ភ្នំពេញៈ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​បាន​ថ្លៃ​បន្តិច​វិញ សម្រាប់​រយៈពេល ១០​ ថ្ងៃ​ទៀត ស្រប​ពេលដែល​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ក៏មាន​ការប្រែប្រួល​បន្តិច​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​ ១១ ខែមីនានេះ​ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា មានតម្លៃ ៤ ២៥០ ​រៀល ​ក្នុង​ ១​ លីត្រ ដោយ​ធ្លាក់ចុះ​ពី​ ៤ ៣០០​​ រៀល​ កាលពី​ ១០ ​ថ្ងៃមុន ខណៈ​ដែរ​ប្រេងម៉ាស៊ូត​បាន​ធ្លា​ក់មក​ត្រឹម​ ៤ ១៥០ រៀល ​ក្នុង ​១​ លីត្រ​ ចុះ​ពី​ ៤ ២០០ ​រៀល។​


​ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើងថា សម្រាប់​អនុវត្តតាម​គោលការណ៍​ដែល​បានដាក់ចុះ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយមាន​ការចូលរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានអនុញ្ញាត​ឱ្យ​បន្ត​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥ សេន​ដុល្លារ​ ក្នុង ​១ លីត្រ​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​តម្លៃ​លក់រាយ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី ​១១ ដល់​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ ​២០២៤ នឹង​ចុះមក ៤ ២៥០ រៀល​ ក្នុង​ ១ ​លីត្រ​ សម្រាប់​សាំង​ធម្មតា និង ៤ ១៥០ រៀល ​ក្នុង ​១​ លីត្រ​ សម្រាប់​ប្រេងម៉ាស៊ូត​»​។​


​យោងតាម CNBC បាន​រាយការណ៍​នៅ​ថ្ងៃទី​ ៧ ខែមីនាថា តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​បន្តិច​កាលពី​ថ្ងៃទី​ ៦ បើ​ធៀប​នឹង​ការកើនឡើង​កាលពី​មួយរយៈ​ពេលមុន​។​

​តម្លៃ​ប្រេង​ក្នុង​កិច្ចសន្យា​កម្រិត​មធ្យម​របស់ West Texas សម្រាប់​ខែមេសា បាន​ធ្លាក់ចុះ ២០ សេន ឬ ០,២៥ ភាគរយ ​មក​នៅ​តម្លៃ ៧៨,៩៣ ដុល្លារ ​ក្នុង​ ១​ បារ៉ែល​។ សម្រាប់​តម្លៃ​អនាគត​របស់ Brent ក៏​ព្យាករ​ថា​នឹង​ធ្លាក់ចុះ ២១ សេន ឬ ០,២៥ ​ភាគរយ ​មក​ត្រឹម​ ៨២,៧៧ ដុល្លារ​ ក្នុង ​១ ​បារ៉ែល​។

​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក និង​តម្លៃ​គោល​សកល​បាន​កើនឡើង​ច្រើនជាង ១​ ភាគរយ កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ប្រធាន​ធនាគារកណ្តាល​លោក Jerome Powell បាន​ប្រាប់​សភា​ថា អត្រា​ការប្រាក់​ដែល​ធ្លាប់បាន​ឡើងដល់​កំពូល ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ 
​បើទោះបីជា​ធនាគារកណ្តាល​កំពុង​ចាត់វិធានការ​ដោយ​ប្រុងប្រយ័ត្ន​មួយ ដោយសារ​ទស្សនវិស័យ​សេដ្ឋកិច្ច​មិន​ច្បាស់លាស់​។

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានឱ្យដឹងថា ប្រទេស​កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ២,១៧ ពាន់​លាន​ដុល្លារ​ លើ​ការ​នាំចូល​ប្រេងម៉ាស៊ូត និង​ប្រេង​ក្នុង​ឆ្នាំ​ ២០២៣ ពោលគឺ​ធ្លាក់ចុះ ៧,៦​ ភាគរយ ធៀប​នឹង​ឆ្នាំមុន​។

ក្នុងនោះ ការ​នាំចូល​ប្រេងម៉ាស៊ូត​មាន​ចំនួន ១,៣២ ពាន់​លាន​ដុល្លារ កើនឡើង ១២,២% ខណៈ​ការ​នាំចូល​ប្រេង​បាន​ធ្លាក់ចុះ​បន្តិចបន្តួច ០,២៦% មក​នៅត្រឹម ៨៥០ លាន​ដុល្លារ​។​

​ក្រសួង​រ៉ែ និង​ថាមពល បាន​ព្យាករ​ថា តម្រូវការ​សម្រាប់​ផលិតផល​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹង ថា​នឹង​កើនឡើង​ដល់ ៤,៨​ លាន​តោន​នៅ​ឆ្នាំ​ ២០៣០ កើនឡើង​ពី ២,៨​ លាន​តោន​ ក្នុង​ឆ្នាំ​ ២០២០៕