​ភ្នំពេញៈ វិស័យ​អចលនទ្រព្យ និង​សំណង់ ត្រូវបាន​គេ​ដឹងថា​ជា​ចន្ទល់​ដ៏​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុ​ជានា​រយៈពេល​ជិត ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​វិស័យនេះ​បាន​ចាក់​បញ្ចូល​ថវិកា​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង ១​ ឆ្នាំៗ​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ មុនពេល​ត្រូវ​ជាប់គាំង ​(៣-៤ ​ឆ្នាំ​ចុងក្រោយ​) ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​​កូ​វីដ ​១៩ និង​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​​បាយ ព្រមទាំង​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន​។​

​ក្នុងនាម​ជា​កាសែត​បោះពុម្ពផ្សាយ​ជា​ខេមរភាសា និង​ភាសា​អង់គ្លេស ដែលមាន​អាយុកាល​ជាង ៣​ ទសវត្សរ៍​ ភ្នំពេញ​ ប៉ុស្តិ៍ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់​ជា​សារព័ត៌មាន​ឯករាជ្យ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ល្អ​បំផុត​មួយ​នៅ​កម្ពុជា​។ ចាប់តាំងពី​ដំ​​ណើ​រ​ការបោះពុម្ពផ្សាយ​លើកដំបូង​ក្នុង​ឆ្នាំ​ ១៩៩២ និង​ការបោះពុម្ពផ្សាយ​ប្រចាំថ្ងៃ​ក្នុង​ឆ្នាំ​ ២០០៨ (​ភាសា​អង់​គ្លេ​ស​) និង​ឆ្នាំ ២០០៩ (​ភាសា​ខ្មែរ​) ភ្នំពេញ​ប៉ុស្តិ៍​បានទទួល​នូវ​ការគាំទ្រ និង​ផ្តល់​តម្លៃ​យ៉ាងខ្ពស់​ពី​សំណាក់​អ្នកអាន និង​សាធារណជន​ទូទៅ​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។​


​ក្នុងនាម​ជា​សារព័ត៌មាន​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​បានរួម​ចំណែក​ផ្សព្វ​ផ្សាយ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន នៅ​ឆ្នាំ ​២០១១ ភ្នំពេញ ​ប៉ុស្តិ៍​ បាន​បង្កើតឱ្យមាន​មាតិកា​ទាក់ទង​វិស័យ​អចលន​​ទ្រព្យ និង​សំណង់​។​

​តើ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចូលរួមចំណែក​អ្វីខ្លះ​ក្នុង​ការជួយ​លើកកម្ពស់​កម្ពុជា​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​នាពេល​កន្លងមក​?


​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​និយាយថា ភ្នំពេញ​ប៉ុស្តិ៍​តែង​ស្ថិតនៅក្នុង​ជម្រើស​របស់​សាធារណជន ជាពិសេស​អ្នក​នយោបាយ អ្នកជំនួញ អ្នកសិក្សា និង​អ្នកស្រាវជ្រាវ ព្រោះ​ជា​សារព័ត៌មាន​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ខ្លឹមសារ​ល្អ​ច្បាស់លាស់ តម្លាភាព និង​គណនេយ្យ​ភាព​ដែល​អាច​ទទួលបាន​ពី​មជ្ឈដ្ឋាន​​ជាតិ និង​អន្តរជាតិ​។ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការនាំ​ដំណឹង​ពិត​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ទៅដល់​អ្នកអាន​គ្រប់​ស្រទាប់វណ្ណៈ​។

លោក​បន្តថា នៅលើ​ឆាក​អន្តរ​ជាតិ ភ្នំពេញ​ប៉ុស្តិ៍​គឺ​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ផ្សព្វផ្សាយ ផ្តល់​ព័​ត៌​​មាន និង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​ជាច្រើន​ឱ្យមក​បណ្តាក់​​ទុន និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​បាន​យ៉ាងច្រើន​។​

​លោក​ថ្លែងថា​៖ «​ភ្នំពេញ ​ប៉ុស្តិ៍​ ជានិច្ច​កាល​តែងតែ​ស្ថិតក្នុង​ជម្រើស​របស់​អ្នកអាន​ជាតិ និង​អន្តរជាតិ ពិសេស​អ្នកនយោបាយ និង​ជំនាញ​អន្តរជាតិ​ធំៗ​ចំពោះ​ស្ថានភាព​ទូទៅ និង​ដំណើរ​ការ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង ២ ​ទសវត្សរ៍​កន្លងមក​»​។​

​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ និង​សំណង់ លោក សុខ​នឿន បាន​ប្រាប់ថា សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់ លោក​ហ៊ាន​អះអាងថា​ភ្នំពេញ​​ប៉ុស្តិ៍​បាន​ចូលរួមចំណែក​ច្រើនជាងគេ​ក្នុងការ​ផ្សព្វផ្សាយ​អត្ថបទ​ល្អៗ និង​រាយ​ការណ៍​ពី​ព័ត៌មាន​ពិត ដែល​ធ្វើឱ្យ​អ្នក​​អាន​ជាតិ និង​អន្តរជាតិ​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ព័ត៌មាន​របស់ ​ភ្នំពេញ​ ប៉ុស្តិ៍ គឺ​កម្ពុជា​ទទួលបាន​ការចូល​មក​បណ្តាក់ទុន​យ៉ាងច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ពី​សំណាក់​វិនិយោគិន​អន្តរជាតិ​ធំៗ​។ វិស័យនេះ​គឺជា​ចំ​​ណែ​ក​ដ៏​សំខាន់​ដែល​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​»​។​

​ខណៈ​ទីផ្សារ​អចលនទ្រព្យ និង​សំ​ណង់​នៅ​កម្ពុជា​រយៈពេល​ជាង ៣ ​ឆ្នាំ​ចុង​ក្រោយនេះ​ បាន​ជួបនឹង​បញ្ហា​ជា​បន្តបន្ទាប់​នោះ លោក សុខ​នឿន បាន​អះអាងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​នឹង​បោះជំហាន​ទៅមុខ​លឿន​ក្នុង​រយៈពេល ៣-៥ ​ឆ្នាំ​ខាងមុខ ខណៈ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នីតិ​​កាល​ទី​៧ ​នេះ កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ផ្សព្វផ្សាយ និង​រៀបចំ​គោល​​នយោបាយ​ថ្មីៗ​ដើម្បី​ទាក់ទាញ​អ្នក​​វិនិយោគ​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន​លើ​គ្រប់​វិស័យ​»​។​

​ស្ថាបនិក និង​ជា​ម្ចាស់​ក្រុមហ៊ុន​អ​ច​លន​ទ្រព្យ Keller Williams Cambodia និង​ក្រុមហ៊ុន Khmer Real Estate Co., Ltd លោក គីម ហ៊ាង បាន​និយាយថា ភ្នំពេញ​ប៉ុស្តិ៍ គឺជា​កាសែត​ដ៏​ល្អ និង​ល្បី​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាង ១ ​ទសវត្សរ៍​មកនេះ ខណៈ​អត្ថបទ​របស់​សារព័ត៌មាន​មួយ​នេះ​សុទ្ធតែជា​អត្ថ​​បទ​ដែលមាន​ទម្ងន់ និង​ភាពច្បាស់​លាស់​លើ​ផ្នែក​ខ្លឹមសារ​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ និង​សំ​​ណង់​នៅ​កម្ពុជា​ឱ្យមាន​សម្ទុះ​ទៅមុខ​យ៉ាង​លឿន​នៅមុន​ឆ្នាំ​ ២០២០​។​

​លោក​និយាយថា​៖ «​ជាមួយនឹង​បទ​ពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ​តាំងពី​ឆ្នាំ​ ២០០១ ខ្ញុំ​មើលឃើញថា ភ្នំពេញ ​ប៉ុស្តិ៍​ គឺជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ធំៗ ឱ្យ​ចូលមក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ បើ​និយាយ​ពី​ស្ថានភាព​ទូទៅ​នៃ​ទីផ្សារ និង​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប្រហែល ១​ ទសវត្សរ៍​ចុងក្រោយ គឺមាន​កំណើន​ជាង​ទ្វេដង​»​។​

​ទាក់ទង​នឹង​ការបិទ​ការបោះពុម្ពផ្សាយ​របស់ ​ភ្នំពេញ ​ប៉ុស្តិ៍ អតិថិជន​រូបនេះ​លើកឡើងថា​៖ «​នេះ​ជាការ​បាត់បង់​សារព័ត៌​​មាន​មួយ​ដ៏​ល្អ និង​ជាការ​សោកស្តាយ​បំផុត​ដែល​កាសែត​ឯករាជ្យ និង​មាន​ព័ត៌មាន​ល្អៗ​ដែល​សរសេរ​ដោយ​អ្នក​​ជំនាញ​ត្រូវ​បញ្ចប់​។ ទោះយ៉ាងណា​នេះ​គឺជា​ការវិវឌ្ឍ​នៃ​សម័យ​កាលដែល​កំពុង​ងាក​ទៅរក​ប្រព័ន្ធ​ឌីជីថល​»​។​

​បើតាម​លោក គីម ហ៊ាង នៅក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​លោក​ជាង ២០​ ឆ្នាំ​មកនេះ គឺ​លោក​ធ្លាប់​បានធ្វើការ​ផ្សព្វផ្សាយ​ជា​ហូរហែ​នៅលើ​សារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ខណៈ​លោក​ក៏បាន​ចាត់ទុក​ខ្លួនឯង​ជា​អ្នកគាំទ្រ​ដ៏​សកម្ម​មួយ​របស់ ​ភ្នំពេញ ​ប៉ុស្តិ៍​ រហូតដល់​ដំណាក់កាល​ចុងក្រោយ​។​

​ឯកសារ​ថវិកា​សង្ខេប ឆ្នាំ​ ២០២៤ (Budget in Brief Fiscal year 2024)​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ ឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹង​ងើប​ឡើងវិញ​ហើយ​រំពឹង​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦​ ភាគរយ ដែល​នឹង​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​ (​ផសស​)​ ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់​ ១៤ ២៩៥៧​ ប៊ី​លាន​រៀល ​(​សម​មូល​នឹង​ប្រមាណ ៣៥ ១៦៨​ លាន​ដុល្លារ​អាមេរិក​)​។ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ ​២០២៤ នេះ​រំពឹង​នឹងមាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ ២០២៣ កន្លងមក​៕