កោះ​កុងៈ​អង់​គ្លេស​ បាន​ស្នើ​សុំ​សហ​ការ​ពី​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ ក្នុង​ការ​រៀបចំ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង​ «Green Spe​cia​l Economic Zone»​ នៅ​ក្នុង​ខេត្ត​កោះកុ​ង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ CDC បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ ​ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន​ពិភព​លោក​។​

​សំណើ​របស់​លោក ​Dominic Williams MBE ឯក​អគ្គរាជ​ទូត​អង់​គ្លេស​ប្រចាំ​កម្ពុជា ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ស៊ុន ចាន់​ថុល ​អនុ​ប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ កាលពី​ថ្ងៃទី​៥​ ខែកុម្ភៈ ​ឆ្នាំ​២០២៤​ នៅ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​នៅ​រាជ​ធានី​ភ្នំពេញ​។


 ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​នេះ ​ភាគី​ទាំង ​២ ​បាន​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់ៗ​រួមមា​ន កិច្ច​ការងា​រ​វិនិ​យោគ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា ​ការ​គាំទ្រ​ឱ្យមាន​រៀបចំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង​​នៅ​កម្ពុជា ​និង​កា​ររៀបចំ​កម្មវិធី​អភិ​វឌ្ឍន៍​លើ​វិស័យ​នានា ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​។

​លោក ​Dominic Williams MBE តាម​រយៈ​ជំនួប​នេះ​បាន​បង្ហាញ​សុទិដ្ឋិ​និយម​គាំទ្រ​កម្ពុជា ​លើ​ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ ក៏​ដូច​ជា​ជំរុញ​ឱ្យ​មាន​កម្មវិធី​អភិ​វឌ្ឍន៍​លើ​វិស័យ​នានា​មាន​ជាអាទិ៍​ លើ​វិស័យ​អប់រំ​ ដែល​ផ្ដោត​លើ​ការ​អប់រំ​ក្មេង​ស្រី ​សេដ្ឋកិច្ច សុខាភិ​បាល​ សន្តិ​សុខ​ និង​សុវត្ថិ​ភាព​ ពិសេស​អង់​គ្លេស​នឹង​សហ​ការ​ជាមួយ​កម្ពុជា​ក្នុង​ការ​រៀបចំ​បង្កើត​ឱ្យមាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង​សំដៅ​គាំទ្រ​ការ​ការ​ពារ​បរិ​ស្ថាន​ដើម្បី​សម្រេច​បាន​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​។ 

​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ឯក​អគ្គរា​ជទូត​អង់គ្លេស​នេះ ​លោក ​ស៊ុន ចា​ន់ថុល បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គោល​បំណង​របស់​អង់​គ្លេស​ ក្នុង​ការ​ស្នើសុំ​សហកា​រ​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​នៅក្នុ​ង​ប្រទេស​កម្ពុជា​ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន​ពិភព​លោក​។ 


​សូម​រំឭក​ថា ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ ​កន្លង​ទៅ ​ក្រុម​ប្រឹក្សា​អភិវ​ឌ្ឍន៍​កម្ពុជា ​(CDC) និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ (MEF)​ អាជ្ញា​ធរ​ខេត្ត​កោះកុ​ងនិង​តំណាង​ទូត​ចក្រ​ភព​អង់​គ្លេស បាន​ពិភាក្សា​គ្នាពី​គម្រោង​អភិ​វឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង (GSEZ) នៅ​ខេត្ត​កោះ​កុង ​ដែល​មាន​តម្លៃ​ទឹ​កប្រាក់​ចន្លោះ​ពី ​៤០០ ​លាន​ដុល្លារ​ ទៅ​ ៨០០​ លាន​ដុល្លារ​ ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០២៤ ​នេះ​។​

​គម្រោង​នេះមាន​បំណង​បង្កើត​មជ្ឈ​មណ្ឌល​សម្រាប់​ផលិត​ការ​នាំចេញ​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ និង​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស​យ៉ាង​ច្រើន​។​ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​រំពឹងថា​​នឹង​ប្រែ​ក្លាយ​ខេត្ត​កោះកុង​ទៅជា​មជ្ឈ​មណ្ឌល​សម្រាប់​ឧស្សា​ហកម្ម​បៃតង ដោយ​ផ្តោត​លើ​ថាម​ពល​កកើត​ឡើង​វិញ ​ការ​គ្រប់​គ្រង​សំណល់​ប្រកប​ដោយ​និរន្តរ​ភាព និង​ការអ​នុវត្ត​ប្រកប​ដោយ​ការ​គិត​គូរ​ពី​បរិស្ថាន​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា ​រថ​យន្ត ​អេឡិច​ត្រូ​និក និង​វាយ​ន​ភណ្ឌ​ជា​ដើម​។ 


​លោក ​ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិ​ច្ច​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ បាន​លើកឡើ​ងថា ​កា​រផ្តោត​ជា​យុទ្ធ​សាស្ត្រ​នេះ ​គឺ​ស្រប​តាម​តម្រូវ​ការ​ពិភព​លោក​ដែល​កំពុង​កើន​ឡើង​សម្រាប់​ផលិត​ផល​ប្រកប​ដោយ​និរន្តរ​ភាព ​ក៏ដូច​ជា​តួនាទី​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទាញ​យក​ឱកាស​ថ្មីៗ​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​ពិភព​លោក​។​

​លោក​បាន​និយាយ​ថា​៖«​ខ្ញុំ​យល់​ថា ​លើសពី​​អត្ថ​ប្រយោជន៍​បរិស្ថាន ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ ក៏​នឹង​ដើរតួ​ជា​កាតា​លីករ​សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម និង​កំណើន​សេដ្ឋ​កិច្ច​។ បើ​តាម​ដឹង គ​ម្រោង​នេះ​បង្កើត​ឱកាស​ការ​ងារ​សំខាន់ៗ​យ៉ាង​ច្រើន​ សម្រាប់​ពល​រដ្ឋ​យើង ដែល​អាច​នឹង​រួម​ចំណែក​ដល់​ការ​បង្កើន​ប្រាក់​ចំណូល​ជាតិ​»​។ 

​លោក ហុង វណ្ណៈ​ បន្ត​ទៀត​ថា ទីតាំង​យុទ្ធ​សាស្ត្រ​នៃ​ខេត្ត​កោះកុ​ងជាប់​ព្រំដែន​ប្រទេស​ថៃ ​តាម​រយៈ​ផ្លូវ​សមុទ្រ​ទៅ​កាន់​ឈូង​សមុទ្រ​ថៃ​ វា​នឹង​ជំរុញ​នូវ​ការ​វិនិយោគ​ផ្ទាល់​បន្ថែម​ទៀត​នៅក្នុ​ង​ខេត្ត​។ ការអភិ​វឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ 

​លោក​ថា ៖ ​«​នីតិ​វិធី​នាំចេញ​-​នាំ​ចូល​ដ៏​សា​មញ្ញ​ និង​អត្ថ​ប្រយោជន៍​ពន្ធ​ដែល​ផ្តល់​ជូន​នៅក្នុង​តំបន់​ទាំង​នេះ ​នឹងធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ទាក់​ទាញ​ជា​ពិសេស​សម្រាប់​អាជីវ​កម្ម​»​។ 

​បើ​តាម ​C​DC តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទិន្ន​ផល​នាំ​ចេញ​នៃ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។ តួលេ​ខ​ចុង​ក្រោយ ​ដែល C​DC ផ្សព្វ​ផ្សាយទូទាំង​ប្រទេស​កម្ពុជា​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​មាន​ដំណើរ​កា​រ​ចំនួន​ ២៤ ​ជា​មួយ​នឹង​គម្រោង​វិនិ​យោគ​ជិត ​៦០០​ គម្រោង ​និង​បាន​បង្កើត​ការ​ងារ​ជាង ​១៦​ម៉ឺន​កន្លែង​៕