​ភ្នំពេញៈ ម៉ាឡេស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១៥ របស់​កម្ពុជា ដោយ​ក្នុង​ខែ​ដំបូង ឆ្នាំ​ ២០២៤ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ភាគី​ទាំង​ ២ មាន​ទឹកប្រាក់​ជាង ៤៦ ​លាន​ដុល្លារ កើន​ជាង ៣៥​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២៣ ក្នុងនោះ​ការនាំ​ចេញ​របស់​កម្ពុជា​បាន​កើនឡើង​ជាង ៨៣ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​កត់​​ត្រា​ដោយ GDCE បង្ហាញថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ម៉ា​ឡេ​ស៊ី មាន​ទឹកប្រាក់​សរុប ៤៦,៤១​ លាន​ដុល្លារ កើន ៣៥,២​ ភាគ​រយ​ ធៀប​ខែមករា ឆ្នាំ ​២០២៣ ដែលមាន ៣៤,៣២ ​លាន​ដុ​​ល្លារ​។ នៅក្នុង​ចំនួន​នេះ​ទំនិញ​ម៉ាឡេស៊ី នាំមក​កម្ពុជា​មានទឹក​ប្រាក់ ៣៥,៣២​ លាន​ដុល្លារ កើន ២៥,៦​ ភាគរយ និង​ទំនិញ​កម្ពុជា​នាំទៅ​ម៉ា​ឡេ​​ស៊ី ១០,៤៩ ​លាន​ដុល្លារ កើនឡើង ៨៣,១ ​ភាគរយ​។​


​បើ​ផ្អែក​តាម​ស្ថិតិ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ មាន​ឱនភាព​ ២៥,៤៣ លាន​ដុល្លារ កើន​ពី​ចំនួន ២២,៨៦​ លាន​ដុល្លារ​ក្នុង​ខែមករា ឆ្នាំ​ ២០២៣​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែមីនា​ថា ក្នុងនាម​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែ​ ១ ប្រទេស​ទាំង​ ២ តែងមាន​សកម្មភាព​នាំ​​ចេញ​-​នាំចូល​ទំនិញ​ជាមួយគ្នា​ជាប្រចាំ​ដោយ​ភាគច្រើន​ជាការ​នាំចូល​របស់​ម៉ាឡេស៊ី​។ មូល​ហេតុដែល​ម៉ាឡេស៊ី​នាំ​ចូលមក​ច្រើន​លើសលប់​ធៀប​នឹង​ការ​នាំចេញ​របស់​កម្ពុជា គឺ​ដោយ​សារ​ម៉ាឡេស៊ី​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​កម្លាំង​ផលិត​​កម្ម​ខ្លាំង​តាំងពី​យូរ​មកហើយ ដោយ​បច្ចុប្បន្ន​ក្រៅពី​ផលិតកម្ម​កសិកម្ម ប្រទេស​ម៉ាឡេស៊ី​ក៏មាន​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿង​ម៉ាស៊ីន គ្រឿង​សំ​ណង់ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ទៀត​។


លោក​បន្តថា តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការល្អ​ជាមួយគ្នា ហើយ​ប្រទេស​ទាំង​ ២ ក៏​ជា​សមាជិក​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​ ទៀត​នោះ គឺ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​បន្ត​កើនឡើង​កាន់​តែ​ច្រើន​នាពេលខាងមុខ​។​

​លោក​បញ្ជាក់ថា​៖ «​កំណើន​ទំហំ​ពាណិជ្ជកម្ម គឺ​បញ្ជាក់​ពី​កំណើន​នៃ​តម្រូវការ និង​សមត្ថ​ភាព​ផលិតកម្ម​ប្រទេស​នីមួយៗ​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ ទោះយ៉ាងណា បើ​ពិនិត្យ​ទៅលើ​តារាង​តុល្យការ​គឺ​កម្ពុជា​នៅមាន​ឱនភាព​ច្រើន ដែល​ទាមទារ​ឱ្យ​ខិតខំ​បន្ថែមទៀត​ក្នុង​ការផលិត​ទំនិញ​មាន​តម្រូវការ​ខ្ពស់​នៅ​ម៉ាឡេស៊ី​»​។​

​ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​លី​លី ហ្វូ​ត​អ៊ីន​ដាស​ទ្រី ខូ អិ​ល​ធី​ឌី លោកស្រី កែវ មុំ បានឱ្យដឹងថា ម៉ាឡេស៊ី​ជាទី​ផ្សារ​ធំ​មួយ​ក្នុង​តំបន់ ដែល​កម្ពុជា​ត្រូវខិតខំ​ពង្រីក​បន្ថែមទៀត ព្រោះ​កម្ពុជា​នៅមាន​ផលិតផល​សក្តានុពល​ជាច្រើន​សម្រាប់​នាំទៅ​ទីនោះ ពិសេស​ផលិតផល​កសិកម្ម​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការដាក់ចេញ​នូវ​គោ​លន​យោ​បាយ​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​ក្នុង​វិស័យ​កសិកម្ម និង​ភាព​រីកចម្រើន​នៃ​វិស័យ​កសិកម្ម នឹង​ជួយ​ឱ្យ​សម្ទុះ​នៃ​ការនាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​កើនឡើង​ខ្ពស់​នៅពេល​អនាគត​»​។​

​យោងតាម​លោកស្រី កែវ មុំ សម្រាប់​ផលិតផល​នំ​ស្រួយ​លី​លី គឺ​ត្រូវបាន​នាំយកទៅ​លក់​នៅ​ប្រទេស​ម៉ាឡេស៊ី ៤-៥​ ​ឆ្នាំ​មកហើយ ប៉ុន្តែ​នៅមាន​បរិមាណ​តិចតួច​នៅឡើយ​។​

​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ឱ្យ​រឹតតែ​ខ្លាំង កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ​កន្លងមក ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី និង ទេសាភិបាល​ធនា​​គារ​កណ្ដាល​ម៉ាឡេស៊ី លោក Abdul RasheedGhaffour បាន​ចុះ​អនុស្សរណៈ​ការយល់​​យោគ​គ្នា ​(MoU)​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការជំរុញ​ន​វា​នុ​វត្ត​ន៍​ហិ​​រញ្ញ​វត្ថុ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ ព្រម​ទាំង​លើកកម្ពស់​នវានុវត្តន៍​ហិ​​រញ្ញ​វត្ថុ និង​ការទូទាត់​ឆ្លងដែន ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ថែមទៀត ព្រមទាំង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ធុរជន​នៃ​ប្រទេស​ទាំងពីរ​។ MoU នេះ​គឺជា​ការបើកផ្លូវ​ឱ្យ​កម្ពុជា​-​ម៉ាឡេស៊ី ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ QR Code​។​

​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា​៖ «​ការណ៍​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី អាចធ្វើ​ការ​​ទូទាត់​ដោយ​ស្កេ​ន QR Code នៅ​ប្រទេស​កម្ពុជា ហើយ​ប្រជា​ជនកម្ពុជា​ក៏​អាចធ្វើ​ការទូទាត់​ដោយ​ស្កេ​ន QR Code នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ទៅវិញទៅមក​ផងដែរ ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​សម្រាប់​ការ​ទូទាត់ ព្រមទាំង​បាន​ជួយ​គាំទ្រ​ដល់​យន្តការ​កិច្ចសហការ​ត្រួត​​ពិនិត្យ​ការទូទាត់​ឆ្លងដែន ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ MoU នេះ​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​ពា​ណិ​​ជ្ជ​កម្ម និង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង ​២ ​ផងដែរ​»​។​

​ក្នុង​ឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ម៉ាឡេស៊ី មាន​ទឹកប្រាក់​សរុប ៦៣២,៤៤​ លាន​ដុល្លារ កើន ១,៩​ ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំចេញ ១០៥,០៥​ លាន​ដុ​ល្លារ ធ្លាក់ចុះ ៦,១ ភាគរយ និង​ម៉ាឡេស៊ី​នាំចូល ៥២៧,៣៨​ លាន​ដុល្លារ កើន ៣,៧​ ភាគ​​រយ​។ នេះ​បើតាម GDCE៕