​ភ្នំពេញៈ ផែនការ​បញ្ចប់​ការ​សាងសង់​ចំណត​អ្នកដំណើរ​ថ្មី​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះសីហនុ នៅត្រឹម​ឆ្នាំ​ ២០២៦ គឺជា​វិធានការ​មួយ​ដើម្បី​ទាញយក​សក្តានុពល​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​មក​កម្សាន្ត​តំបន់ឆ្នេរ​ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​។​

​ក្រុមហ៊ុន VINCI Airports គឺជា​ភាគ​ហ៊ុ​និក​ដ៏​ធំ​នៃ​ក្រុមហ៊ុន Cambodia Airports ដែល​បាន​គ្រប់គ្រង​ព្រលានយន្តហោះ​អន្តរជាតិ​ក្នុងប្រទេស​កម្ពុ​ជា ជាង ២០​ ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ក្រុមហ៊ុន​នេះ​បានទទួល​សម្បទាន​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋា​ភិ​បាល​តាំងពី​ឆ្នាំ ​១៩៩៥​។​


​លោក Emmanuel Menanteau ប្រធាន​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន VINCI បាន​ជួប​លោក ស៊ុន ចាន់ថុល ឧបនាយក​​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ​នៃ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ បាន​ពិភាក្សា​អំពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​លើ​វិស័យ​អា​កាស​ចរណ៍​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។​

​លោក Emmanuel បាន​ជម្រាបជូន​លោក ចាន់ថុល ថា បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះ​សី​ហ​នុ ដោយ​គ្រោង​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​ ២០២៦ ខណៈ​លោក ស៊ុន ចាន់ថុល បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការ​វិ​និ​យោគ​របស់​ក្រុមហ៊ុន ជាពិសេស​ផែនការ​ពង្រីក​របស់​ក្រុមហ៊ុន​ដែល​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការពង្រីក​ការវិនិយោគ​លើ​ព្រលានយន្តហោះ​។ លោក​ពន្យល់ថា បច្ចុប្បន្ន​ទោះបី​វិស័យ​ទេសចរណ៍​ត្រូវបាន​កែលម្អ​ជា​បណ្តើរៗ ក៏​វា​មិនទាន់​ឈានដល់​កម្រិត​មុន​វិបត្តិ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ​១៩ ដែល​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​រាប់​លាន​នាក់ ជា​ពិសេស​មកពី​តំបន់​អឺរ៉ុប​។​

​លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​មាន​ផែនការ​យុទ្ធសាស្ត្រ​របស់​ពួកគេ ខណៈ​ពួកគេ​ព្យាករ​ថា ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​តំបន់ឆ្នេរ​នឹង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដូច្នេះ​ផែនការ​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ថ្មី​នេះ នឹង​ឆ្លើយតប​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​»​។​

​រយៈពេល​ជាង ២០ ​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន VINCI Airports បាន​ដំណើរ​​ការ​ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន ៣ នៅ​ប្រទេស​កម្ពុជា តាមរយៈ Cambodia Airports ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​។ បន្ទាប់ពី​ក្រុមហ៊ុន VINCI Airports បាន​វិនិយោគ ២៧០​ លាន​អឺរ៉ូ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ព្រលាន​យន្តហោះ​ទាំង ​៣ ទទួល​អ្នកដំណើរ​បាន​ ១០​ លាន​នាក់​កាលពី​ឆ្នាំ​ ២០១៩​។​

​ព្រលានយន្តហោះ​ក្នុង​ខេត្ត​ព្រះសីហនុ សៀមរាប និង​ភ្នំពេញ​ត្រូវបាន​ពង្រីក​ដើម្បី​បំពេញតម្រូវការ​ដែល​ជំរុញ​ដោយ​កំណើន​ចំនួន​អ្នកដំណើរ​ជា​បន្តបន្ទាប់​។ ព្រះសីហនុ គឺជា​ទីក្រុង​ជាប់មាត់​សមុទ្រ​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាពិសេស​បន្ទាប់ពី​មាន​ជើងហោះហើរ​ទៀងទាត់​ទៅកាន់​គោលដៅ​នេះ​ត្រូវបាន​បើក​ដំណើរការ​កាលពី​ឆ្នាំ ​២០១១​។​

​កាលពី​ឆ្នាំ ​២០២០ ព្រលានយន្តហោះ​នេះ​បាន​ប្រារព្ធ​ពិធី​បញ្ចប់​ការជួសជុល​ផ្លូវ​រត់​របស់ខ្លួន​។ កម្មវិធី​វិនិយោគ ៥៨ ​លាន​ដុល្លារ​ដែល​ផ្តួចផ្តើមឡើង​កាលពី​ឆ្នាំ​ ២០១៨ និង​អនុវត្ត​ដោយ​ក្រុមហ៊ុន​ជា​ដៃគូ រួមមាន​ក្រុមហ៊ុន VINCI Construction Terrassement និង​ក្រុម​ហ៊ុន Soletanche Freyssinet មានន័យថា ព្រលានយន្តហោះ​នេះ​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ និង​ចម្ងាយ​ឆ្ងាយ​ដូចជា Boeing 777-300ER និង Airbus A350-1000 ជាដើម​។ ប្រព័ន្ធ​ភ្លើង​ផ្លូវ​រត់ LED ថ្មី​ក៏ត្រូវ​បាន​ដំឡើង​ផងដែរ ដើម្បី​បង្កើន​ភាព​អាច​មើលឃើញ​ច្បាស់​ពី​អ្នកបើក​យន្តហោះ និង​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​របស់​ព្រលានយន្តហោះ​មួយ​នេះ​។​

​ក្រោម​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ​ ១៩៩៥ ក្រុមហ៊ុន Cambodia Airports បានទទួល​សម្បទានរ​យៈ​ពេល​ ៤៥​ ឆ្នាំ​លើ​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​បណ្តាញ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​ដែល​បម្រើ​ដល់​រាជធានី​ភ្នំពេញ និង​ទីក្រុង​កំពង់ផែ និង​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ក្រុងព្រះសីហនុ​។ ភាគ​ហ៊ុ​និក​របស់​ព្រលាន​ហោះ​កម្ពុជា គឺ​ក្រុមហ៊ុន ​VINCI Airports របស់​ប្រទេស​បារាំង គ្រប់គ្រង ៧០​ភាគរយ និង​ក្រុមហ៊ុន Muhibbah Masteron Cambodia គ្រប់គ្រង ៣០​ ភាគរយ​ជា​ក្រុមហ៊ុន​វិ​និ​-​យោគ​រួម​របស់​ម៉ាឡេស៊ី និង​កម្ពុជា​។​

​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង ៥,៤​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២៣ កើន​ជិត ១៤០​ ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ដែល​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន​ ៤ នៅ​តំបន់​អាស៊ី​មាន​ចំនួន​ជិត ៧០ ភាគរយ​នៃ​ភ្ញៀវ​បរទេស​សរុប​។ នេះ​បើ​យោង​​តាម​ក្រសួងទេសចរណ៍​៕