ភ្នំពេញៈ អ្នកជំនួញ និងអ្នកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសថៃនឹងជួយធ្វើឱ្យចរាចរណ៍ទំនិញ ការវិនិយោគ និងវិស័យទេសចរណ៍នៃប្រទេសទាំង ២ កាន់តែមានសញ្ញាវិជ្ជមាន ខណៈទំហំពាណិជ្ជកម្មប្រទេសទាំង ២ កាលពីឆ្នាំ ២០២៣ ធ្លាក់ចុះជិត ២០ ភាគរយ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ ឥស្សរជនថៃ និងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ជាមួយគ្នានេះលោកក៏ចូលរួមថ្លែងសុន្ទរកថា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។
ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០២៣ ធ្លាក់ជិត ១/៥ដ ងធៀបឆ្នាំ ២០២២ ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងថៃ មានទឹកប្រាក់សរុប ៣,៧១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ៤,៤៧ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គឺស្មើនឹង ៧,៩៣ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឆ្នាំ ២០២៣ ដែលមានប្រមាណ ៤៦,៨៣ ពាន់លានដុល្លារ។
សម្រាប់ទឹកប្រាក់សរុបខាងលើ គឺទំនិញកម្ពុជានាំទៅប្រទេសថៃចំនួន ៨១៧,៥៧ លានដុល្លារធ្លាក់ចុះ ១,៧ ភាគរយ និងទំនិញថៃនាំចូលកម្ពុជាចំនួន ២,៨៩ ពាន់លានដុល្លារ ធ្លាក់ចុះ ២០,៥ ភាគរយ។យោងតាមទិន្នន័យ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ២,០៨ ពាន់លានដុល្លារ ខណៈឆ្នាំ ២០២២ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ២,៨១ ពាន់លានដុល្លារ។ ប្រទេសថៃជាដៃគូពាណិជ្ជកម្មធំទី ៤ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម។
អនុស្សរណៈចំនួន ២ នឹងត្រូវចុះហត្ថលេខាដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ ខែកុម្ភៈ ថា ជំនួបរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ នាថ្ងៃទី ៧ ខែកុម្ភៈ គឺនឹងជួយជំរុញឱ្យចរន្តនៃការនាំចេញ នាំចូលទំនិញ និងការបណ្តាក់ទុននៃអ្នកវិនិយោគប្រទេសទាំង ២ កាន់តែប្រសើរជាងមុន។
លោកបន្តថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចកម្ពុជា-ថៃ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកឯកជននៃប្រទេសទាំង ២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបានថ្លែងថា៖ «ក្នុងដំណើរអមសម្តេចនាយករដ្ឋមន្ត្រីទៅប្រទេសថៃ សភាពាណិជ្ជកម្មកម្ពុជានឹងមានចុះអនុស្សរណៈនៃការយោគយល់ចំនួន ២ ជាមួយភាគីថៃ គឺទី ១ ជាមួយធនាគារអាហរ័ណនីហរ័ណថៃ និងទី ២ ជាមួយគណៈកម្មការពាណិជ្ជកម្មថៃ»។
លោកឱ្យដឹងទៀតថា អ្វីដែលផ្នែកឯកជនប្រទេសទាំង ២ ចង់បានបន្ថែមនាពេលនេះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ ខណៈបច្ចុប្បន្នកម្ពុជា-វៀតណាម មានកិច្ចព្រមព្រៀងនេះរួចហើយ។ កិច្ចព្រមព្រៀងនេះនឹងក្លាយជាចំណែកសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ឱ្យមានសម្ទុះទៅមុខកាន់តែលឿន។
លោកបញ្ជាក់ថា៖«ខ្ញុំមានជំនឿថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ កំណើននៃការវិនិយោគ និងការនាំចេញ-នាំចូលទំនិញប្រទេសទាំង ២ កើនឡើងមួយកម្រិតទៀត»។
កម្ពុជាត្រូវតែពង្រឹកផលិតកម្មរបស់ខ្លួនឱ្យខ្លាំងបន្ថែមទៀត
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសថៃ គឺជាផ្នែកមួយនៃការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរបន្ថែមទៀត។ សម្រាប់អតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺកើតឡើងច្រើនទសវត្សរ៍មកហើយ ដោយសារតែថៃមានប្រជាជនច្រើន មានរោងចក្រ/ឧស្សាហកម្មច្រើន និងមានសេដ្ឋកិច្ចធំជាងកម្ពុជា។ ម្យ៉ាងទៀតប្រជាជនខ្មែរក៏ឱ្យតម្លៃលើគុណភាពផលិតផលរបស់ថៃផងដែរ។ លោកបន្តថា ដោយសារប្រទេសទាំង ២ មានព្រំដែនគោក និងទឹកជាប់គ្នា ដូច្នេះទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ គឺប្រាកដជាមានចំនួនលើសពីអ្វីដែលបានកត់ត្រា។
លោកអះអាងថា៖ «កម្ពុជាចាំបាច់ត្រូវតែខិតខំពង្រឹកខ្លួនឯងឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីអាចទទួលបានចំណែកទីផ្សារនាំចេញទៅប្រទេសថៃកាន់តែច្រើន»។
លោកបន្ថែមថា ផលិតផលកសិកម្ម គឺជាមុខព្រួញសំខាន់ដែលកម្ពុជាអាចមានលទ្ធភាពច្រើនក្នុងការលើកកម្ពស់ការនាំចេញទៅទីផ្សារប្រទេសថៃ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គីម ហួត ថ្មីៗនេះបានប្រាប់ថា សកម្មភាពនាំទំនិញចេញ នាំចូលកម្ពុជា-ថៃ គឺមានដំណើរការល្អ ដោយការនាំចេញរបស់កម្ពុជា (ព្រំដែនខេត្តបាត់ដំបង និងប្រទេសថៃ) ភាគច្រើនជាកសិផលដូចជា ដំឡូងមី ពោត និងសណ្តែក ជាដើម។ ប្រទេសថៃ គឺជាទីផ្សារនាំចេញកសិផលចម្បងរបស់ប្រជាជននៅតាមព្រំដែន ដោយសារតែនៅកម្ពុជាមិនទាន់មានឃ្លាំងស្តុក និងឡសម្ងួតគ្រប់គ្រាន់។
លោកនិយាយថា៖ «នៅរដូវប្រមូលផលម្តងៗ គឺមានឈ្មួញក្នុងស្រុក និងមកពីថៃជាច្រើនបានមកប្រមូលទិញកសិផលពីកម្ពុជាយកទៅកែច្នៃបន្តនៅប្រទេសថៃ»។
កំណើននៃវិស័យទេសចរណ៍
លោក សរ សារិន អនុប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ធ្លាប់បាននិយាយថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរទំនិញ និងវិស័យទេសចរណ៍។
លោកលើកឡើងថា៖ «ប្រទេសយើងទាំង ២ មានទំនាក់ទំនងជិតស្និទ្ធទាក់ទងនឹងសេដ្ឋកិច្ច និងការទូត ដែលជាកត្តាសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម។ ដូចយើងឃើញហើយថា បន្ទាប់ពីកូវីដ ១៩ ធូរស្រាល លំហូរទេសចរបរទេសកំពុងត្រឡប់មកប្រទេសទាំង ២ វិញ ដូច្នេះមានកំណើនតម្រូវការ ហើយសកម្មភាពអាជីវកម្មក៏ស្ទុះងើបឡើងវិញផងដែរ»។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជិត ៤,៩២ លាននាក់ កើនឡើង ១៥៦,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១,៩១ លាននាក់។ ក្នុងចំណោមភ្ញៀវបរទេសទាំងអស់ គឺភ្ញៀវជនជាតិថៃ មានចំនួនច្រើនជាងគេ គឺ ១,៦៦ លាននាក់ ស្មើ ៣៣,៧ ភាគរយនៃភ្ញៀវបរទេសសរុប, វៀតណាម ៩២០ ០៩៣ នាក់, ចិន ៤៩៨ ២៥០ នាក់ ឡាវ ៣៣០ ៧២៤ នាក់ និងប្រទេសមួយចំនួនទៀតដូចជា អាមេរិក, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, បារាំង, ចក្រភពអង់គ្លេស និងជនជាតិរុស្ស៊ី ជាដើម៕