​ភ្នំពេញៈ កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ១​ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០២៣​ លើ​ការ​នាំចូល វត្ថុ​ធាតុ​ប្លា​ស្ទិ​ក និង​វត្ថុ​ធ្វើ​ពី​ប្លា​ស្ទិ​ក កៅស៊ូ និង​វត្ថុ​ធ្វើ​ពី​កៅស៊ូ ថយចុះ​ជាង​ ១១ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំមុន ឆ្លុះបញ្ចាំង​ពី​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​របស់ GDCE ឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក​ (HS ២​ខ្ទង់​)​ លេខ​កូដ ៣៩ ដែល​រួមមាន វត្ថុ​ធាតុ​ប្លា​ស្ទិ​ក និង​វត្ថុ​ធ្វើ​ពី​ប្លា​ស្ទិ​ក កៅស៊ូ និង​វត្ថុ​ធ្វើ​ពី​កៅស៊ូ (Plastics and articles thereof) ​មាន​ទឹកប្រាក់​សរុប ១,០៧​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១១,៩​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែលមាន​ចំនួន ១,២២​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចូល​ផលិតផល​ពី​ប្លា​ស្ទិ​ក និង​កៅស៊ូ ស្មើនឹង ៤,៤៣​ ភាគរយ​នៃ​ទឹកប្រាក់​នាំចូល​ទំនិញ​សរុប​ក្នុង​ឆ្នាំ​២០២៣ ដែលមាន​ចំនួន ២៤,១៨​ ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​២០២២ មាន​ចំនួន ៤,៨ ​ភាគរយ​នៃ​ទឹកប្រាក់​នាំចូល​សរុប​។​


សម្រាប់​ខែធ្នូ ឆ្នាំ​២០២៣ ការ​នាំចូល​ផលិតផល​ពី​ប្លា​ស្ទិ​ក និង​កៅស៊ូ មាន​ទឹកប្រាក់ ៩៦,១៤​ លាន​ដុល្លារ ថយចុះ ១០,៧​ភាគរយ​ពី​ចំនួន ១០៧,៦៧ ​លាន​ដុល្លារ​ ធៀប​ខែធ្នូ ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម GDCE​។​

អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចូល​ផលិតផល​ពី​ប្លា​ស្ទិ​ក និង​កៅស៊ូ កាលពី​ឆ្នាំ​២០២៣ អាច​បណ្តាលមកពី​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា កំណើន​នៃ​ការទាញយក​ធនធាន​ក្នុងស្រុក​(​ជ័រកៅស៊ូ​)​មកប្រើប្រាស់​ជំនួស​ឱ្យ​ការ​នាំចូល​, ឆន្ទៈ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដើម្បី​ថែរក្សា​បរិស្ថាន​ភពផែនដី​, ការកែច្នៃ​ផលិតផល​ពី​ប្លា​ស្ទិ​កចាស់ៗ​ឡើងវិញ និង​ការប្រើប្រាស់​ផលិតផល​ជំនួស​ឱ្យ​ប្លា​ស្ទិ​ក ជាដើម​។ 


លោក​បន្តថា ជា​ការពិត​សារធាតុ​ប្លា​ស្ទិ​កវា​មិនមាន​ផល​ល្អ​សម្រាប់​បរិស្ថាន​ទេ ប៉ុន្តែ​ការនាំ​ចូល​ផលិតផល​ទាំងអស់នេះ គឺ​ដើម្បី​បំពេញ​ឱ្យ​ការកែច្នៃ​ធ្វើជា​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការ​វេច​ខ្ចប់​ទំនិញ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​តែប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែងថា​៖«​មូលដ្ឋាន​នៃ​ការទាញយក​វត្ថុធាតុដើម​ក្នុងស្រុក​មកប្រើប្រាស់​ឱ្យអស់​លទ្ធភាព គឺ​អាចជា​ហេតុផល​ចម្បង​ដែល​ធ្វើឱ្យ​ចំនួន​ទឹកប្រាក់​នាំចូល​ផលិតផល​ទាំងអស់នេះ​ធ្លាក់ចុះ​។ នៅពេល​ការចំណាយ​លើ​ការ​នាំចូល​ផលិតផល​ពី​បរទេស​ធ្លាក់ចុះ វា​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រឹងមាំ តាមរយៈ​ការ​រក្សាទុក​រូបិយវត្ថុ​អន្តរជាតិ​កាន់តែច្រើន​សម្រាប់​ប្រើប្រាស់​ជា​ទុនបម្រុង​អន្តរជាតិ​»​។​

លោក​ប្រាប់ទៀតថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចូល​ផលិតផល​ប្លា​ស្ទិ​ក​នៅពេលនេះ ក៏​ទាក់ទង​នឹង​ចំណេះដឹង​របស់​ប្រជា​ពល​កម្ពុជា​លើ​ផល​ទាំងអស់នោះ​ផងដែរ​។​

លោក​អះអាងថា​៖«​ការ​នាំចូល​ផលិតផល​ប្លា​ស្ទិ​ក គឺ​សម្រាប់តែ​ការប្រើប្រាស់​ចាំបាច់​ប៉ុណ្ណោះ ខណៈ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ក្នុងន័យ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ប្លា​ស្ទិ​ក​ឱ្យ​បានជា​អតិបរមា​ផងដែរ​»​។​

មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ការនាំ​ចូល​ថង់​ប្លា​ស្ទិ​កមាន​ការថយចុះ​ប្រមាណ ៥០% កាលពី​ចុងឆ្នាំ​២០២៣ ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ការយល់ដឹង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​។ លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ថ្លែង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

លោក​បានឱ្យដឹងថា ៖ «​ការនាំ​ចូល​ប្លា​ស្ទិ​ក នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ មានការ​ថយចុះ​ចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែល​ស្មើនឹង​ប្រមាណ ៥០% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​ដដែល​»​។ 

​លោក​បាន​បន្តទៀតថា ការនាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុង​ខែមករា ឆ្នាំ​២០២៤ ថយចុះ​ប្រមាណ ៨០% ក្នុង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២៣ ដែលមាន​ចំនួន​សរុប ៦២ ២៨៤,០១ គីឡូក្រាម​។

​លោក ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់ថា ៖ «​ទិន្នន័យ នៃ​ការនាំ​ចូល​ថង់​ប្លា​ស្ទិ​ក​នេះ ត្រូវបាន​កត់ត្រា ក្នុង​ឆ្នាំ​២០២៣ និង​នៅ​ដើមឆ្នាំ​២០២៤ ដែល​ក្រុមហ៊ុន​ឯកជន​បាន​ស្នើសុំ​ការអនុញ្ញាត​នាំចូល​ថង់​ប្លា​ស្ទិ​ក សម្រាប់​បម្រើសេវា​វេច​ខ្ចប់​ទំនិញ​ក្នុង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន សម្រាប់​ច្រក​សំរាម វេច​ខ្ចប់​អាហារ និង​ប្លា​ស្ទិ​ក​ដែល​ងាយ​ពុកផុយ​ក្នុង​បរិស្ថាន (Biodegradable Plastic Bag)»​។​

ចំពោះ​ថង់​ប្លា​ស្ទិ​ក ដែល​ក្រុមហ៊ុន​សុំ​អនុញ្ញាត​នាំចូល​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នេះ បាន​អនុលោម​ទៅតាម​លក្ខខណ្ឌ​អនុញ្ញាតឱ្យ​នាំចូល ដែល​មានចែង​ក្នុង​អនុក្រឹត្យ​លេខ ១៦៨ អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក (​កម្រាស់​ចាប់ពី ០,០៣ មិល្លីម៉ែត្រ ឡើងទៅ​)​។ នេះ​បើតាម​ការបន្ថែម​ពី​លោក ខ្វៃ អាទិ​ត្យា​៕