ភ្នំពេញៈ ឥណ្ឌូនេស៊ីបានរំកិលខ្លួនពីលេខរៀងទី ១២ មកលេខរៀងទី ៦ ក្នុងនាមជាប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មធំជាងគេជាមួយនឹងប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០២៣ ចរាចរណ៍ទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុបជិត ១,១ ពាន់លានដុល្លារ កើនជិត ១៥ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាមតារាងស្ថិតិរបស់ GDCE ចរាចរណ៍ទំនិញរវាងកម្ពុជា-ឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់ ១,០៩ ពាន់លានដុល្លារ កើនឡើង ១៤,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៩៤៨,៥៣ លានដុល្លារ។ ទំហំទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី ស្មើនឹង ២,៣២ ភាគរយនៃទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ក្នុងឆ្នាំ ២០២៣ ដែលមាន ៤៦,៨៣ ពាន់លានដុល្លារ។ សម្រាប់ទឹកប្រាក់សរុបខាងលើ គឺទំនិញកម្ពុជានាំទៅឥណ្ឌូនេស៊ី ចំនួន ៩២,៧៤ លានដុល្លារ កើនឡើង ១៥១,៧ ភាគរយ និងទំនិញឥណ្ឌូនេស៊ីនាំចូលមកកម្ពុជា ៩៩៤,៦ លានដុល្លារ កើនឡើង ៩,១ ភាគរយ។
ផ្អែកតាម GDCE គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ ២០២៣ មានឱនភាព ៩០១,៨៦ លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២ មានចំនួន ៨៧៤,៨៥ លានដុល្លារ។ ឥណ្ឌូនេស៊ី បានឡើងពីលេខរៀងទី ១២ ក្នុងឆ្នាំ ២០២២ មកលេខ ៦ ក្នុងនាមជាប្រទេសមានទំហំពាណិជ្ជកម្មធំជាមួយកម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែកុម្ភៈ ថា ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ាន និងជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងកើនឡើងថែមទៀត ពិសេសនៅពេលកំណើនសេដ្ឋកិច្ចពិភពលោកល្អប្រសើរ។ លោកបន្តថា ទោះយ៉ាងណាដោយសារជញ្ជីងពាណិជ្ជកម្មកម្ពុជានៅមានឱនភាពច្រើន ដូច្នេះទាមទារឱ្យរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាត្រូវខិតខំបន្ថែមទៀតដើម្បីផលិតទំនិញដែលឆ្លើយតបនឹងតម្រូវការនៅប្រទេសឥណ្ឌូនេស៊ី។
លោកបញ្ជាក់ថា៖«ការកើនឡើងទំហំពាណិជ្ជកម្ម គឺបញ្ជាក់ពីភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងពាណិជ្ជកម្មប្រទេសទាំង ២ ប៉ុន្តែសម្រាប់គម្លាតរវាងទឹកប្រាក់នាំចេញ គឺទាមទារកម្ពុជាឱ្យខិតខំថែមទៀត។ ឥណ្ឌូនេស៊ី ជាប្រទេសធំ និងមានប្រជាជនច្រើន ដូច្នេះបើទំនិញរបស់យើងអាចជ្រៀតចូលកាន់តែច្រើននោះ គឺជាការល្អណាស់»។
លោកបន្តថា តាមរយៈកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា លោករំពឹងថា ទឹកប្រាក់នាំចេញរបស់កម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើងថែមទៀតក្នុងឆ្នាំ ២០២៤ នេះ។
ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ បានប្រកាសទិញអង្ករពីកម្ពុជាចំនួន ២៥០ ០០០ តោន ក្នុង ១ ឆ្នាំ ដែលជាវិធានការដើម្បីធានាសុវត្ថិភាពស្បៀងអាហារក្នុងប្រទេសរបស់ខ្លួន ខណៈឥណ្ឌូនេស៊ី ក៏បានសន្យានឹងគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងអាហារកម្ពុជា តាមរយៈការផ្គត់ផ្គង់ជី និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាកសិករផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក សុង សារ៉ន បានប្រាប់ថា កម្ពុជាមានឱកាសច្រើនក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ពិសេសអង្ករ ទៅប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសធំ និងមានប្រជាជនច្រើន ខណៈការនាំចេញអង្ករជាផ្លូវការលើកដំបូងត្រូវបានធ្វើកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៣។ លោកបន្តថា គុណភាព និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាដែលទទួលបានមេដាយក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់បានជួយឱ្យការនាំចេញអង្កររបស់កម្ពុជាមានកាន់តែច្រើន។
លោកបានថ្លែងថា៖ «ការនាំចេញទៅឥណ្ឌូនេស៊ី បានបង្ហាញពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា តាមរយៈការដាក់ចេញយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំង ២»។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី-កម្ពុជា ដែលកំពុងកើនឡើង។
ទោះយ៉ាងណា លោកទទួលស្គាល់ថា អ្នកជំនួញឥណ្ឌូនេស៊ីហាក់នៅមិនសូវដឹងពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាទេ ដែលនេះជាមូលហេតុមួយធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានគម្លាតឆ្ងាយ។ លោកបន្តថា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត គឺទាមទារឱ្យប្រទេសទាំង ២ ត្រូវគិតគូរពីប្រព័ន្ធទូទាត់ប្រាក់ទ្វេភាគី និងការបើកជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំង ២។
លោក Santo Darmosumarto បាននិយាយថា៖«កម្ពុជា-ឥណ្ឌូនេស៊ី នៅមានចន្លោះជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលត្រូវតែអភិវឌ្ឍ និងពង្រឹងបន្ថែមដោយទាញយកផលប្រយោជន៍ពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២។ យើងគួរខិតខំប្រែក្លាយទំនាក់ទំនងប្រវត្តិសាស្ត្រឱ្យទៅជាពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការទេសចរណ៍ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំង ២ ឱ្យបានកាន់តែខ្លាំង»៕