ភ្នំពេញៈ ផលិតផលកៅស៊ូកម្ពុជា ក្នុងឆ្នាំ ២០២៣ មានតម្លៃប្រមាណ ៥៣៦ លានដុល្លារ ក្នុងនោះការនាំចេញទៅទីផ្សារអន្តរជាតិមានចំនួនជាង ៩០ ភាគរយទឹកប្រាក់សរុប និងសល់ពីនោះគឺជាការប្រើប្រាស់នៅក្នុងស្រុក។
ទិន្នន័យ ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានពីអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីផលិតផលកៅស៊ូ មានសរុប ៥៣៦ លានដុល្លារ ក្នុងនោះចំណូលពីការនាំជ័រកៅស៊ូ ទៅទីផ្សារអន្តរជាតិ ៤៩០,៦ លានដុល្លារ, ចំណូលពីការនាំចេញឈើកៅស៊ូ ១,៦ លានដុល្លារ, និងការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក ៤៣,៨ លានដុល្លារ។
សម្រាប់បរិមាណជ័រកៅស៊ូដែលបាននាំចេញក្នុងឆ្នាំ ២០២៣ គឺសម្រេចបានចំនួន ៣៦៨ ០៤៨ តោន ថយចុះ ៤ ៨៥៥ តោនធៀបឆ្នាំ ២០២២ និងឈើកៅស៊ូមានចំនួន (ឈើចាស់ៗអស់ប្រសិទ្ធភាពសេដ្ឋកិច្ច) ៩ ៤១១ ម៉ែត្រគុប ថយ ១៧ ០៧៨ ម៉ែត្រគុប។ ចំណែកផលិតផលកៅស៊ូប្រើប្រាស់ក្នុងស្រុកមានចំនួន ៣០ ៤៥២ តោន។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែកុម្ភៈថា សម្រាប់ទិន្នផលជ័រកៅស៊ូដែលប្រមូលបានក្នុងឆ្នាំ ២០២៣ គឺកើនឡើងតិចតួចបើធៀបឆ្នាំ ២០២២ ប៉ុន្តែសម្រាប់បរិមាណនៃការនាំចេញជ័រកៅស៊ូទៅលក់នៅទីផ្សារអន្តរជាតិ គឺបានធ្លាក់ចុះខ្លះដោយសារកំណើនតម្រូវការជ័រកៅស៊ូពីសំណាក់រោងចក្រផលិតសម្បកកង់យានយន្តនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា កំណើនរោងចក្រផលិតសម្បកកង់យានយន្តដែលកំពុងកើនឡើងជាបន្តបន្ទាប់នេះនឹងធ្វើឱ្យតម្រូវការជ័រកៅស៊ូមានកាន់តែច្រើន។ លោកបន្តថា ភាគច្រើនជ័រកៅស៊ូដែលប្រមូលបាននៅកម្ពុជាត្រូវបានឈ្មួញនាំទៅលក់នៅប្រទេសមួយចំនួនដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និង សហគមន៍អឺរ៉ុប ជាដើម។
លោកថ្លែងថា៖ «ការនាំចេញជ័រកៅស៊ូទៅលក់នៅក្រៅប្រទេសកាលពីឆ្នាំ ២០២៣ ធ្លាក់ចុះ គឺដោយសារកំណើននៃតម្រូវការក្នុងស្រុក ដោយក្នុងឆ្នាំ ២០២៣ មានបរិមាណរហូតដល់ជាង ៣ ម៉ឺនតោន។ ចំនួននៃការប្រើប្រាស់ជ័រកៅស៊ូនៅកម្ពុជាក្នុងឆ្នាំ ២០២៤ នេះនឹងកើនលើសពីឆ្នាំ ២០២៣ ជាមិនខាន»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា វត្តមានរបស់រោងចក្រផលិតសម្បកកង់យានយន្តបានជួយឱ្យទីផ្សារជ័រកៅស៊ូនៅកម្ពុជាមានភាពល្អប្រសើរជាងមុន ខុសពីមុនដែលត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើការនាំចេញ។ ស្ថានភាពនេះនឹងកាន់តែល្អ ព្រោះចំនួនរោងចក្រផលិតសម្បកកង់យានយន្តនៅកម្ពុជានឹងកើនឡើង។
លោកប្រាប់ថា៖ «កៅស៊ូជាទំនិញសក្តានុពលមួយដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិជារៀងរាល់ឆ្នាំ។ ការនាំចេញនឹងធ្លាក់ចុះនៅពេលបណ្តារោងចក្រក្នុងស្រុកងាកមកប្រើប្រាស់ជ័រកៅស៊ូកម្ពុជា»។
ជាមួយនឹងការបើកដំណើរការរោងចក្រផលិតកង់កៅស៊ូ និងរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់ លោក លឹម ហេង មានសុទិដ្ឋិនិយមថា ជ័រកៅស៊ូនឹងមានទីផ្សារកាន់តែល្អនាពេលអនាគត។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីបើកសម្ពោធរោងចក្រផលិតសម្បកកង់រថយន្ត ដែលមានទុនវិនិយោគ ៣០០ លានដុល្លាររបស់ក្រុមហ៊ុន General Tire Technology (Cambodia) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ បានលើកឡើងថា កម្ពុជាចង់បានរោងចក្រឧស្សាហកម្មដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា កៅស៊ូ និងស្វាយចន្ទី ឱ្យបានច្រើន ដោយរោងចក្រក្នុងស្រុកនឹងជួយបង្កើតការងារដល់ប្រជាជន។ ការវិនិយោគនៅក្នុងស្រុកក៏ជួយនាំបច្ចេកវិទ្យាទំនើបៗចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយឧស្សាហកម្មរបស់កម្ពុជាផងដែរ។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៧ ១៧២ ហិកតា កើនឡើង ២ ៥៩៤ ហិកតា ឬស្មើ ០,៦៤ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ដោយក្នុងនោះចម្ការកៅស៊ូកសិឧស្សាហកម្ម មានចំនួន ២២៦ ៨៤០ ហិកតា និងចម្ការកៅស៊ូគ្រួសារ ១៨០ ៣៣២ ហិកតា។ ចំណែកផ្ទៃដីកៅស៊ូចៀរជ័រមានចំនួន ៣២០ ១៨៤ ហិកតា ស្មើនឹង ៧៨,៦ ភាគរយនៃផ្ទៃដីកៅស៊ូសរុប កើនឡើង ៤ ៨៥២ ហិកតា។ ទិន្នផលមធ្យមប្រចាំឆ្នាំ ២០២៣ គឺទទួលបាន ១ ២២៨ គីឡូក្រាមក្នុង ១ ហិកតា កើន ១៦ គីឡូក្រាមធៀបឆ្នាំ ២០២២៕