ភ្នំពេញៈ ក្នុងន័យដើម្បីពង្រឹង និងពង្រីកវិសាលភាពការផ្សព្វផ្សាយ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យដើរលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើន រាជរដ្ឋាភិបាលក្នុងសប្តាហ៍នេះបានធ្វើការកែសម្រួលអនុក្រឹត្យមួយស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
យោងតាមអនុក្រឹត្យស្តីពី «ការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា» ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៦ ខែកុម្ភៈ គឺបានធ្វើការកែសម្រួលមាត្រាមួយចំនួននៅក្នុងអនុក្រឹត្យលេខ ៥៧ អនក្រ.បក. ចុះថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៨។
អនុក្រឹត្យថ្មីសរសេរថា៖ «អនុក្រឹត្យនេះកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលសរសេរជាអក្សរកាត់ថា ក.ផ.ផ.ដើម្បីធ្វើការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងនិងពង្រីកបទពិសោធន៍ការអភិវឌ្ឍ និងភាពទាក់ទាញទេសចរតាមរយៈការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជំរុញកិច្ចសហការភាពជាដៃគូ និងការចូលរួមរវាងផ្នែកសាធារណៈ និងផ្នែកឯកជនក្នុងការធានាគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារទេសចរណ៍អន្តរជាតិ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែកុម្ភៈថា ការធ្វើបច្ចុប្បន្នភាពអនុក្រឹត្យនេះ គឺក្នុងគោលបំណងជួយជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាមានសម្ទុះឡើងវិញបន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីវត្តមានជំងឺកូវីដ ១៩។
លោកបានបន្តថា ទោះក្តីបារម្ភពីជំងឺកូវីដ ១៩ បានបិទបញ្ចប់ស្ទើរទាំងស្រុងក៏ដោយ ក៏វិបត្តិនយោបាយ និងសេដ្ឋកិច្ចសកលដែលកើតឡើងជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបន្តដាក់សម្ពាធលើវិស័យនេះដដែល។
លោកបានថ្លែងថា៖ «ការកែសម្រួលនេះគឺដើម្បីឱ្យស្របទៅនឹងការវិវឌ្ឍរបស់សង្គម ប៉ុន្តែសម្រាប់ប្រសិទ្ធភាពបែបណានោះ វាក៏ត្រូវអាស្រ័យទៅលើភាពឯករាជ្យ សមត្ថភាពរបស់ប្រតិបត្តិករ និងធនធានសម្រាប់ប្រើប្រាស់ក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយផងដែរ»។ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងទេសចរណ៍បានទេកាលពីម្សិលមិញ៕