​ភ្នំពេញៈ សេដ្ឋវិទូ​លើកឡើងថា កម្ពុជា​ត្រូវតែ​ខិតខំ​អភិវឌ្ឍ​សមត្ថ​ភាព​ជំនាញ និង​ត្រូវធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន ​ដើម្បី​ទទួល​បាន​តម្លៃបន្ថែម​កាន់តែច្រើន ខណៈ​រដ្ឋាភិបាល​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដើម្បី​ចាប់យក​កាលានុវត្តភាព​ថ្មីៗ​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​​៤​។​

​ការលើកឡើង​នេះ​ធ្វើឡើង​ក្នុងឱកាស​នៃ​កិច្ចពិភាក្សា​តុមូល​ស្តីពី ​«​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឆ្នាំ ​២០២៤»​ ដែល​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃទី ​១១ ខែមីនា ឆ្នាំ​ ២០២៤​។​


សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាននិយាយថា នៅក្នុងអំឡុងពេលបដិវត្តឧស្សាហកម្មទី៤ នេះកម្ពុជាត្រូវតែខិតខំអភិវឌ្ឍន៍សមត្ថភាពកម្លាំងពលកម្មរបស់ខ្លួនឱ្យខ្លាំង ដើម្បីអាចទាក់ទាញ និងចាប់យកការមកដល់របស់រោងចក្រ/សហគ្រាសដែលប្រើបច្ចេកវិទ្យាទំនើបៗ។ ការធ្វើបែបនេះនឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈបរិបទនៃខឿនឧស្សាហកម្មកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះ (ចាប់តាំងពីឆ្នាំ ១៩៩៦) គឺពឹងផ្អែកភាគច្រើនលើការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ។

លោកបន្តថា ជាមួយនឹងការវិវឌ្ឍសង្គម-សេដ្ឋកិច្ច គឺកម្ពុជាដល់ពេលហើយក្នុងការធ្វើឱ្យខឿនឧស្សាហកម្មរបស់ខ្លួនកាន់តែទំនើប និងទទួលបានតម្លៃបន្ថែមច្រើនជាងមុន។ នេះជាដំណាក់កាលដែលកម្ពុជាគួរងាកពីវិស័យមួយចំនួនដែលផ្តល់តម្លៃបន្ថែមទាប ទៅរកឧស្សាហកម្មផ្តល់តម្លៃបន្ថែមខ្ពស់។


​លោក​លើក​ឧទាហរណ៍​ថា បើ​កម្ពុជា​ទិញ​ក្រណាត់​ពី​ក្រៅប្រទេស​មក​ចំណាយ​អស់ ៥ ​ពាន់​លាន​ដុល្លារ ហើយ​ពេល​កែច្នៃ​រួច​អាច​លក់​ទៅវិញ​បាន​ចន្លោះ​ពី ១០-១២​ ពាន់​លាន​ដុល្លារ ដូច្នេះ​តម្លៃបន្ថែម​ដែល​កម្ពុជា​បង្កើតបាន​គឺ​ជាង​ទ្វេដង ប៉ុន្តែ​ប្រសិន​បើ​អាច​ចាប់យក ឬ​បង្កើត​ឧស្សាហកម្ម​ថ្មី​ណា​ដែល​ផ្តល់​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ គឺ​ត្រូវតែ​ពិចារណា និង​ខិតខំ​ចាប់យក​ឱ្យបាន​។​

​លោក​បន្ថែមថា ផលិតកម្ម​សំខាន់ៗ​ទាំង​នោះ​មានដូចជា ឧស្សាហកម្ម​ផលិត​គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បង្គុំ​រថយន្ត ជាដើម​។​លោក​ថ្លែងថា​៖«​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ (​ជំនាញ​អេ​ឡិច​​ត្រូ​និក​)​ គឺ​យើង​អាច​ទិញ​ឧ​បករ​ណ៍​/​សម្ភារ​មក​អស់​ចំនួន ១០០​ ដុល្លារ ប៉ុន្តែ​យើង​លក់​វិញ​បាន ៥០០ ​ដុល្លារ អ៊ីចឹង​វា​គុណ​នឹង ៥ ​ដង​។ វិស័យ​កាត់ដេរ​អាច​គុណ​នឹង​ ២ ប៉ុន្តែ​ឧស្សាហកម្ម​អេឡិចត្រូនិក អាច​គុណ​នឹង ៥ អ៊ីចឹង​ចំនួន ​៤ ​ដែល​លើស គឺ​បានមក​អំពី​ចំណេះ និង​ជំនាញ​»​។ លោក​បន្តថា​៖«​ចំណេះ ជំនាញ គឺ​បង្កើត​តម្លៃបន្ថែម​ខ្ពស់​»​។​

​ទោះយ៉ាងណា លោក​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​ប្រឈម​នឹង​កង្វះ​ធនធានមនុស្ស​ជាច្រើន​ដើម្បី​អាច​ទាញយក​វត្ថុធាតុដើម​ដែលមាន​ក្នុងស្រុក មក​កែច្នៃ​ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ចង្វាក់​ផលិតកម្ម​សម្រេច​។​បើតាម​សេដ្ឋវិទូ​ខាងលើ ការ​ពង្រឹងសមត្ថភាព​នេះ​គួរតែ​ធ្វើ​ចាប់ពី​ថ្នាក់ក្រោម ​(​កម្រិត​បឋមសិក្សា​)​ រហូតដល់​កម្រិត​មហា​វិទ្យាល័យ ឬ​ជំនាញ​ឯក​ទេស​ណាមួយ​។

លោក​បន្តថា នៅពេល​កម្ពុ​ជាមាន​ធនធានមនុស្ស​ដែលមាន​គុណភាព​ពិត​ប្រាកដ​កាន់តែច្រើន​ឱកាស​ក្នុងការ​ទាក់ទាញ​រោងចក្រ​ផលិត​ផលិតផល​សម្រេច​ក៏បាន​កាន់តែ​ច្រើន​ផងដែរ​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​លោក តែ តាំង​ប៉ បាន​និយាយថា ចំណេះដឹង និង​បច្ចេកទេស​គឺ​ពិតជា​សំខាន់​ណាស់​ក្នុងការ​ជំរុញ និង​លើកកម្ពស់​សមត្ថភាព​ផលិតកម្ម​។ នៅពេល​ផលិត​កម្ម​ក្នុងស្រុក​ផលិត​បាន​កាន់តែច្រើន និង​មាន​គុណភាព​កាន់តែ​ល្អ​នោះ ទីផ្សារ​របស់​វា​ក៏មាន​ទំហំ​កាន់តែ​ធំ​ដែរ​។

លោក​បន្តថា ទោះយ៉ាងណា​អ្វីៗ​អាច​ដំណើរការ​ទៅមុខ​បាន​លឿន គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​គាំទ្រ​ផលិតផល​ក្នុងស្រុក រួមគ្នា​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ជំរុញ​ការនាំចេញ ឱ្យបាន​កាន់តែច្រើន​។​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ បណ្តុះបណ្តាល​​វិជ្ជាជីវៈ កាលពី​ឆ្នាំ​ ២០២៣ បានដាក់​ចេញ​នូវ​កម្មវិធី​បណ្តុះ​​បណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជា​ជីវៈ​ដល់​យុវជន មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​ប្រ​មាណ ១,៥​ លាន​នាក់ ក្នុងន័យ​ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធ​ភាព​ការងារ​នៅ​កន្លែង​ការងារ ក៏ដូចជា​ត្រៀម​ចាប់យក​ឱកាស​ការងារ​ថ្មីៗ​ដែល​នឹង​មកដល់​នាពេលខាងមុខ​។ ការអភិវឌ្ឍ​ធន​ធាន​មនុស្ស គឺជា​អាទិភាព​គន្លឹះ​ទាំង​ ៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ ដែល​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

​កម្មវិធី​នេះ​ គឺ​ចង់​ប្រែក្លាយ​ការប្រើ​កម្លាំង​ពលកម្ម​សុទ្ធសាធ​ឱ្យទៅជា​កម្មករ​មាន​ជំនាញ​ច្បាស់លាស់ ហើយ​កម្មករនិយោជិត ដែល​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​ច្បាស់​លាស់ តាមរយៈ​ការបណ្តុះ​បណ្តាល​ពិសេស​នេះ ច្បាស់​ណាស់​ប្រាកដជា​នឹង​ទទួលបាន​ការងារ​ល្អ​ជាង​មុន និង​ទទួល​ប្រាក់ខែ​ច្រើនជាង​មុន​ដែរ​៕