ដុល្លារ ពី​ភ្ញៀវ​ទិញ​សំបុត្រ​ចំនួន ២៧១ ០៥០ ​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន ឱ្យដឹងទៀតថា ក្រៅពី​ចំណូល​ខាងលើ​គ្រឹះស្ថាន​អង្គរ​ក៏​រកចំណូលបាន ៤៣ ៤១០​ ដុល្លារ​ផងដែរ​ពី​ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះកែរ​, និង​ចំនួន ១០១ ៨៥៤ ​ដុល្លារ​ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។​


​លោក អន​ហេង សុ​ភ័​ក្រ ប្រ​ធាន​សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេស​ចរណ៍​ភាសា​ចិន​កម្ពុជា បានឱ្យ ភ្នំពេញ​ប៉ុស្តិ៍​ដឹង នៅ​ថ្ងៃទី ​៤ ខែ​កុម្ភៈ​ថា ភ្ញៀវទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្សាន្ត​តាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប នា​ដើម​​ឆ្នាំ​ ២០២៤ គឺ​ពិតជា​កើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។​

​លោក​ថ្លែងថា​៖ «​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ខ្ញុំ​សង្កេតឃើញ​ភ្ញៀវ​ទេសចរ​បរទេស​ច្រើនជាង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ភ្ញៀវ​ភាគ​ច្រើន​មកពី​តំបន់​អឺរ៉ុប ខណៈ​ជនជាតិ​ចិន​នៅមាន​ចំនួន​តិច​តួច ដោយ​វា​ខុសប្លែក​ខ្លាំង​ទៅនឹង​មុន​ឆ្នាំ ​២០២០ ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ជនជាតិ​ចិន​»​។​

​លោក​ប្រាប់ទៀតថា ចំពោះ​រយៈពេល​ស្នាក់នៅ​របស់​ភ្ញៀវ​ចិន គឺមាន​រយៈពេល​យូរថ្ងៃ​ជាង​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ ព្រោះ​នៅពេលនេះ​មិនសូវមាន​ជើង​ហោះ​ត្រង់​ពី​ប្រទេស​ចិន​មក​ខេត្តសៀមរាប​ដូច​មុន ដូច្នេះ​វា​តម្រូវឱ្យ​ពួកគេ​ត្រូវធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ មុន​បន្ត​ដំ​​ណើ​រម​ក​ខេត្តសៀមរាប​។​

​លោក សុ​ភ័​ក្រ មានជំនឿថា ក្នុង​ឆ្នាំ​ ២០២៤ ​នេះ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​បរទេស​កាន់តែច្រើន ហើយ​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ក៏​នឹងមាន​ប្រាក់​ចំ​ណូ​ល​ច្រើន​ឡើងវិញ​ដែរ​។ ​​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ថា ទោះបី​ការ​គំរាម​កំហែង​ពី​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ លើ​ពិភពលោក​បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​វិបត្តិ​ថ្មីៗ​ដែល​កើតជា​បន្តបន្ទាប់​នៅក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ពិតជា​បន្ត​ដាក់​សម្ពាធ​លើ​វិស័យ​ទេសចរណ៍​ពិភពលោក​។​

​លោក​បន្តថា ស្ថិតក្នុង​ស្ថាន​​ភាព​នេះ​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ការផ្សព្វផ្សាយ​ថែមទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត និង​មក​វិនិយោគ​កាន់តែច្រើន​។ បច្ចុប្បន្ន​កម្ពុជា​មា​នក​ន្លែ​ង​ដែលមាន​សក្តា​នុ​ពល​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យមក​កម្សាន្ត​ហើយ ប៉ុន្តែ​ការរៀប​ចំ និង​អភិវឌ្ឍន៍​កន្លែង​ទាំងនោះ​ឱ្យ​កាន់​តែមាន​សម្រស់ និង​បរិ​ស្ថាន​ល្អ​ក៏​ជា​រឿង​ចាំបាច់​ដែរ​។​

​លោក​ប្រាប់ថា​៖ «​ដើម្បី​បង្កើន​សក្តានុពល​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យបាន​កាន់តែច្រើន គឺ​ទាមទារ​ឱ្យ​ផ្នែក​ពាក់ព័ន្ធ​រួមគ្នា​រៀបចំ​បរិស្ថាន​ក្នុងប្រទេស​ឱ្យ​កាន់តែ​ល្អ​ថែមទៀត ដោយ​រាប់​បញ្ចូល​ទាំង​កត្តា​សន្តិសុខ បរិ​ស្ថាន​អនាម័យ និង​ការបង្កើន​ផលិតផល​វត្ថុ​អនុស្សាវរីយ៍​មានគុណ​ភាពជា​ដើម​»​។​

​នៅក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​​បរទេស ៧៩៨ ០៦៩​ នាក់​បាន​ទិញ​សំបុត្រ​ចូល​រមណីយដ្ឋាន​​អង្គរ កើន ១៧៧,៦៣​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០២២ ចំណែក​ប្រាក់​ប្រមូលបាន​ពី​ការលក់​សំ​បុត្រ ៣៧,២ ​លាន​ដុល្លារ កើន​ ២២២,៦៨ ​ភាគរយ​។ ក្រៅពី​ចំណូល​ខាងលើ គ្រឹះស្ថាន​អង្គរ ក៏​រកបាន ២២២ ០៩០​ ដុល្លារ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ប្រាសាទ​កោះ​កេរ​, និង ៥៦៤ ៦៧១ ​ដុល្លារ​ពី​ការ​​លក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​​ចុង​ឃ្នៀ​ស​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​៕