​ភ្នំពេញៈ ការ​ងើប​ឡើងវិញ​ជា​បណ្តើរៗ​នៃ​កំណើនសេដ្ឋកិច្ច​សកល​បាន​ជួយ​ឱ្យ​ទឹកប្រាក់​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា រយៈពេល ២ ​ខែ ដើមឆ្នាំ​ ២០២៤ សម្រេចបាន​ជាង ៨ ​ពាន់​លាន​ដុល្លារ កើន​ជិត ២០ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ខណៈ​ការនាំ​ចេញ​របស់​កម្ពុជា បាន​កើន​ជិត ២៣ ​ភាគរយ​។ នេះ​បើតាម​ទិន្ន​​ន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​យោងតាម​តារាង​ស្ថិតិ​ពា​ណិ​​ជ្ជ​កម្ម​ទំនិញ GDCE ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ​១១ ខែមីនា គឺ​ចន្លោះ​ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ការនាំចេញ​នាំចូល​ទំនិញ​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​ដៃគូ​អន្តរជាតិ មានទឹក​ប្រាក់​សរុប ៨,១២ ​ពាន់​លាន​ដុល្លារ កើន ១៩,២ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ ដែលមាន ៦,៨១ ពាន់​លាន​ដុល្លារ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ ៣,៩៨ ​ពាន់​លាន​ដុល្លារ កើន ២២,៧ ​ភាគ​រយ ចំណែក​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស ៤,១៣ ពាន់​លាន​ដុល្លារ កើន ១៦,១​ ភាគរយ​។​


​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង​រយៈពេល​ ២ ​ខែ​ដើមឆ្នាំ​ ២០២៤ មាន​ឱនភាព ១៤៩,៦៤​ លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ មាន ៣១៣,៣៣​ លាន​ដុល្លារ​។ ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជ​​កម្ម​សំខាន់​របស់​កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​ជាដើម​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១១ ខែមីនា​ថា កំណើន​ទឹកប្រាក់​នាំ​ចេញ នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បញ្ជាក់​ពី​ការ​ងើប​​ឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ច​សកល​ពី​វិបត្តិ​នានា​។ នៅពេល​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អ តម្រូវការ​ទំនិញប្រើប្រាស់ និង​ចរន្ត​សាច់ប្រាក់​ក៏មាន​ចលនា​ល្អ​ជាង​មុន​ដែរ​។


លោក​បន្តថា ការកើនឡើង​ព្រម​គ្នា​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ នាំចូល គឺជា​រឿង​ល្អ ព្រោះ​វា​បញ្ជាក់ថា ទាំង​តម្រូវការ​ទំនិញប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​កើនឡើង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​កើនឡើង​ព្រម​គ្នា​នៃ​ចំនួន​ទឹក​ប្រាក់​នាំចេញ​នាំចូល​ទំនិញ​ជា​មួយ​ទីផ្សារ​អន្តរជាតិ ​គឺជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច ហើយ​តាម​ការរំពឹងទុក​គឺ​វា​នឹង​បន្ត​ថែមទៀត​នាពេលខាងមុខ​»​។​

​ទោះយ៉ាងណា លោក​ក៏បាន​ជំ​រុញឱ្យ​ម្ចាស់​ផលិតកម្ម​នៅក្នុង​ស្រុក​ទាំងអស់​ត្រូវ​ខិតខំ​ពង្រឹង និង​ពង្រីក​ការផលិត​ក្នុងស្រុក​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ប្រមូលប្រាក់​ពី​ទីផ្សារ​អន្តរ​ជាតិ​ឱ្យបាន​ច្រើន ខណៈ​ការ​ចូល​ជា​ធរមាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់ ​(RCEP) កំពុង​ជួយ​ឱ្យ​ទីផ្សារ​នាំចេញ​កម្ពុ​ជាមាន​កាន់តែ​ធំ​។​

​លោក​បន្តថា​៖ «​កម្ពុជា​មានឱកាស​កាន់​តែ​ច្រើន​ក្នុងការ​ជំ​រុញ​ការនាំចេញ​របស់ខ្លួន​។ ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ ផលិត​ផល​គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បង្គុំ​យានយន្ត គឺជា​ទំនិញ​ដែល​កម្ពុជា​ត្រូវខិតខំ​ពង្រីក​ការនាំចេញ​ឱ្យបាន​ច្រើន​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​របស់​កម្ពុជា​ដែល​កើនឡើង​ក្នុង​រង្វង់ ២០​ ភាគរយ នាពេល ២ ​ខែ ដើមឆ្នាំ ​២០២៤ គឺ​ដោយសារ​សមត្ថភាព​ផលិត​​កម្ម​កម្ពុជា​កាន់តែខ្លាំង ហើយ​គុណភាព​របស់​វា​ក៏មាន​កម្រិតស្តង់ដា​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា ទឹកប្រាក់​ការនាំចេញ​ទំនិញ​កម្ពុជា​នឹង​បន្ត​កើន​ថែមទៀត​ក្នុងឆ្នាំនេះ ព្រោះ​បច្ចុប្បន្ន​កម្ពុ​ជាមាន​ផលិតផល​ជាច្រើន​សម្រាប់​នាំចេញ ខណៈ​កេរ្តិ៍ឈ្មោះ គុណ​​ភាព និង​តម្លៃ​ទំនិញ​កម្ពុជា​ក៏មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​ផងដែរ​»​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​រវាង​ខេត្ត​សាន​តុង និង​កម្ពុជា ក្នុងការ​​អភិវឌ្ឍ​ «​ច្រករបៀង​ឧស្សាហ​កម្ម​» និង ​«​ច្រករបៀង​មច្ឆា និង​អង្ករ​» ដែល​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង CDC ជាមួយនឹង​ការិយាល័យ​បរទេស​នៃ​ខេត្ត​​សាន​តុង​, សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈ​​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា បានឱ្យដឹងថា ក្នុង​រយៈពេល ២ ​ខែ ដើមឆ្នាំ​ ២០២៤ ​នេះ លំហូរ​ទុន​​វិនិយោគ​នៅ​កម្ពុជា​មានទឹក​​ប្រាក់​សរុប​ជាង ១,៣ ​ពាន់​លាន​ដុល្លារ កើន​ជាង ៥០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ក្នុងនោះ​លំហូរ​វិនិយោគ​​ចិន មាន​ប្រមាណ ៥៤៥​ លាន​ដុល្លារ​ដែល​ស្មើ ៣៩​ ភាគរយ​នៃ​ចំនួន​ទុនវិនិយោគ​សរុប​។​

GDCE ឱ្យដឹងថា ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប ៤៦,៨៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៩​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២​។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ​ ២២,៦៥​ ពាន់​លាន​ដុល្លារ កើន ១,៨ ​ភាគរយ និង​ការ​នាំចូល​មាន​ចំនួន ២៤,១៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥ ​ភាគរយ​៕