ភ្នំពេញៈ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់លទ្ធភាពដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) នៅប្រទេសកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានចូលរួមជាមួយកម្មវិធីហិរញ្ញវត្ថុខ្សែច្រវាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ (TSCFP) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងលោក ឌិត សុចល នាយកប្រតិបត្តិរបស់ធនាគារ FTB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជារបស់ ADB។ នៅក្នុងនាមជាធនាគារដៃគូរបស់ TSCFP ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជានឹងផ្តល់ការគាំទ្រដល់អតិថិជនជាសហគ្រិន និង MSME នៅក្នុងប្រទេសកម្ពុជាដោយអនុញ្ញាតឱ្យឧបករណ៍ហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលចេញដោយ FTB ទទួលបានការធានាឥណទានពី TSCFP។ លោកស្រីបញ្ជាក់ថា៖ «ជំនួយនេះត្រូវបានរំពឹងថានឹងជួយបង្កើនចំនួនធនាគារអន្តរជាតិចូលរួមក្នុងទីផ្សារកម្ពុជា»។
យោងតាម ADB ពាណិជ្ជកម្ម គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការថ្មីនេះនឹងផ្តល់ឱកាសបន្ថែមទៀតដើម្បីពង្រីកការគាំទ្រសម្រាប់ជំនួញ និងពាណិជ្ជកម្ម ក្នុងតំបន់ និងអន្តរជាតិ។ ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់ប្រទេសដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមប្រមាណ ៣៦៣,២៨ លានដុល្លារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។
ADB បានបញ្ជាក់ថា៖ «ដើម្បីធ្វើឱ្យកិច្ចសហការមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន FTB កំពុងធ្វើការជាមួយ TSCFP ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួនក្នុងការសម្របសម្រួលពាណិជ្ជកម្ម។ TSCFP បានជួយកសាងសមត្ថភាពក្នុង FTB លើការរៀបចំរបាយការណ៍ការអនុវត្តល្អៗយុទ្ធសាស្ត្រ និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតកម្មវិធីបណ្តុះបណ្តាលនិងការវាស់វែងការអនុវត្ត»។
លោកស្រី Varma បានឱ្យដឹងថា ភាពជាដៃគូ គឺជាកម្មវិធីរបស់ផ្នែកឯកជនរបស់ធនាគារដើម្បីលើកកម្ពស់ការចូលរួមពីវិស័យផ្សេងៗ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោក ហែម វណ្ឌី បានថ្លែងនៅក្នុងវេទិកាមួយកាលពីចុងខែមករាថា កម្ពុជាកំពុងស្វែងរកការវិនិយោគដោយផ្ទាល់បន្ថែមទៀតដើម្បីបង្កើនវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ពីតួនាទីបន្តដែលកំពុងដំណើរការរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតកម្មក្នុងស្រុក។ លោកបន្តថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនខ្សែច្រវាក់ផលិតកម្មកែច្នៃ ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងជំរុញការនាំចេញទៅទីផ្សារពិភពលោក។
លោកក៏បានបញ្ជាក់ពីកំណើននៃចំនួនរោងចក្រដែលបានចុះបញ្ជីជាមួយក្រសួង ដែលកើនឡើងដល់ ២ ១២៥ កាលពីឆ្នាំ ២០២៣ រួមទាំងការចុះបញ្ជីថ្មីចំនួន ២៤១ នៅឆ្នាំនោះ។ លោកបានចាត់ទុកការកើនឡើងនេះដោយសារស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំជឿថា តាមរយៈការគាំទ្រ និងការខិតខំប្រឹងប្រែង វិនិយោគិននឹងមានទំនុកចិត្ត និងការចាប់អារម្មណ៍កាន់តែច្រើនលើប្រទេសកម្ពុជា ជាពិសេសក្នុងអាណត្តិរដ្ឋាភិបាលទី ៧ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»៕