​ភ្នំពេញៈ លំហូរ​ទុនវិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២៤ មាន​ប្រមាណ​ជាង ១,៣ ពាន់​លាន​ដុល្លារ កើន​ជាង ៥​ ដង ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២៣ ខណៈ​ក្នុង​ចំ​នួន​នេះ​មាន​ជិត ៤០ ​ភាគរយ​បានមកពី​វិនិយោគិន​ចិន​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​រវាង​ខេត្ត​សាន​តុង និង​កម្ពុជា នៅក្នុង​ការ​​អភិវឌ្ឍ​ «​ច្រករបៀង​ឧស្សាហ​កម្ម​» និង ​«​ច្រករបៀង​មច្ឆា និង​អង្ករ​»​ ដែល​រៀបចំ​នៅក្រោម​កិច្ច​សហការ​រវាង CDC ជាមួយ​កា​រិ​យា​ល័យ​បរទេស​នៃ​ខេត្ត​សាន​តុង​, សភាពាណិជ្ជកម្ម​កម្ពុជា​, និង​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២៤ លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា​បានឱ្យដឹងថា ក្នុង​រយៈពេល ២ ​ខែ ដើមឆ្នាំ​ ២០២៤ នេះ​លំហូរ​ទុនវិនិយោគ​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប​ជាង ១,៣​ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៥០០ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ក្នុងនោះ​លំហូរ​វិនិយោគ​ចិន មាន ៥៤៥​ លាន​ដុល្លារ ​ដែល​ស្មើ​ប្រហែល ៣៩​ ភាគរយ​នៃ​ចំនួន​ទុន​វិ​និ​យោគ​សរុប​។​


​លោក​អះអាងថា​៖ «​រយៈពេល ២​ ខែ​ដើមឆ្នាំ​ ២០២៤ រំហូរ​ទុនវិនិយោគ​មានការ​កើនឡើង​ច្រើន​គឺ​ប្រមាណ​ជាង ១,៣​ ប៊ី ​(​ពាន់​)​ លាន​ដុល្លារ កើន​ជាង ៥០០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣»​។​

​លោក​ឱ្យដឹង​​ទៀតថា ក្នុង​រយៈពេល ២​ ខែ​ដើមឆ្នាំ​ ២០២៤ រំហូរ​វិនិយោគ​ចិន​មាន​ប្រមាណ ៥៤៥​ លាន​ដុល្លារ ដែល​ស្មើ​ប្រ​មាណ ៣៩​ ភាគរយ​នៃ​ទុន​វិ​និ​យោគ​សរុប​។


លោក​បន្ថែមថា រំហូរ​ទុនវិនិយោគ​របស់​ចិន​តែង​នៅ​លេខ​រៀង​ទី​ ១, ២ ឬ​លេខ ៣ រៀងរាល់ឆ្នាំ ដែល​ភាគច្រើន​ប្រមូលផ្តុំ​ក្នុង​វិស័យ​ឧស្សាហកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ​, និង​ក​សិ​-​ឧស្សាហកម្ម​។​

​ធនាគារជាតិ​នៃ​កម្ពុជាបានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ទុនវិនិយោគ​របស់​ជ​ន​ជាតិចិន បាន​នាំមុខគេ​ក្នុងការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ដោយមាន​ចំណែក​ប្រមាណ ៤៥​ ភាគរយ​នៃ​ចំនួន​សរុប ១៨៥,៧​ ទ្រី​លាន​រៀល តាម​ពីក្រោយ​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​, សិង្ហ​បុរី​, ជប៉ុន វៀតណាម ម៉ា​ឡេ​ស៊ី និង​ថៃ ជាដើម​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែមីនា​ថា ភាពល្អប្រសើរ​នៃ​ទំ​នាក់​ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ចិន ព្រមទាំង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ទាំង​អាណត្តិ​ចាស់​និង​ថ្មី គឺ​ផ្តល់នូវ​ការលើកទឹកចិត្ត​យ៉ាងច្រើន​ដល់​វិនិយោគិន ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​តែង​រៀបចំ​វេទិកា​រាជ​ដ្ឋា​ភិ​បាល​ផ្នែក​ឯក​ជន ដើម្បី​ជួយ​ដោះស្រាយ​ការ​​លំបាក និង​បញ្ហា​ប្រឈម​នានា​របស់​ផ្នែក​ឯកជន​ទាំង​ក្នុងស្រុក និង​បរទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​លោក​បន្តថា វិនិយោគិន​ចិន​កំពុង​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ចរន្ត​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបណ្តាក់ទុន​លើ​គម្រោង​វិនិយោគ​ជាច្រើន​ដូចជា រោងចក្រ​/​សហគ្រាស​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​, កសិកម្ម​, គ្រឿង​បង្គុំ​អេឡិចត្រូនិក​, អគ្គិសនី​, គ្រឿង​ម៉ាស៊ីន​, ធនធាន​រ៉ែ ថា​ម​​ពល​...​និង​ហេដ្ឋារចនាសម្ព័ន្ធ​។ បន្ថែម​លើ​នេះ ប្រទេស​ចិន និង​កម្ពុជា​ក៏​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយគ្នា ​ដើម្បី​ពង្រីក​ទីផ្សារ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ចូល​រួម​លើកទឹកចិត្ត​វិនិយោគិន​ចិន​ឱ្យ​បន្ត និង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ពីព្រោះ​កម្ពុជា គឺជា​គោលដៅ​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ដែល​មានបំណង​ស្វែងរក​ទីផ្សារ​ទូលំទូលាយ គោលនយោបាយ​អំណោយផល និង​កំណើន​សក្តានុពល​»​។

លោក​បន្ថែមថា​៖ «​វិនិយោគិន​ចិន អាចបង្កើត​រោងចក្រ​នៅ​កម្ពុជា និង​នាំចេញ​ផលិតផល​ដោយ​ទទួលបាន​នូវ​ការអនុគ្រោះ​ពន្ធគយ​ទៅកាន់​ប្រទេស​ជាច្រើន​ក្រោម​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​កម្រិត​តំបន់ ពហុភាគី និង​ទ្វេភាគី​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​ថា ក្នុង​ឆ្នាំ​ ២០២៣ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ១២,២៦​ ពាន់​លាន​ដុល្លារ កើន​៥​ភាគរយ​បើ​ធៀប​ឆ្នាំ ២០២២ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ចិន ១,៤៨ ​ពាន់​លាន​ដុល្លារ កើន ១៩,២ ​ភាគរយ និង​ទំនិញ​ចិន​នាំចូល ​១០,៧៩​ ពាន់​លាន​ដុល្លារ កើន ៣,៣ ​ភាគរយ​៕