ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងធ្វើការហោះហើរត្រង់ឡើងវិញមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ តទៅដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់អ្នកធ្វើដំណើរ ជាពិសេសស្របតាមការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «ប្រទេស៣គោលដៅតែ១ (Three Countries One Destination)»។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA)។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី៥ ខែកុម្ភៈថា បន្ទាប់ពីបានពិនិត្យឃើញគ្រប់យ៉ាងដំណើរការជាប្រក្រតីឡើងវិញ ជាពិសេសវិស័យទេសចរណ៍ក៏កំពុងរីកចម្រើនជាបន្តបន្ទាប់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវដែលជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តធ្វើការហោះត្រង់ឡើងវិញរវាងទីក្រុងវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ដោយគ្រោងចាប់ផ្តើមហោះហើរ ចាប់ពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ តទៅ។ ការហោះហើរនឹងមានចំនួន ៣ជើងក្នុង ១សប្តាហ៍ គឺថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ AirBus320 ឬ ATR 72។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍ ៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍ ឆ្នាំ២០០០ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវបានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Code-share agreement) តែទោះជាក្នុងស្ថានភាពណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវនៅតែបន្តការហោះហើរត្រង់រវាងហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប-ប៉ាក់សេ-ហ្លួងព្រះបាង ដោយប្រើប្រាស់យន្តហោះប្រភេទ ATR 72 ដែលមានចំនួនជើងហោះហើរប្រមាណ ៣ជើង ក្នុង ១សប្តាហ៍។
បើតាមលោក ចាន់សិរីវុត្ថា ៖«កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញលិខិតផ្តល់ការអនុញ្ញាតសម្រាប់ការហោះហើរតាមសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវរួចរាល់ហើយ។ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ក្នុងការធ្វើដំណើរចេញ-ចូលប្រទេសឡាវក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រកាសដាក់ចេញនូវផ្លូវហោះហើរអន្តរជាតិថ្មីនៅក្នុងតំបន់បន្ថែមទៀត ដោយហោះហើររវាងសុវណ្ណាខេត-បាងកក វៀងចន្ទន៍-ភ្នំពេញ និងវៀងចន្ទន៍-ដាណាងប្រទេសវៀតណាម»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា (PATA) បានលើកឡើងដែរថាការចាប់ផ្តើមដំណើរការឡើងវិញរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍នានា គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ ដែលកំពុងមានការងើបឡើងជាបណ្តើរៗ បន្ទាប់ពីត្រូវបានរងផលប៉ះពាល់ខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីវិបត្តិកូវីត១៩ មក។
លោកបានថ្លែងថា៖«យើងឃើញថាប្រទេសកម្ពុជាយើងបានស្វាគមន៍ភ្ញៀវទេសចរមកពីក្នុងតំបន់ច្រើនក្នុងរយៈពេលកន្លងមនេះ ដូច្នេះការដាក់ឱ្យដំណើរការឡើងវិញរបស់អាកាសចរណ៍ឡាវក៏ឆ្លុះបញ្ចាំងអំពីការកើនឡើងនៃតម្រូវការនៃការហោះហើររវាងប្រទេសទាំង២ផងដែរ»។
លោក ចាន់សិរីវុត្ថា បន្ថែមថា សម្រាប់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៣ កន្លងមក ឡាវ គឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា។ កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរឡាវដែលបានមកលេងកម្ពុជា មានចំនួនសរុបជាង ៣៧ ម៉ឺននាក់ កើនឡើង ៣០២ ភាគរយ។
លោកបញ្ជាក់ថា៖«ក្រុមហ៊ុនអាកាសចរណ៍ឡាវសង្ឃឹម និងជឿជាក់ថាភ្ញៀវទេសចរកម្ពុជា និងភ្ញៀវទេសចរបរទេសនឹងចូលរួមគាំទ្រដល់ការហោះហើរត្រង់នេះ។ ក្នុងរយៈពេលវែង ក្រុមហ៊ុនអាកាសចរណ៍ឡាវក៏មានគម្រោងនឹងធ្វើការតភ្ជាប់ផ្លូវហោះហើរទៅកាន់ខេត្តព្រះសីហនុផងដែរ»។
កម្ពុជា ស្វាគមន៍ភ្ញៀវបរទេសជាង ៥,៤លាននាក់ក្នុងឆ្នាំ២០២៣ កើនឡើងជិត ១៤០ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះភ្ញៀវមកពីប្រទេសចំនួន ៤នៅតំបន់អាស៊ីមានចំនួនជិត ៧០ ភាគរយនៃភ្ញៀវបរទេសសរុប។ នេះបើយោងតាមក្រសួងទេសចរណ៍៕