​ភ្នំពេញៈ លោក ស៊ូ សុជាតិ អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​(SERC) បានឱ្យដឹងថា វត្តមាន​របស់​ទីភ្នាក់ងារ​វាយតម្លៃ​លទ្ធភាព​សង​នៅក្នុង​ស្រុក គឺជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការកសាង​ទំនុក​​ចិត្ត​របស់​វិនិយោគិន និង​បង្កើន​ភាពជឿ​​ជាក់​របស់​សាជីវកម្ម​នៅ​កម្ពុជា​។ ភ្នា​ក់​ងារ​នេះ​នឹង​ផ្តល់​ការវាយតម្លៃ​ប្រកប​ដោយ​តម្លាភាព និង​ឯករាជភាព​ពី​ភាគី​ពាក់ព័ន្ធ និង​ភ្នាក់ងារ​វាយតម្លៃ​លទ្ធភាព​សង​ក្នុងស្រុក ចាំបាច់​ត្រូវមាន​ស្តង់ដា​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​វិធីសាស្ត្រ និង​ដំណើរ​​ការ​នៃ​ការវាយតម្លៃ ដែល​អាច​ប្រៀប​ធៀប​ជាមួយ​ដៃគូ​ក្នុង​តំបន់​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ជំនួយ​បច្ចេក​ទេស​សម្រាប់​ទីភ្នាក់ងារ​វាយតម្លៃ​កម្ពុជា​ស្តីពី​ «​ការកសាង​សមត្ថភាព​សម្រាប់​ភាគី​ពាក់ព័ន្ធ​»​កាលពី​ថ្ងៃទី ​៧ ខែកុម្ភៈ លោក ស៊ូ សុជាតិ បានឱ្យដឹងថា នៅតាម​បណ្ដា​ប្រទេស​ជាច្រើន គឺមាន​ភ្នាក់ងារ​​វាយតម្លៃ​ក្នុងស្រុក​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​មូលធន​ក្នុងការ​ផ្តល់​ចំណាត់ថ្នាក់​វិជ្ជាជីវៈ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី ខណៈ​ក្រុមហ៊ុន​វាយតម្លៃ​ក្នុងស្រុក​ក៏​ដើរតួ​សំខាន់​ក្នុងការ​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​សម្រាប់​ភាពជោគជ័យ​នៃ​ទីផ្សារ​មូលធន​នេះ​ផងដែរ​។​


​លោក​បាន​ថ្លែងថា​៖ «​ការអន្តរាគមន៍​ពី​និយ័ត​ករ ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិ​​រញ្ញ​វត្ថុ​ក្នុងការ​វាយតម្លៃ​លទ្ធភាព​សង​នឹង​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​ប្រកបដោយ​និរន្តរភាព​។ នៅពេល​ក្រុមហ៊ុន​បានរៀបចំ និង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួលបាន​ការ​វាយ​​តម្លៃ​លទ្ធភាព​សង​ល្អ​បំផុត ការណ៍​នេះ​នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​ប្រកប​​ដោយ​និរន្តរភាព​នៅ​កម្ពុជា​»​។​

​ប្រទេស​កម្ពុជា​ បានចេញ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ដល់​ក្រុមហ៊ុន​វាយតម្លៃ​ឥណទាន​ដែល​គ្រប់គ្រង​ដោយ​វិ​និ​យោ​គិ​ន​ក្នុងស្រុក​ដំបូង​របស់ខ្លួន​គឺ​ទីភ្នាក់ងារ​វាយតម្លៃ​កម្ពុជា​ភីអិលស៊ី ​(RAC) កាលពី​ឆ្នាំ​ ២០២២ ខណៈ​ក្រុមហ៊ុន​នេះ​ផ្តល់​សេវា​វាយតម្លៃ​ឥណទាន​លើ​វិស័យ​មូល​ប​ត្រ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​


​អាជ្ញាប័ណ្ណ​នេះ​ត្រូវ​បានចេញ​ដោយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​(SERC) កាលពី​ថ្ងៃទី ​១២ ខែកក្កដា គឺជា​ព្រឹត្តិការ​ណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​នៅក្នុង​ប្រទេស​។​

​លោក ស៊ីសុវត្ថិ ចក្រ​កា​រា អភិបាល​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រេ​ត​ធី​ង អេ​ជេន​ស៊ី អ​ហ្វ ​(​ខេ​ម​បូ​ឌា​) ម​.​ក  ​បាន​បញ្ជាក់ថា ការកសាង​សមត្ថភាព​នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការកសាង​ប្រព័ន្ធ​ទិន្នន័យ និង​អ្នកជំនាញការ​សម្រាប់​ការវាយតម្លៃ​ហានិភ័យ​ឥណទាន​នៅក្នុង​ទីផ្សារ​មូល​ធន​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​។ ទីផ្សារ​មូលធន​ដែល​ដំណើរការ​បានល្អ គឺជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​។​

​លោក​បាន​ប្រាប់​ភ្នំ ពេញ​ ប៉ុស្តិ៍​ កាលពីមុន​ថា វិនិយោគិន​នៅក្នុង​ទីផ្សារ​មូលធន​មានគុណ​វិបត្តិ​ចំពោះ​ក្រុមហ៊ុន​បោះផ្សាយ​ដោយសារ​ពួកគេ​មាន​ព័ត៌មាន​តិចជាង​អ្នក​ខាងក្នុង​ដែល​គេ​មើលឃើញថា ជា​បញ្ហា​«​ព័ត៌មាន​មិនត្រូវ​គ្នា​»​។​

​លោក​ឱ្យដឹងទៀតថា ទីភ្នាក់ងារ​វាយ​តម្លៃ​ឥណទាន​ដោះស្រាយ​បញ្ហា​មួយចំនួន​នេះ​ដោយ​ផ្តល់​លទ្ធភាព​ទទួល​ព័ត៌មាន​ដែល​បានធ្វើឱ្យ​ប្រសើរឡើង​។​ ទីភ្នាក់ងារ​នេះ នឹង​ធ្វើឱ្យ​គុណភាព និង​បរិ​មាណនៃ​ព័ត៌មាន​ល្អប្រសើរ​ឡើង​នៅក្នុង​ទីផ្សារ​មូលធន​ដើម្បី​ជា​ប្រយោជន៍​ដល់​វិនិយោគិន​។​

​លោក​ថ្លែងថា​៖ «​គោលបំណង​របស់ RAC គឺ​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ដល់​វិនិយោគិន​ក្នុង​ទីផ្សារ​មូលធន​»​។​

​លោក Vivek Rao អ្នកជំនាញ​វិស័យ​ហិរញ្ញវត្ថុ​របស់ ADB ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ បាន​លើកឡើងថា​៖ «​ការវាយតម្លៃ​លទ្ធភាព​សង ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រីក​ទីផ្សារ​មូលធន និង​ជា​ឧបករណ៍​ក្នុងការ​​លើកកម្ពស់​សន្ទនីយ​ភាព​ទីផ្សារ​»៕