​ភ្នំពេញៈ ​អ្នក​នាំចេញ និង​អ្នកជំនាញ​ក្នុង​វិស័យ​ដឹកជញ្ជូន​ឧស្សាហកម្ម បាន​សាទរ​ចំពោះ​ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ដែល​នឹង​រួមចំណែក​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ខណៈ​ច្បាប់​នេះ​ក៏​នឹងធ្វើ​ឱ្យ​វិស័យ​ដឹកជញ្ជូន​មានការ​ប្រកួត​ប្រជែង​ផងដែរ​។​

​កាលពី​ថ្ងៃទី​​ ១ ខែមីនា ឆ្នាំ ​២០២៤ រដ្ឋសភា​កម្ពុជា​នៅក្នុង​សម័យប្រជុំ​​វិសាមញ្ញ បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​នេះ ដោយមាន​ការគាំទ្រ​ចំនួន ៩៧ សំឡេង នៃ​សំឡេង​សមាជិក​រដ្ឋសភា​សរុប ដើម្បី​អនុញ្ញាតឱ្យ​អនុវត្ត​នីតិវិធី​ជំហាន​បន្តទៀត​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ធានា​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​កំពង់ផែ​នៅ​កម្ពុជា ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ធានា​សុវត្ថិភាព សន្តិសុខ​នៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ព្រមទាំង​ការកសាង និង​ថែរក្សា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​។​

​ប្រភព​ដដែល​បន្ថែមថា​៖ «​កម្ពុ​ជាមាន​ឆ្នេរសមុទ្រ និង​ផ្លូវទឹក​តាម​តំបន់​ទន្លេ បឹង ស្ទឹង ព្រែក ដែល​នាវា​អាចធ្វើ​នាវាចរណ៍​បាន ហើយ​បង្កើតបានជា​បណ្តាញ​ផ្លូវទឹក​ប្រទាក់ក្រឡា​គ្នា ដែល​ផ្តល់នូវ​សក្តានុពល​ខ្ពស់​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ទាំង​នៅក្នុង​ផ្ទៃ​ប្រទេស និង​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​នានា នៅលើ​ពិភព​លោក​»​។​


​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា​កាលពី​ថ្ងៃទី ​២២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បញ្ជាក់ថា ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ជា​មូលដ្ឋាន​សម្រាប់​ការគ្រប់គ្រង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក រាជរដ្ឋាភិបាល​បានប្រគល់​កិច្ច​ការឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​សេនាធិកា​របស់​រាជរដ្ឋាភិបាល សិក្សា ពិនិត្យ និង​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ឡើង​។​

​លោក ប៉េង ពោធិ៍​នា បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​មានជំនឿថា បន្ទាប់ពី​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​នឹង​ចូល​ជា​ធរមាន ច្បាប់​នេះ​នឹង​ក្លាយជា​ឧបករណ៍​គតិយុត្ត​មាន​លក្ខណៈ​ពេញ​លេញ និង​គ្រប់​ជ្រុងជ្រោយ ដោយ​ផ្តល់​អត្ថប្រយោជន៍ ធានាឱ្យមាន​ការគ្រប់គ្រង​នាវា នាវិក កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក រួមទាំង​ផ្នែក​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ចីរភាព​»​។​

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា (CLA) បាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ថា ការអនុម័ត​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការធ្វើ​ពិពិធ​កម្ម​មធ្យោបាយ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា​។ ការណ៍​នេះ​នឹង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ដូចដែល​កម្ពុជា មាន​មធ្យោបាយ​ដឹកជញ្ជូន​មើលឃើញ​តាមផ្លូវ​គោក ផ្លូវអាកាស និង​ផ្លូវទឹក​។​

​លោក​បាន​ថ្លែងថា​៖ «​មធ្យោបាយ​ដឹក​​ជញ្ជូន​តាមផ្លូវ​ទឹក​គឺជា​មធ្យោបាយ​ដឹក​​ជញ្ជូន​ដ៏​សំខាន់​មួយ ព្រោះ​វា​មានតម្លៃ​ថោក​ជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវអាកាស​។ ដូចដែល​យើង​មើលឃើញ​នៅពេលនេះ យើង​មាន​កំពង់ផែ​សំខាន់ ២​ គឺ​កំពង់ផែ​ក្រុងព្រះសីហនុ និង​កំពង់ផែ​ភ្នំពេញ​។

ជាមួយនេះ យើង​ប្រើប្រាស់​ការដឹកជញ្ជូន​ប្រហែល ៧០ ​ភាគរយ ​តាមរយៈ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ព្រោះ​វា​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ដោយសារ​វា​មានតម្លៃ​ថោក ហើយ​យើង​អាច​ដឹកជញ្ជូន​ទំនិញ​ធ្ងន់ៗ​បាន​ផងដែរ​»​។​

​លោក សុង សារ៉ន ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Amru Rice ដែលជា​រោង​ម៉ាស៊ីនកិនស្រូវ និង​នាំចេញ​អង្ករ​ធំជាងគេ​របស់​កម្ពុជា ក៏បាន​លើក​ឡើង​ដូច​លោក ចាន់​ធី ដែរ​ថា ច្បាប់​នេះ​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ការកកស្ទះ​ចរាចរណ៍​នៅលើ​ដងផ្លូវ​។

លោក​បន្តថា​៖ «​ការណ៍​នេះ​ក៏​អាចជួយ​យើង​ក្នុងការ​ដឹកជញ្ជូន​ពី​ខេត្ត​ផ្សេងទៀត និង​ដឹកជញ្ជូន​ពី​កំពង់ផែ​ភ្នំពេញ​ដោយផ្ទាល់​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​អាស៊ាន​ផ្សេងទៀត​។ បើ​យើង​កែលម្អ​ផ្លូវទឹក យើង​អាច​ប្រើប្រាស់​វា​ជាម​ធ្យោ​បាយ​ដឹកជញ្ជូន​ដ៏​សំខាន់​នៅក្នុង​តំបន់​អាស៊ី ជាពិសេស​ការដឹកជញ្ជូន​ដោយ ផ្ទាល់​ទៅកាន់​ប្រទេស​ចិន​»​។​

​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ ដែលមាន​ប្រវែង ១៨០ ​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ដល់​ខេត្ត​មាត់សមុទ្រ​នៃ​ខេត្ត​កែប​។ ព្រែកជីក​នេះ​ក៏​ឆ្លងកាត់​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​កណ្តាល តាកែវ កំពត និង​កែប​៕