​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​​ណែ​ត បាន​អំពាវនាវ​ឱ្យ​វិនិយោគិន និង​ពា​ណិ​ជ្ជ​ករ​ថៃ​ ពិនិត្យមើល​វិស័យ​សក្តានុពល​សំខាន់ៗ​ចំនួន​ ៤ របស់​កម្ពុជា ដែល​រួមមាន​ទេសចរណ៍ សេដ្ឋកិច្ច​ឌីជីថល ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​កសិកម្ម ដើម្បី​ពង្រីក​អាជីវកម្ម និង​ការវិនិយោគ​របស់ខ្លួន​នៅ​ប្រទេសជិតខាង​មួយ​នេះ​។​

​ថ្លែង​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ​ ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពីថ្ងៃ​ទី​ ៧ ខែកុម្ភៈ ឆ្នាំ ​២០២៤ លោកនាយក​​រដ្ឋមន្ត្រី​បានឱ្យដឹងថា រយៈពេល ៧ ​ទសវត្សរ៍​កន្លងមក​នេះ​ ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា និង​ថៃ​ មាន​សក្តានុពល​យ៉ាង​ធំធេង​ដែល​អាច​ជំរុញឱ្យមាន​វិបុលភាព​ក្នុង​តំបន់​និង​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៃ​ប្រ​ទេស​ទាំង​ ២ ​មាន​ភាពប្រសើរឡើង​។​


​លោក​បានលើកឡើង​អំពី​កិច្ច​សហ​ប្រតិ​​ប​ត្តិ​កា​រលើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា វិស័យ​ទេសចរណ៍​ដែល​ប្រជាជាតិ​ទាំង​ ២ ​ទទួលបាន​ពរជ័យ​ពី​សម្បត្តិ​វប្បធម៌ និង​ធម្ម​ជាតិ​តែ ១​ គត់​ ដែល​ប្រែក្លាយ​វិស័យ​ទេស​​ចរណ៍​ទៅជា​វិស័យ​រីកចម្រើន​។

លោក​បានឱ្យដឹងថា សម្បត្តិ​ទាំង​ ២ ​នេះ គួរតែ​ធ្វើ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​រួមគ្នា កញ្ចប់​ធ្វើដំណើរ​ឆ្លង​ដែន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ប្រទេស​ទាំង ២ អាច​ដោះ​សោ​សក្តានុពល​ដែល​មិនទាន់​ប្រើប្រាស់​ក៏ដូចជា​ការ​ទាក់​​ទាញ​ភ្ញៀវទេសចរ​ពី​គោលដៅ​ផ្សេងៗ​ទៀត​ក្រោម​ពាក្យស្លោក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​គឺ​«​ព្រះរាជាណាចក្រ​ ២ ​គោលដៅ​តែ​ ១»​។​


​លោក​លើកឡើងថា សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ប្រទេស​ទាំង ​២ ​អាច​ទទួលយក​បដិវត្ត​ន៍​ឌីជីថល​រួមគ្នា​ជំរុញ​នវានុវត្តន៍​និង​បង្កើត​ឱកាស​ថ្មីៗ​សម្រាប់​ប្រជាជន​។​លោក​បន្ថែមថា​៖«​សក្តានុពល​ផ្លាស់​​ប្តូរ​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​សេដ្ឋកិច្ច​បៃ​តង​អាចជា​កម្លាំង​ប្រកបដោយ​ឥទ្ធិពល​សម្រាប់​ការស្តារ​សេដ្ឋកិច្ចសង្គម ការ​លុប​​បំបាត់​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វិ​និ​យោគិន​ថៃ​ ដើម្បី​ស្វែងរក​ឱកាស​អាជីវ​កម្ម​លើ​បច្ចេកវិទ្យា​ឌីជីថល​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ក្បាលម៉ាស៊ីន​ដ៏​មាន​ឥទ្ធិ​​ពល​សម្រាប់​កំណើន និង​វឌ្ឍនភាព​»​។​

​ទន្ទឹមនឹងនោះ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​នៃ​ប្រទេស​ទាំង ​២ ​អាច​លើក​កម្ពស់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ គឺជា​ការងារ​មួយ​ដែល​កំពុងដំណើរការ​ដើ​ម្បី​ភ្ជាប់ និង​សម្រួល​ពាណិជ្ជកម្ម​រវាង​ប្រ​ទេស​ទាំង ​២​។

លោក​បន្ថែមថា​៖ «​កម្ពុជា​គឺជា​មជ្ឈមណ្ឌល​នៃ​ច្រករបៀង​សេដ្ឋ​​កិច្ច​ភាគខាងត្បូង​ (SEC) ក្រោម​មហា​អនុតំបន់​មេគង្គ​ដែល​ត​ភ្ជាប់​ជាមួយ​ប្រ​​ទេស​ថៃ​រួមទាំង​ទីក្រុង​បាងកក ប្រទេស​វៀតណាម រួមទាំង​ទីក្រុង​ហូជីមិញ និង​ប្រទេស​ឡាវ​ផងដែរ​»​។​

​សម្រាប់​វិស័យ​កសិកម្ម លោកនាយក​​រដ្ឋមន្ត្រី​បានលើកឡើង​ថា ប្រទេស​ទាំង ​២​ អាច​ចែករំលែក​ជំនាញ និង​ធនធាន​ដើម្បី​ជំរុញ​ផលិតកម្ម​ស្បៀង និង​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​តំបន់​។ នៅក្នុង​រយៈពេល ២​ ទសវត្សរ៍​ចុងក្រោយ​នេះ​កម្ពុជា​បាន​ប្រែក្លាយជា​ប្រទេស​ផលិត​ដំណាំ​កសិឧស្សាហកម្ម​សំខាន់ៗ​ជា​ច្រើន​ដូចជា ស្រូវ ដំឡូង​មី ស្វាយចន្ទី កៅស៊ូ និង​ស្វាយ​។​ល​។​

​លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​វិនិយោគិន​ថៃ​ឱ្យ​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​។ ជោគជ័យ​របស់​ក្រុមហ៊ុន​ថៃ​ដូចជា C.P Cambodia Co., Ltd ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CPF ក្នុង​វិស័យ​ក​សិ​​ឧស្សាហកម្ម និង​ឧស្សាហកម្ម​ម្ហូប​អា​ហារ​នៅ​ប្រទេស​កម្ពុជា​បង្ហាញ​ពីស​ក្តា​នុ​ពល​សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។ យើង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​វិនិយោគិន​ថៃ​ដែលមាន​បំ​​ណង​ចង់​ពង្រីក​អាជីវកម្ម​ដែលមាន​ស្រាប់​របស់​ពួកគេ ឬ​ចូលទៅក្នុង​ទីផ្សារ​ថ្មី​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​»​។​

​លោក គិត ម៉េង ប្រធានសភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា បាន​ថ្លែង​នៅក្នុង​វេទិកា​នេះ​ថា ចាប់តាំងពី​ឆ្នាំ​ ២០០៤ មក​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ បាន​កើនឡើង​ពី​៧៥០​លាន​ដុល្លារ ទៅដល់​ជាង ៩​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២២​។

លោក​បន្ថែមថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា របស់លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ដ្រី​ប្រទេស​ថៃ កាល​ពីថ្ងៃ​ទី​២ ៨ ខែកញ្ញា ឆ្នាំ​ ២០២៣ រដ្ឋា​ភិ​បាល​ប្រទេស​ទាំង​ ២​ បាន​សន្យាថា នឹង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ឱ្យដល់​ចំនួន ១៥​ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០២៥​។​

​លោក​បាន​អះអាងថា​៖ «​ក្រុមហ៊ុន​ថៃ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​នានា​នៅ​កម្ពុជា​។ ក្នុង​វិស័យ​កសិកម្ម​ពួកគេ​ចូលរួម​យ៉ាងខ្លាំង​ផ្នែក​ផលិតកម្ម​ស្រូវ ពោត ដំឡូង​មី និង​កៅស៊ូ ដែល​រួម​​ចំណែក​ដល់​ទិន្នផល​កសិកម្ម និង​ប្រាក់​​ចំណូល​នាំចេញ​របស់​កម្ពុជា​។ ថៃ​ក៏បាន​វិនិយោគ​លើ​ការកែច្នៃ និង​រោងចក្រ​វេច​​ខ្ចប់​ផលិតផល​ទាំងនេះ​ផងដែរ​»​។​

​យោងតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ផ្អែកលើ​ទិន្នន័យ​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​៤ ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០២៣​។

លោក​បាន​បន្តថា ការនាំចេញ​របស់​ប្រទេស​ថៃ​ មក​កម្ពុជា ភាគច្រើន​រួមមាន​ប្រេងឥន្ធនៈ ចម្រាញ់​ភេសជ្ជៈ បសុសត្វ និង​យាន​​យន្ត ខណៈដែល​ការនាំចេញ​របស់​កម្ពុជា ភាគច្រើន គឺ​ត្បូង​មានតម្លៃ បន្លែ ផ្លែឈើ និង​ផលិតផល​ដែក​។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ការវិនិយោគ​របស់​ប្រទេស​ថៃ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រ​មាណ ​១,៦​ ពាន់​លាន​ដុល្លារ ដែល​ធ្វើឱ្យ​ប្រទេស​ថៃ​ស្ថិតក្នុង​លំដាប់​កំពូល​វិ​និ​យោគិន​បរទេស​ទាំង ​១០ ​នៅ​កម្ពុជា​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា វា​នៅតែ​មានឱកាស​សម្រាប់​កំណើន និង​ការពង្រីក​អាជីវកម្ម​របស់​ថៃ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​តាមរយៈ​គោល​គំនិត​«​ថៃ​បូក​១» ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង ​២»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​អាច​ប្រមើលមើល​ពី​គំរូ​កិច្ចសហប្រតិបត្តិការ​ដែល​រោងចក្រ​ធំៗ​មាន​ទីតាំងនៅ​ក្នុងប្រទេស​ថៃ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ផ្គត់ផ្គង់​គ្រឿងបន្លាស់ ឬ​ទំនិញ​កម្រិត​មធ្យម​មាន​ទីតាំង​នៅតាម​ព្រំដែន​ក្នុងប្រទេស​កម្ពុជា​»៕​