ភ្នំពេញៈ ទីភ្នាក់ងារ​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កូរ៉េ​ (KOTRA) គ្រោង​នឹង​រៀបចំ​វេទិកា​ជំរុញ និង​ទាក់ទាញ​វិនិយោគ​មកកាន់​ប្រទេស​កម្ពុជា ​នាពេល​ដ៏​ខ្លី​ខាងមុខ​សំដៅ​បញ្ជ្រាប​ការ​ឈ្វេងយល់​ដល់​ធុរជន និង​វិនិយោគិន​កូរ៉េ​អំពី​កាលានុវត្តភាព និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ស្របពេល​ប្រទេស​ទាំង ​២​ នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នាពេល​ខាងមុខនេះ​ផងដែរ​។

ផែនការ​នៃ​ការរៀបចំ​ជំនួប​ធុរកិច្ច​នេះ​ត្រូវ​បានលើកឡើង​ដោយ​លោក Hacheong Yun អគ្គនាយក KOTRA ក្នុងជំនួប​ជាមួយ​លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា ​(CDC) នៅ​ទីស្តីការ CDC កាលពី​ថ្ងៃទី ​៦ ខែកុម្ភៈ​ ​ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។


លោក Hacheong Yun បាន​សម្តែង​ការពេញចិត្ត​ជូន​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែលជា​និច្ចកាល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​រៀបចំ​សកម្មភាព​គាំទ្រ​នានា​។

លោក​បន្តថា​៖ «​ក្នុង​ស្មារតី​នេះ សម​ភាគី​បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​ផែនការ​សកម្មភាព​ជំរុញ និង​ទាក់ទាញ​វិនិយោគ​នឹង​សម្រេច​ជោគជ័យ​តាម​ការគ្រោងទុក​»​។


លោក សួន សុផល ក៏បាន​លើកឡើង​វិញ​អំពី​អាទិភាព​នៃ​តុ​វិនិយោគ​កូរ៉េ ​(Korea Desk) ដែលជា​មរតក​ដ៏​មានតម្លៃ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ពាក់ព័ន្ធ​នឹង​កិច្ចការ​វិនិយោគឯកជន​។ លោក​ក៏បាន​សាទរ​ចំពោះ​ភាគី​កូរ៉េ ដែលមាន​បំណង​រៀបចំ​វេទិកា​ជំរុញ និង​ទាក់ទាញ​វិនិយោគ​មកកាន់​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ សំដៅ​បញ្ជ្រាប​ការ​ឈ្វេងយល់​ដល់​ធុរជន និង​វិនិយោគិន​កូរ៉េ​អំពី​កាលានុវត្តភាព និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។

លោក​មាន​សុទិដ្ឋិនិយម​ថា​៖ «​វេទិកា​នាពេលខាងមុខ​នឹង​ពាំ​នាំមក​នូវ​ផ្លែផ្កា​វិជ្ជមាន​សម្រាប់​រុញច្រាន់​លំហូរ​វិនិយោគ​ពី​កូរ៉េ​មកកាន់​កម្ពុជា​ឱ្យ​កាន់​តែមាន​កំណើន​គួរឱ្យកត់សម្គាល់​»​។ ទោះយ៉ាងណា​លោក​ពុំបាន​បញ្ជាក់​ច្បាស់​អំពី​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​វេទិកា​នោះ​នៅឡើយ​ទេ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​គាំទ្រ​សម្រាប់​ជំនួប​ធុរកិច្ច​រវាង​កម្ពុជា​-​កូរ៉េ​ នាពេលខាងមុខ​ ដែលជា​ការឆ្លើយតប​ទៅនឹង​ការដែល​ប្រទេស​ទាំង ​២ ​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នាពេលខាងមុខ​។

លោក​បាន​ថ្លែងថា​៖ «​វេទិការ​ធុរកិច្ច​នេះ​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​កា​ន់​តែ​លម្អិត​ពី​មន្ត្រី​នៃ​ប្រទេស​ទាំង ​២ ​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​។ ការណ៍​នេះ​ពួកយើង​ដែលជា​ធុរជន​នឹង​ទទួលបាន​ព័ត៌មាន​បន្ថែម និង​អាច​ស្វែងយល់​ពី​ដៃគូ​មុននឹង​សហការគ្នា​រកស៊ី​ទទួល​ទាន​ផងដែរ​»​។

បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៣ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កូរ៉េ មាន​ទឹកប្រាក់ ២៨១,១៤​ លាន​ដុល្លារ កើនឡើង ២០,៣​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ទំនិញ​កូរ៉េ​នាំមក​កម្ពុជា ចំនួន ៤៧០,២៥ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨​ ភាគរយ​។ សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី គឺមាន​ទឹកប្រាក់​សរុប ៧៥១,៣៨​ លាន​ដុល្លារ ថយចុះ ៣,៥​ ភាគរយ​។

ប្រទេស​កូរ៉េ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​១២ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហ​បុរី ចក្រភព​អង់គ្លេស និង​កោះ​តៃវ៉ាន់​។

ធនាគារជាតិ​នៃ​កម្ពុជាបានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ទឹកប្រាក់​នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុ​ជាមាន​ប្រមាណ ៤៥,៨​ ពាន់​លាន​ដុល្លារ កើនឡើង ៩​ ភាគរយ​ បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី​១ ឆ្នាំ ​២០២២​។ ប្រទេស​កូរ៉េខាងត្បូង​ ឈរ​នៅ​លេខ ២ ដោយមាន​ទឹកប្រាក់ ៥,៥ ​ពាន់​លាន​ដុល្លារ កើន ១០,៤​ ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២៕