​ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​​ទ្រព្យ JS Land Plc ដែល​ចុះបញ្ជី​នៅលើ​ទីផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​ពី​កំណើន​រឹងមាំ​នៅក្នុង​ប្រតិបត្តិការ​អាជីវ​​កម្ម​របស់ខ្លួន​កាលពី​ឆ្នាំមុន ក្នុងពេល​មានការ​ធ្លាក់ចុះ​វិស័យ​អចលនទ្រព្យ និង​សំណង់​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃទី ​១៥ ខែមីនា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣ ក្រុមហ៊ុន JS LAND PLC សម្រេចបាន​វឌ្ឍនភាព​ជារួម​លើ​ការបញ្ចប់​ការសាងសង់​រហូតដល់ ៩៨,៧៧ ​ភាគរយ និង​លក់បាន​ ៨២,៦០ ​ភាគរយ​នៃ​យូ​នី​ត​សរុប​របស់​គម្រោង The Garden Residency 2 (TGR 2)​ ប្រកបដោយ​ជោគជ័យ​។ គិត​ត្រឹម​ថ្ងៃទី ​៣១  ខែធ្នូ ឆ្នាំ​ ២០២៣ ក្រុម​ហ៊ុន JS LAND PLC បាន​រាយការណ៍​ពី​ការលក់​អចលនទ្រព្យ​ចំនួន ៨ ៧២៧ ៩៤៣ ០០០ ​រៀល និង​ប្រាក់ចំណូល​ផ្សេងទៀត​ចំនួន ៦៤៩ ៦២៤ ០០០ រៀល កើនឡើង ៤៦៤ ៧១១ ០០០ រៀល ស្មើនឹង ២៥១,៣១ ​ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី៤ ​ឆ្នាំសារពើពន្ធ ​២០២២​។​


​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣ ក្រុមហ៊ុន JS LAND PLC បាន​រាយ​ការ​​ណ៍​ពី​ការខាតបង់​សរុប​ចំនួន ២ ៣២៩ ២៤៦ ០០០ ​រៀល ការបាត់បង់​សរុប​កើនឡើង ១ ៦១៣ ១៨៧ ០០០​រៀល ស្មើ ២២៥,២៩ ​ភាគរយ​ ធៀប​ទៅនឹង​ត្រីមាស​ទី​៤ ឆ្នាំសារពើពន្ធ ២០២២​។ ​ការខាតបង់​ទាំងនេះ​ភាគច្រើន​ដោយ​សារ​តែ​ការធ្លាក់ចុះ​នៃ​សន្និធិ (៦៤០ ៧៧០ ០០០​ រៀល​) និង​អចលនទ្រព្យ​វិនិយោគ ​(៩៨៤ ៣០៣ ០០០​ រៀល​)​។ នេះ​បើ​យោងតាម​របាយការណ៍​។​

​ក្រុមហ៊ុន​បានឱ្យដឹងថា​៖ «​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​នៅតែ​រឹងមាំ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣ ​ដោយ​ទ្រព្យសកម្ម​សរុប​ចំនួន ៩៣ ៣៨៨ ៧០៨ ០០០ ​រៀល ដែល​រួមមាន​ទ្រព្យសកម្ម​មិនមែន​បច្ចុប្បន្ន​ចំនួន ៥៦ ៦១៣ ៣៨១ ០០០​រៀល និង​ទ្រព្យសកម្ម​បច្ចុប្បន្ន ៣៦ ៧៧៥ ៣២៧ ០០០​រៀល​។ មូលធន​សរុប​មាន ១៥ ២៤៣ ៤០១ ០០០ ​រៀល កាលពី​ត្រីមាស​ទី៤ ឆ្នាំ​ ២០២៣ កើនឡើង ៨៦,០៣ ​ភាគ​រយ​ ធៀប​នឹង ៧ ០៥១ ៥០៨ ០០០ រៀល កាលពី​ឆ្នាំ​ ២០២២»​។​


​លោក Koy Le San ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​ថ្លែង​ក្នុង​របាយការណ៍​ថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​បន្ត​ប្រកួតប្រជែង​កាលពី​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២៣ ដោយ​សារ​ការផ្គត់ផ្គង់​ខុន​ដូ​លើស​តម្រូវការ​។

​​លោក​ថ្លែងថា​៖ «​ប្រឈមមុខ​នឹង​ភាពលំបាក​នេះ ខ្ញុំ​មាន​មោទនភាព​ក្នុងការ​ប្រកាសថា ទោះបី​ជាមាន​បញ្ហា​ប្រឈម​ជាច្រើន ក៏​ក្រុមហ៊ុន JS Land Plc តាម​​រយៈ​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​បាន​គ្រោងទុក​យ៉ាង​យកចិត្តទុកដាក់ និង​សមិទ្ធផល​ដ៏​សំខាន់​របស់​យើង​ក្នុងការ​គ្រប់គ្រង​គម្រោង The Garden Residency 2 មុន​ការគ្រោងទុក យើង​បាន​ជម្នះ និង​យកឈ្នះ ដើម្បី​សម្រេចបាន​គោលដៅ​គម្រោង​ដែលមាន​ចំនួន​លក់​ត្រឹមត្រូវ​ដល់​ចំនួន ៨ ៧២៧ ៩៤៣ ០០០ ​រៀល និង​ប្រាក់ចំណូល​ផ្សេងទៀត ៦៤៩ ៦២៤ ០០០ ​រៀល កើន ៤៦៤ ៧១១ ០០០ ​រៀល ស្មើ ២៥១,៣១​ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២២​។​

​លោក Le San បាន​លើកឡើងថា​៖ «​យើង​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ប្រាក់ចំណេញ ដោយ​ផ្តល់​លទ្ធផល​កាន់តែ​ប្រសើរឡើង​នៅក្នុង​ត្រីមាស​នីមួយៗ​កន្លងមក​»​។​

​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​ «​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឆ្នាំ ​២០២៤» កាលពី​ថ្ងៃទី ​១១ ខែមីនា លោក សន​ សៀ​ប ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និ​​យាយ​ថា នៅ​ដើមឆ្នាំ​ ២០២៤ នេះ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មិនទាន់មាន​អ្វី​ល្អ​លើស​ឆ្នាំ​ ២០២៣ ទេ ដោយ​ផ្នែក​ខ្លះ​មាន​សញ្ញា​វិជ្ជមាន​តិចតួច​ដូចជា ទីផ្សារ​ខុន​ដូ និង​ជួល​កន្លែង​ស្នាក់ ​(​ក្នុង​វិស័យ​ទេសចរណ៍​) ប៉ុន្តែ​សម្រាប់​ទីផ្សារ​ទិញ​-​លក់​ដីធ្លី ​(​ដី​ឡូ​)​ និង​កន្លែង​ជួល​លក់រាយ គឺ​មិនទាន់​ល្អ​ឡើយ​។

លោក​បន្ថែមថា ដោយសារ​ទីផ្សារ​អចលនទ្រព្យ​តែង​អា​ស្រ័យ​លើ​កំណើនសេដ្ឋកិច្ច​សកល និង​តំបន់ ដូច្នេះ​ក្នុងដំណាក់កាល​នេះ គឺ​មិនទាន់​អាច​សម្ទុះ​ឡើងវិញ​លឿន​ឡើយ​។​

​លោក​បាន​ថ្លែងថា​៖ «​អ្វីៗ​តែងតែមាន​ប្រវត្តិ និង​ដំណើរ​របស់​វា​។ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ខ្ញុំ​មានជំនឿថា​វា​នឹង​អាចមាន​ភាពល្អប្រសើ​រវិ​ញ​នៅ​អំឡុង​ឆ្នាំ​ ២០២៦-២០២៧ ដោយ​នៅពេលនោះ​ស្ថានភាព​ទីផ្សារ​អាច​នឹងមាន​ភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០១៨-២០១៩ ដែលជា​ពេល​ទីផ្សារ​អចលន​​ទ្រព្យ​កម្ពុជា​ឡើងដល់​កំពូល​»​។​

​លោក សន សៀ​ប បាន​អះអាងថា វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ដែល​បច្ចុប្បន្ន​មាន​គម្រោង​ជាច្រើន​ត្រូវ​ជាប់គាំង គឺ​នឹង​អាច​ដោះស្រាយបាន​នៅពេល​ខាងមុខ​។

លោក​និយាយថា​៖ «​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​នឹង​រីកចម្រើន​លឿន​នាពេល​អនាគត​។ ខ្ញុំ​ហ៊ាន​ព្យាករ​បែបនេះ​ គឺ​ឆ្លងតាម​បទពិសោធន៍​នៃ​ទីផ្សារ​អ​ច​លន​ទ្រព្យ​ប្រទេស​ចិន គឺ​ការវិវឌ្ឍ​លឿន បានចាប់ផ្តើម​ចេញពី​ទីក្រុង​នៅតាម​តំបន់​ជាប់មាត់​សមុទ្រ​»៕