លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​(FASMEC) បានលើកឡើងថា FASMEC នឹងរៀបចំឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME)ចំនួន ៥០ ឱ្យទទួលបានវិញ្ញាបនបត្រ៤ប្រភេទ រួមមាន ស៥ , GHP, ISO និង ហាស្សាប់ (HACCP) ដើម្បីកែលម្អគុណភាពនៃផលិតផលឱ្យស្របតាមស្តង់ដាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ នៅឆ្នាំ២០២៤នេះ។
 
លោកបានថ្លែងបែបនេះ នៅក្នុងកម្មវិធី មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ​២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់សម្ពន្ធ័សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

លោកបានឱ្យដឹងថា សម្រាប់ទិសដៅការងារថ្មីក្នុងឆ្នាំ២០២៤ នេះ FASMEC នឹងរៀបចំវគ្គបណ្តុះបណ្តាល ការធ្វើទីផ្សារឌីជីថលដល់សហគ្រាសធុនតូច និងមធ្យមទូទាំង ២៥ រាជធានី/ខេត្ត និងបន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការភ្ជាប់ធនាគារដៃគូដល់សហគ្រាសធុនតូច និងមធ្យម ទូទាំង ២៥ រាជធានីខេត្តផងដែរ។
 
លោកបានបញ្ជាក់ថា៖«FASMEC នឹងជួយរៀបចំពង្រឹងប្រធានសាខា ទាំង ២៥ រាជធានី/ខេត្ត, រៀបចំផែនការធ្វើទីផ្សារដើម្បីជួយដល់SMEs ព្រមទាំង គាំទ្រនិងរៀបចំប្រមាណ ៥០SMEs ឱ្យទទួលបានវិញ្ញាបនបត្រ ស៥,GHP,ISO និង ហាស្សាប់ (HACCP) ដើម្បីកែលម្អគុណភាពនៃផលិតផលឱ្យស្របតាមស្តង់ដា និងជំរុញការនាំចេញទៅទីផ្សារក្រៅប្រទេស»។
 
បើតាមលោក តែ តាំងប៉ FASMEC ក៏មានគម្រោងបង្កើតវេបសាយ (Website) FASMEC ដើម្បីលើកតម្កើងផលិតផលក្នុងស្រុក របស់SMEs រួមទាំងរៀបចំវគ្គបណ្តុះបណ្តាលជំនាញខ្លីៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ដូចជា ជំនាញគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ ជំនាញទីផ្សារឌីជីថល ជំនាញធ្វើផែនការ ជំនាញគ្រប់គ្រង ក៏ដូចជាការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយបែងចែកដាច់ដោយឡែក ប្រភេទផលិតផលរបស់ SMEs ផងដែរ។
 
ជាមួយគ្នានោះដែរ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងដែរថា សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច និងសង្គម។
 
លោកបានបញ្ជាក់ថា៖«ក្រសួងនឹងបន្តខិតខំយកចិត្តទុកដាក់ពង្រឹង និងលើកស្ទួយវិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្មន្តសាលនេះ ដែលជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ»។


បើតាមរបាយការណ៍ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមឆ្នាំ២០២៣ ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល នៅទូទាំងកម្ពុជា មានចំនួនសរុប ៤៤៦២៨ មូលដ្ឋាន, ប្រើប្រាស់កម្លាំងពលកម្មចំនួន ៤៦៣៩៦៦នាក់ ក្នុងនោះចុះបញ្ជីថ្មីមានចំនួន ១៤០៦ មូលដ្ឋាន និងបង្កើតការងារថ្មីបានចំនួន ២០៦៨៣នាក់ និងកំពុងប្រើប្រាស់សក្តានុពលធនធានពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរ៕