​ភ្នំពេញៈ ប្រទេស​ចិន វៀតណាម និង​ថៃ គឺជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ធំជាងគេ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២៤ មាន​ទឹកប្រាក់​សរុប​ជិត ១,៦ ​ពាន់​លាន​ដុល្លារ ស្មើនឹង​ជិត ២/៣​ នៃ​ចំនួន​ទឹកប្រាក់​នាំចូល ទំនិញ​សរុប​ក្នុង​ខែមករា​។ នេះ​បើ​យោង​​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​យោងតាម​របាយការណ៍​ពី GDCE ក្នុង​ខែមករា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​សរុប ២,០៩ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន វៀតណាម និង​ថៃ មាន​ចំនួន ១,៥៧ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ៧៥,៣២ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចូល​ទំនិញ​សរុប ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ មាន​ចំណែក ៧៤,៤ ភាគរយ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ដោយសារ​មាន​កម្លាំងផលិតកម្ម​ធំ និង​ភូមិសាស្ត្រ​នៅ​ជិតខាង ប្រទេស​ចិន វៀតណាម និង​ថៃ បាន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ដ៏​សំខាន់​ឱ្យ​កម្ពុជា ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​បន្ថែមថា ក្រៅពី​ចំណុច​ទាំងអស់​ខាងលើ កម្ពុជា និង​ប្រទេស​ទាំង ៣ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ​(​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ផងដែរ​។​


​អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរី​វឌ្ឍន៍ ធ្លាប់បាន​និយាយថា ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ចិន វៀតណាម និង​ថៃ គឺមាន​ដំណើរ​ការល្អ​គួរឱ្យ​កត់​សម្គាល់ ជាពិសេស​ប្រទេស​ទាំង ៣ គឺជា​សមាជិក​នៃ​កិច្ច​ព្រម​​ព្រៀង RCEP​។​

​លោក​បន្តថា នៅក្នុង​ដំណាក់កាល​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​មិនទាន់​មានដំណើរ​ការល្អ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេសជិតខាង ឬ​នៅក្នុង​តំបន់ គឺមាន​ភាពចាំបាច់ និង​មាន​សារៈសំខាន់​ណាស់​។

លោក​ថា​៖ «​ផ្អែកលើ​ទីតាំង​ភូមិសាស្ត្រ និង​ទំនាក់​ទំនង​ល្អ​ទាំង​ផ្នែក​រដ្ឋាភិបាល និង​ឯកជន គឺ​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន វៀតណាម និង​ថៃ គឺ​នឹង​រឹតតែ​មាន​ធំ​បន្ថែមទៀត​នាពេលខាងមុខ​»​។​

​ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ទាំង ៣ ចំនួន ១៧,២៩ ​ពាន់​លាន​ដុល្លារ ស្មើនឹង ៧១,៥ ​ភាគរយ​នៃ​ការនាំ​ចូល​សរុប​ក្នុង​ឆ្នាំ ​២០២៣ ដែលមាន​ចំនួន ២៤,១៨ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម GDCE៕