ភ្នំពេញៈ ការនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែលទៅទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ១,៣ ពាន់លានដុល្លារ ធ្លាក់ចុះជាង ២១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ខណៈនៅក្នុងឆ្នាំ ២០២៤ តាមការព្យាករ គឺការនាំចេញល្អប្រសើរជាងឆ្នាំ ២០២៣។
តារាងទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ការនាំចេញទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៦៤ ដែលរួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ១,៣៦ ពាន់លានដុល្លារ ធ្លាក់ចុះ ២១,៤ ភាគរយធៀបនឹងឆ្នាំ ២០២២ ដែលមានចំនួន ១,៧៤ ពាន់លានដុល្លារ។
ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើនឹងប្រមាណ ៦ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាឆ្នាំ ២០២៣ ដែលមាន ២២,៦៤ ពាន់លានដុល្លារ។ កាលពីឆ្នាំ ២០២២ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើនឹង ៧,៨ ភាគរយនៃការនាំចេញសរុបដែលមានចំនួន ២២,២៥ ពាន់លានដុល្លារ។
GDCE បានបន្តថា សម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ការនាំចេញស្បែកជើងស្រោមជើង វត្ថុប្រហាក់ប្រហែល មានទឹកប្រាក់ ១៥១,៦៨ លានដុល្លារ ថយចុះ ៧,៥ ភាគរយពីចំនួន ១៦៤,០៥លានដុល្លារបើធៀបខែធ្នូ ឆ្នាំ ២០២២។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វិបត្តិដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួន (ពិសេសរុស្ស៊ី-អ៊ុយក្រែន) បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចសកល ដែលបញ្ហានេះជំរុញឱ្យមនុស្សកាត់បន្ថយការចំណាយ និងដំណើរធ្វើទេសចរណ៍។ នៅពេលមិនសូវមានការធ្វើដំណើរតម្រូវការស្បែកជើងក៏ធ្លាក់ចុះដែរ។
លោកបានបន្តថា ក្រៅពីចំណុចខាងលើ ការធ្លាក់ចុះទឹកប្រាក់ខាងលើ ក៏ដោយសារតែកាលពីឆ្នាំ ២០២២ កម្ពុជាបានទទួលការបញ្ជាទិញយ៉ាងច្រើន ដែលចំណុចនេះធ្វើឱ្យឃ្លាំងស្តុករបស់ក្រុមហ៊ុនបញ្ជាទិញមិនទាន់បញ្ចេញលក់អស់។
លោកប្រាប់ថា៖ «ទឹកប្រាក់នាំចេញផលិតផលស្បែកជើងធ្លាក់ចុះកាលពីឆ្នាំមុន គឺដោយសារការបញ្ជាទិញពីក្រៅប្រទេសធ្លាក់ចុះ ប៉ុន្តែសមត្ថភាពផលិតកម្មគឺមិនបានធ្លាក់ចុះឡើយ»។
លោកប្រាប់ទៀតថា ដោយសារតែស្តុកកាលពីឆ្នាំ ២០២៣ ត្រូវបានគេបញ្ចេញលក់ច្រើន ស្របពេលកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៤ នេះត្រូវបានស្ថាប័នហិរញ្ញវត្ថុនានាលើពិភពលោកព្យាករថា នឹងមានកំណើនខ្ពស់ជាងឆ្នាំ ២០២៣ ដូច្នេះទឹកប្រាក់នាំចេញផលិតផលស្បែកជើងប្រាកដជានឹងខ្ពស់ជាងឆ្នាំមុន»។
បើតាម ឃុនថៃ ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលផលិតនៅក្នុងប្រទេសកម្ពុជាត្រូវបាននាំទៅគោលដៅសំខាន់ៗមួយចំនួនដូចជា អាមេរិក អឺរ៉ុប កាណាដា អង់គ្លេស និងប្រទេសតំបន់។ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នតំណាងរបស់រដ្ឋាភិបាលមានភារកិច្ចក្នុងការពិនិត្យ និងផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិបើកដំណើរការអាជីវកម្ម និងរោងចក្រ/សហគ្រាសនៅកម្ពុជា គឺចំនួននៃគម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ ២៦៨ គម្រោង ពីចំនួន ១៨៦ កាលពីឆ្នាំ ២០២២ ក្នុងនោះក៏មានគម្រោងវិនិយោគលើរោងចក្រផលិតស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ជាច្រើនផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល គឺជាផ្នែកសំខាន់មួយនៃទំនិញនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ននេះរោងចក្រផលិតស្បែកជើង និងវត្ថុប្រហាក់ប្រហែលបានបង្កើតការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ និងរកចំណូលបានរាប់រយលានដុល្លារនៅក្នុង ១ ឆ្នាំៗ។
លោកបន្ថែមថា ការធ្លាក់ចុះតម្រូវការផលិតផលទាំងអស់នេះ គឺដោយសារកំណើនសេដ្ឋកិច្ចប្រទេសដែលជាគោលដៅនាំចេញរបស់កម្ពុជាជួបបញ្ហា ខណៈវិស័យទេសចរណ៍ពិភពលោកក៏មិនសូវល្អដែរក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ។
លោកបានបញ្ជាក់ថា៖ «នៅពេលកំណើនសេដ្ឋកិច្ចសកលល្អមនុស្សនឹងចេញធ្វើទេសចរណ៍ច្រើន ដូច្នេះតម្រូវការស្បែកជើង និងវត្ថុប្រហាក់ប្រហែលក៏នឹងកើនឡើងវិញដែរ»៕