ភ្នំពេញៈ ក្រុមហ៊ុន Haoruidar (Cambodia) Co.,Ltd បានបោះទុនវិនិយោគជាង ១២ លានដុល្លារវិនិយោគសាងសង់ រោងចក្រកែច្នៃផ្លែឈើ ដើម្បីនាំចេញ ជាពិសេសក្រុមហ៊ុននឹងធ្វើការប្រមូលទិញនូវផ្លែឈើពីប្រជាកសិករដើម្បីយកមកកែច្នៃផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលបានអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន Haoruidar (Cambodia) ដែលមាន ទុនវិនិយោគ ១២ ៣៥០ ១៩០ ដុល្លារ លើរោងចក្រកែច្នៃផ្លែឈើ (ស្វាយ, ម្នាស់, ខ្នុរ, ទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
លោកប្រាប់ថា៖ «ការវិនិយោគរបស់ក្រុមហ៊ុននៅខេត្តព្រះសីហនុ គឺពិតជាមានសារៈសំខាន់ ព្រោះវាជាគម្រោងវិនិយោគដែលប្រមូលទិញផលិតផលក្នុងស្រុកទាំងអស់។ ដូច្នេះក្រុមហ៊ុននឹងធ្វើការប្រមូលទិញផ្លែខ្នុរ ស្វាយ ម្នាស់ និងទុរេនពីក្នុងស្រុកទាំងអស់ គឺពុំបាននាំចូលដើម្បីយកមកកែច្នៃឡើយ»។
លោកបន្ថែមថា៖ «គម្រោងរោងចក្រកែច្នៃផ្លែឈើនេះ គឺមិនត្រឹមតែចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តតាមរយៈការបង្កើតតម្លៃបន្ថែម ការនាំចូលនូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតការងារ ជាពិសេសបង្កើតទីផ្សារដល់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកក្នុងការជំរុញផលិតកម្មក្នុងស្រុកលើវិស័យកែច្នៃនេះស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា ការវិនិយោគលើវិស័យកែច្នៃចំណីអាហារនៅកម្ពុជាមានវិសាលភាពធំដែលផ្តល់ឱកាសដល់វិស័យឯកជនក្នុងការវិនិយោគលើការដំឡើងរោងចក្រកែច្នៃក្នុងការផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជានាំចេញទៅទីផ្សារក្នុងតំបន់ និងពិភពលោក ស្របពេលដែលប្រទេសកម្ពុជាមានអំណោយផលខ្ពស់លើវិស័យកសិកម្ម។
លោកបញ្ជាក់ថា៖ «យើងស្វាគមន៍ការវិនិយោគលើវិស័យកែច្នៃចំណីអាហារផ្លែឈើ ដោយសារតែប្រទេសយើងជាប្រទេសកសិកម្ម ប៉ុន្តែសម្រាប់លទ្ធភាពកែច្នៃ គឺយើងនៅមានកម្រិតនៅឡើយ។ ដូច្នេះការវិនិយោគលើវិស័យកែច្នៃចំណីអាហារនេះ គឺពិតជាមានសារៈសំខាន់ណាស់ដែលវាបានផ្តល់តម្លៃបន្ថែមក្នុងស្រុក រក្សាលំនឹងទីផ្សារកសិផល ក៏ដូចជាបង្កើនសមត្ថភាពនៃវិស័យកែច្នៃចំណីអាហារនេះផងដែរ»។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិចំនួន ៨ ៤៤៩ ៤១៤,៣៦ តោន ថយចុះ ១,៩ ភាគរយ បើធៀបឆ្នាំ ២០២២។
របាយការណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានជាង ៤ ៣០៦ លានដុល្លារ ក្នុងនោះរួមមានការនាំចេញអង្ករមានតម្លៃសរុបជាង ៥៦៧ លានដុល្លារ, ការនាំចេញស្រូវ ៩៣៩ លានដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជាង ២ ៧៩៩ លានដុល្លារអាមេរិក។
របាយការណ៍បញ្ជាក់ទៀតថា ការនាំចេញកសិផលក្រៅពីស្រូវ-អង្កររួមមានចំណិតដំឡូងមីក្រៀម ចំនួន ១,២ លានតោន, ដំឡូងមីស្រស់ ១,៩ លានតោន,ម្សៅដំឡូងមី ៣៦ ពានតោន, កាកសំណល់ដំឡូងមី ៧៤ ពាន់តោន, ស្វាយចន្ទី ៤២ ម៉ឺនតោន, គ្រាប់ពោត ៧១ ពាន់តោន, គ្រាប់សណ្ដែកបាយ ២៨ ពាន់តោន, គ្រាប់សណ្ដែកសៀង ៥៤ ពាន់តោន, ចេកស្រស់ ២៩ ម៉ឺនតោន, ស្វាយស្រស់ ១៦ ម៉ឺនតោន, តំណាប់ស្វាយ ២៧ ពាន់តោន, ផ្លែមៀនស្រស់ ១៧ ពាន់តោន, ដូងប្រេង ៧៩ ពាន់តោន, ម្រេច ៦ ពាន់តោន, បន្លែចម្រុះ ២២០ តោន និងកសិផលចំនួន ១០០ មុខ ផ្សេងទៀត ជិត ៥៤ ម៉ឺនតោន។
ក្រសួងកសិកម្ម បានវាយតម្លៃជារួមថា៖ «ក្នុងឆ្នាំ ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបាន ៥៥៤ ២១០ ហិកតា ស្មើ ១១១,២៥ ភាគរយនៃផែនការចំនួន ៤៩៨ ១៧០ ហិកតា។ វិធានការជួយសង្គ្រោះបន្ទាន់ និងវិធានការជំរុញផលិតកម្ម ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្មត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងសកម្ម»៕