​ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) បាន​បម្រុង​ទុក​ថវិកា​ចំនួន ១០០​ លាន​ដុល្លារ​ ជា​កម្មវិធី​ហិរញ្ញ​ប្ប​ទាន​ពិសេស​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ទំ​និ​ញ​កសិកម្ម​នៅក្នុង​រដូវ​ប្រមូល​ផល​សម្រាប់​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់ ARDB​។​

​អគ្គនាយក​នៃ ARDB លោក កៅ ថាច បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៧ ​ខែកុម្ភៈ​ថា លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​លើ​ការរៀបចំ​គោលការណ៍​ហិរញ្ញប្បទាន​ពិសេស​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ ១០០ ​លាន​ដុល្លារ ដើម្បី​លើកស្ទួយ​ផលិតកម្ម​ក​សិ​កម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​ក​សិ​ផល កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីស្នាក់ការ​កណ្តាល ARDB​។​


​លោក​ថ្លែងថា​៖«​កម្មវិធី​ហិរញ្ញប្បទាន​នេះ គឺជា​វិធានការ​អន្តរាគមន៍​ពិសេស​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ផ្តល់​ជា​ទុន​បង្វិល​ដល់​អតិថិជន​គោលដៅ​។ សម្រាប់​វិស័យ​ស្រូវ​អង្ករ ហិរញ្ញប្បទាន​ពិសេស​នេះ​មាន​គោលដៅ​ផ្តល់ជូន រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុង​ការប្រមូល​ទិញស្រូវ ដើម្បី​រក្សា​លំនឹង និង​សិ្ថ​រ​ភាព​ថ្លៃ​សំដៅ​បង្កើន​បរិមាណ​សន្និធិ​ផ្គត់ផ្គង់​ដល់​ការ​​កែច្នៃ​ប្រើប្រាស់​ក្នុងស្រុក សន្តិសុខ​ស្បៀង និង​ការនាំចេញ​»​។​

​លោក​លើកឡើងថា​៖ «​មូលនិធិ​នេះ​គឺ​បាន​ត្រៀម​ទុក​នៅ​ឆ្នាំនេះ​ក្នុង​អាណត្តិ​ទី​៧ ​របស់​រដ្ឋាភិបាល​។ មូលនិធិ​នេះ ត្រូវបាន​បម្រុង​ទុក​ដើម្បី​បញ្ចេញ​នៅពេល​មានការ​ប្រែប្រួល​តម្លៃ​ក្នុង​រដូវ​ប្រមូល​ផល​។ រហូតមកដល់​ពេលនេះ យើង​មិនទាន់​បញ្ចេញ​នៅឡើយ​ទេ​»​។​


​លោក សុង សារ៉ន អគ្គនាយក​ក្រុម​ហ៊ុន Amru Rice (Cambodia) Co., Ltd មាន​ទំនុកចិត្ត​ថា ក្រុមហ៊ុននាំចេញ​ជាច្រើន​ដែល​តែង​រាយការណ៍​ពី​ការខ្វះខាត​ដើមទុន​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​នឹង​អាច​បង្កើន​ការទិញ​ស្រូវ​ពី​កសិករ ដើម្បី​កិនស្រូវ​សម្រាប់​នាំ​​ចេញ​ក៏ដូចជា​ស្តុក​ទុក​។​

​លោក​បន្ថែមថា​៖ «​រដ្ឋាភិបាល​យក​​ចិត្ត​ទុកដាក់​ជានិច្ច​ក្នុងការ​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ ដោយសារ​យើង​ធ្លាប់​ជួបប្រទះ​នឹង​ការខ្វះខាត​ដើមទុន​ក្នុងការ​ទិញស្រូវ​ពី​កសិករ ដែលនាំឱ្យ​មាន​ឧបសគ្គ និង​ការធ្លាក់ចុះ​តម្លៃ​»​។​

​លោក​បន្តថា​៖ «​វិស័យ​ឯកជន​បាន​សហការគ្នាជាមួយ​ក្រសួងកសិកម្ម ម្តង​ហើយ​ម្តងទៀត ដើម្បី​ជួយ​កសិករ ជា​ទុន​ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​បញ្ចេញ នឹង​ជួយ​លើកកម្ពស់​វិស័យនេះ​បន្ថែមទៀត ជាពិសេស​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ជូន​ប្រជាពលរដ្ឋ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់ថា កសិករ​ដែលជា​ក្រុម​ងាយ​ទទួលរង​គ្រោះ​បំផុត​ដោយសារ​ការប្រែប្រួល​តម្លៃ ជាពិសេស​ក្នុង​រដូវ​ប្រមូល​ផល​ដោយ​ពួកគាត់​តែង​ជួប​ការលំបាក ដោយសារ​ខ្វះ​លទ្ធភាព​ចូល​ទីផ្សារ ខណៈ​ហិរញ្ញប្បទាន​ក្នុងស្រុក​ដល់​វិស័យនេះ​នៅមានកម្រិត​។​

​លោក​ថ្លែងថា​៖ «​ដោយមាន​មូលនិធិ​ពិសេស​ពី​រាជរដ្ឋាភិបាល​នឹងចូលរួម​​ចំណែក​ក្នុង​ការរក្សា​ការប្រែប្រួល​តម្លៃ​ក្នុង​រដូវ​ប្រមូល​ផល​ដែល​យើង​តែងតែ​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​។ ខ្ញុំ​គិតថា​មូល​​និ​ធិ​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​ស្ថិរភាព​តម្លៃ​សម្រាប់​កសិករ​របស់​យើង​»​។​

​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៥ ខែមករា បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ដោយ​គ្រោង​បង្កើត​ទីផ្សារ​លក់ដុំ​នៅ​ទូទាំងប្រទេស​ជា​វិធានការ​មួយ​ដែល​ធ្វើឱ្យ​តម្លៃ​មាន​ស្ថិរភាព និង​ពង្រីក​ឱកាស​ទីផ្សារ​សម្រាប់​កសិករ ដែលជា​អ្នក​ងាយ​ទទួលរង​គ្រោះ​បំផុត ដោយសារ​ការ​​ទម្លាក់​តម្លៃ​ដោយ​ឈ្មួញកណ្តាល​។​

​កាលពី​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំ​ចេញ​កសិផល​ជាង ៨,៤​ លាន​តោន ធ្លាក់ចុះ ១,៩ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ និង​មាន​ទឹកប្រាក់​នាំចេញ​ជាង ៤,៣០៦​ ពាន់​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​អង្ករ​មានតម្លៃ​ជាង ៥៦៧​ លាន​ដុល្លារ ស្រូវ ៩៣៩​ លាន​ដុល្លារ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត មានតម្លៃ​ជិត ២,៨​ ពាន់​លាន​ដុ​ល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​បើ​យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម​ដែល​បញ្ជាក់​អំពី​ផលិតផល​កសិកម្ម​ចម្រុះ​ដែល​រួមបញ្ចូល​ក្នុង​ប្រ​ភេទ​ផ្សេងទៀត​រួមមាន ដំឡូង​មី​ស្ងួត​ចំនួន ១,២ ​លាន​តោន ដំឡូង​មី​ស្រស់ ១,៩ ​លាន ម្សៅដំឡូង​មី ៣៦ ០០០​ តោន កាកសំណល់​ដំឡូង​មី ៧៤ ០០០ តោន គ្រាប់ស្វាយចន្ទី ៤២០ ០០០ ​តោន ពោត ៧១ ០០០​ តោន និង​គ្រាប់​សណ្ដែកសៀង ៥៤ ០០០​ តោន​។ ចំណែក​ការនាំចេញ​ផ្លែឈើ​ក្នុងនោះ ចេក​ស្រស់ ២៩០ ០០០ ​តោន ស្វាយ​ស្រស់ ១៦០ ០០០​ តោន តំណាប់​ស្វាយ ២៧០ ០០០​ តោន និង​មៀន​ស្រស់​ជាង ១៧០ ០០០​ តោន​។​

​ការនាំចេញ​កសិផល​ផ្សេងទៀត​រួមមាន​ប្រេងដូង​ជាង ៧៩ ០០០ ​តោន ម្រេច ៦ ០០០​ តោន និង​បន្លែ​ចម្រុះ​ជាង ២២០​ តោន​កើន​ជិត ៥៤០ ០០០ ​តោន​នៅក្នុង​ផលិតផល​ក​សិ​កម្ម ១០០​ មុខ​ផ្សេងៗ​គ្នា​។​​ក្រសួង​បាន​លើកឡើងថា កាលពី​ឆ្នាំ​ ២០២៣ កសិករ​ធ្វើស្រែ​ប្រាំង​បាន ៥៥៤ ២១០​ ហិកតា ប្រមាណ ១១១,២៥ ​ភាគរយ​នៃ​ផែនការ​កំណត់​៕