​ភ្នំពេញៈ ទឹកប្រាក់​ជាង ១១ ​លាន​ដុល្លារ​ ត្រូវបាន​គ្រឹះស្ថាន​អង្គរ​ប្រមូលបាន​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល ២​ ខែ ដើមឆ្នាំ ​២០២៤ កើន​ជាង ៥០​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​ទិន្ន​​ន័យ​របស់​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​ត្រូវ​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតក្រោម​អាណា​ព្យា​បាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិតក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។


ការប្រមូល​ចំណូល​របស់​គ្រឹះ​ស្ថាន​អង្គរ គឺ​រួមមាន រមណីយ​​ដ្ឋា​ន​អង្គរ​, ប្រាសាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​​ឃ្នៀ​ស​។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧ ​ដុល្លារ​, រយៈពេល ៣ ​ថ្ងៃ​តម្លៃ ៦២ ​ដុល្លារ និង ៧ ​ថ្ងៃ មានតម្លៃ ៧២ ​ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរទេស​ចំនួន ២៣៥ ៨៥០​ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ កើនឡើង ៥០,២៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ ចំណែក​ទឹកប្រាក់​ដែល​ទទួលបាន គឺ​ចំនួន ១១,២៣ ​លាន​ដុល្លារ កើនឡើង ៥២,០៩​ ភាគរយ​។​


​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​ឱ្យដឹងទៀតថា ក្រៅពី​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​នេះ​ក៏​រកប្រាក់​បាន ៨៦ ៩៤០​ ដុល្លារ​ពី​ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះ​កេរ​, និង ២០៦ ២៩៨​ ដុល្លារ​ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ខែ​​មីនា​ថា បន្ទាប់ពី​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ​កាលពី​អំឡុង​ឆ្នាំ​ ២០២០-២០២២ ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា ពិសេស​តំបន់​រមណីយ​ដ្ឋា​ន​អង្គរ​បានបង្ហាញ​សញ្ញា​ងើប​ឡើងជា​បន្តបន្ទាប់​។ ការ​កើន​ឡើង​ចំនួន​ភ្ញៀវ​បរទេស គឺ​មកពី​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការ​​បិទ​បញ្ចប់​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ កំណើនសេដ្ឋកិច្ច​សកល​ល្អ​ជាង​មុន ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ល្អ និង​សម្បូរបែប​ទាំង​ផ្លូវថ្នល់ ព្រលានយន្តហោះ និង​កំពង់ផែ​ជាដើម​។

លោក​បាន​បន្ថែមថា ចំនួន​ភ្ញៀវ​បរទេស​ដែល​ចូលមក​កម្ពុជា នឹង​កើនឡើង​ទៀត​ប្រ​សិន​បើ​ពិភពលោក ឬ​កម្ពុជា​មិនមាន​បញ្ហា​អវិជ្ជមាន​ចៃដន្យ​ណាមួយ​កើតឡើង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មានជំនឿថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​នឹងមាន​ចំនួន​កាន់តែច្រើន ខណៈ​ការ​ផ្សព្វផ្សាយ និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​នានា​ទេសចរណ៍​ត្រូវបាន​រៀបចំ​ជា​បន្តបន្ទាប់​ក្នុងន័យ​ដើម្បី​បង្កើន​សក្តានុពល​ទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍​»​។​

​ទោះយ៉ាងណា ក្នុងនាម​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ស្នើឱ្យ​អាជ្ញាធរ និង​ប្រជាជន​ខ្មែរ​ទាំងអស់​ត្រូវខិតខំ​រួមគ្នា​រៀបចំ​សោភណភាព និង​បរិស្ថាន​ទេសចរណ៍​របស់ខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរ ដែលមាន​ដូចជា ការគ្រប់គ្រង​បរិស្ថាន អនាម័យ សេវាកម្ម ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ការគោរព​ច្បាប់ និង​សីលធម៌ ជាដើម​។​

​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា ​(​ខេត្តសៀមរាប​) លោក អន ហេង សុ​ភ័​ក្រ បាន​និយាយថា ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ក​ម្កុ​ជា​បាន​កើនឡើង​បើ​ធៀប​នឹង​អំឡុងពេល​ពិភព​លោក​ជួបនឹង​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ប៉ុន្តែ​អត្រាកំណើន​គឺ​មិន​ឡើង​គំហុក​នោះទេ​។ អ្វីដែល​ជាការ​កត់សម្គាល់​ក្នុង​ពេលនេះ គឺ​ភ្ញៀវ​បរទេស​មក​កម្ពុជា គឺ​មិនមែន​ភាគច្រើន​ជនជាតិ​ចិន​ដូច​កាល​ពីមុន​ឆ្នាំ​ ២០២០ ​ទេ ដោយមាន​ចម្រុះ​ទាំង​ប្រទេសជិតខាង និង​តំបន់​អឺរ៉ុប​។​

​លោក​ប្រាប់ថា​៖ «​ចាប់តាំងពី​ឆ្នាំ ២០២៣ មក យើង​សង្កេតឃើញ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ពិត​ជា​កើន​។ តាម​ការរំពឹងទុក ក្នុង​ឆ្នាំ​ ២០២៤​ នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​នឹង​កើនឡើង​ច្រើន​»​។ លោក​បន្តថា​៖ «​យើង​ក៏​សង្ឃឹមថា​ចាប់ពីពេលនេះ​តទៅ ចំនួន​ភ្ញៀវទេសចរ​ចិន​នឹង​ងើប​ឡើងវិញ​ច្រើន​ដែរ​»​។​

​ក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៧៩៨ ០៦៩​ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ១៧៧,៦៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ទឹក​ប្រាក់​ដែល​ប្រមូលបាន​ពី​ការ​លក់​សំបុត្រ មាន​សរុប ៣៧ ១៩៨ ៩៨៨ ​ដុល្លារ កើនឡើង ២២២,៦៨​ ភាគរយ​។ ក្រៅពី​ចំណូល​ខាងលើ គ្រឹះស្ថាន​អង្គរ ក៏​ទទួលបាន​ភ្ញៀវ ១៤ ៨០៦​ នាក់ ស្មើនឹង​ប្រាក់ ២២២ ០៩០ ​ដុល្លារ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​ប្រា​សាទ​កោះ​កេរ​, និង​ប្រាក់​ចំនួន ៥៦៤ ៦៧១​ ដុល្លារ ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។​

​នៅក្នុង​ឆ្នាំ​ ២០១៩ ដែលជា​ពេល​ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើន គឺ​ជាង ៦,៦​ លាន​នាក់ ប្រាក់​​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រកបាន​មាន​ចំនួន​ជាង ៨០,៧​ លាន​ដុល្លារ​។

សូចនាករ​គន្លឹះ​ទេស​ចរណ៍ ​(Tourism Indicators) ប្រចាំឆ្នាំ​ ២០២៣ របស់​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវទេសចរ​បរទេស ៥,៤៥​ លាន​នាក់​បាន​ចូលមក​ប្រទេស​កម្ពុជា ដោយ​ចំនួន​នេះ​កើនឡើង ១៣៩,៥ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥ ​ភាគរយ ​ពី​ចំនួន ១,៤១​ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២២៕