ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំវិស័យឯកជនចំនួន ៤០ ក្រុមហ៊ុន ទៅចូលរួមវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាចុងខែកុម្ភៈនេះ ខណៈដែលនៅក្នុងវេទិកានោះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ក្នុងនោះមានកិច្ចព្រមព្រៀងទាក់ទងនឹងការនាំចេញប្រេងខ្លឹមចន្ទន៍ផងដែរ។
នេះបើតាមការឱ្យដឹងពីលោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំត្រៀមរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើកទី៣ នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកប្រាប់ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សា ប្រមូលធាតុចូល ផ្លាស់ប្តូរយោបល់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមឱ្យបានល្អ និងរលូន នាថ្ងៃទី២៧ ខែកុម្ភៈ។
លោកបានបញ្ជាក់ថា ៖ «ក្នុងវេទិកានោះដែរ ខ្ញុំតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើដំណើរទៅអមលោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដោយខ្ញុំនឹងឡើងធ្វើបទបង្ហាញ ពីវិស័យកសិកម្មនៅកម្ពុជា។ ក្នុងនោះក៏មានការធ្វើបទបង្ហាញពីវិស័យផ្សេងទៀតដូចជា វិស័យកម្មន្តសាល និងវិស័យធនាគារ ហិរញ្ញវត្ថុ ទេសចរណ៍ និងវប្បធម៌ផងដែរ»។
លោកតាន់ មុនីវណ្ណ បានបន្ថែមថា នឹងមានការធ្វើបទបង្ហាញពីវិស័យកសិកម្ម និងកសិកម្មកែច្នៃ រួមមានការលើកឡើងពីដំណាំស្វាយចន្ទី និងផលិតប្រេងខ្លឹមចន្ទន៍ផងដែរ។
លោកបានបន្ថែមថា៖«នាវេទិកានោះនឹងមានការចុះកិច្ចព្រមព្រៀងទាក់ទងនឹងការនាំចេញផលិតផលប្រេងខ្លឹមចន្ទន៍ និងផលិតផលស្វាយចន្ទី ដោយបច្ចុប្បន្នយើងកំពុងតែធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលជាកិច្ចព្រមព្រៀងសំខាន់មួយក្នុងចំណោមកិច្ចព្រមព្រៀងមួយចំនួនទៀត ដែលយើងត្រូវចុះជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម»។
លោក តាន់ មុនីវណ្ណ បន្ថែមថា ការចូលរួមនៅក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ ក៏ដូចជាការចុះកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួននាពេលខាងមុខនេះ គឺជាការជំរុញបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ។
លោក ហូ វណ្ឌឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ក្នុងនាមតំណាងវិស័យទេសចរណ៍ លោកមានក្តីរីករាយ ដែលវិស័យទេសចរណ៍អាចចូលរួមក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាត អារ៉ាប់រួមលើកទី៣នាពេលខាងមុខ ដែលជាឱកាសដ៏ល្អក្នុងការបង្ហាញពីសក្តានុពលទេសចរណ៍នៅកម្ពុជា ខណៈដែលទីផ្សារអេមីរ៉ាត អារ៉ាប់រួមនេះ ជាទីផ្សារទេសចរណ៍ មានសក្តានុពលដែរសម្រាប់កម្ពុជា។
លោកបានបញ្ជាក់ដូច្នេះថា៖«កន្លងទៅមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២ ដែលបានតភ្ជាប់អ្នកទេសចរណ៍មកកាន់កម្ពុជា ច្រើននាពេលកន្លងទៅ គឺក្រុមហ៊ុនអាកាសចរណ៍កាតា និងអាកាសចរណ៍អេមីរ៉ាតអារ៉ាប់រួម ដែលតែងតែនាំអ្នកទេសចរ អ្នកវិនិយោគ មកកាន់កម្ពុជា។ យើងចង់ឱ្យមានការរៀបចំវេទិកាផ្សព្វផ្សាយទេសចរណ៍បន្ថែមទៀត នៅតាមប្រទេសទាំងនោះ ដែលកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរប្រទេសក្នុងតំបន់អារ៉ាប់នេះ»។
តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម ក្នុងឆ្នាំ២០២៣ សម្រេចបានក្នុងទំហំទឹកប្រាក់ត្រឹមជាង៨៦លានដុល្លារប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២២ ថយចុះជាង១៧ភាគរយ។ ថ្នាក់ដឹកនាំប្រទេសទាំង២ កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម រំពឹងថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយគ្នា (Cambodia-UAE CEPA) រួមទាំងការរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមជាដើម នឹងពង្រីកទំហំពាណិជ្ជកម្មភាគីទាំង២នាពេលខាងមុខ៕