​ភ្នំពេញៈ ក្រុមហ៊ុន Australian SunRice Group គ្រោង​នឹង​នាំចូល​អង្ករ​ក្រអូប​ផ្កាម្លិះ​ពី​ប្រទេស​កម្ពុជា​ថែមទៀត ​ដើម្បី​ពង្រីក​ការលក់​របស់ខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី ខណៈ​អ្នក​ក្នុង​ឧស្សាហ​កម្មនេះ​មាន​សុ​ទិដ្ឋិ​និ​យម​ថា កម្ពុជា​នឹង​មានឱកាស​កាន់តែច្រើន​ក្នុងការ​បង្កើន​បរិ​មាណ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ដ៏​ធំ​មួយ​នេះ​។​

​លោក Paul Serra អគ្គ​នា​​យក​ក្រុមហ៊ុន SunRice Group បានលើកឡើង​ផែនការ​នេះ​ក្នុងជំនួប​ជាមួយ​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី ​៤ ខែមីនា នៅក្រៅ​ជំនួប​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​។ បច្ចុប្បន្ន​ក្រុមហ៊ុន​គឺជា​ក្រុមហ៊ុន​នាំចូល​អាហារ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​នាំទៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត រួមមាន​អាមេរិក តំបន់​ប៉ាស៊ីហ្វិក បណ្តា​ប្រទេស​មជ្ឈិមបូព៌ា អឺរ៉ុប ក៏ដូចជា​នៅ​តំបន់​អាស៊ី​ផងដែរ​។​


​បើ​យោងតាម​ក្រុមហ៊ុន​ដែល​បាន​បង្ហោះ​នៅលើ​គេហ​​ទំព័រ​របស់ខ្លួន SunRice គឺជា​ក្រុមហ៊ុន​ជំនាញ​អង្ករ​អូស្ត្រាលី​មានបំណង​ផ្តល់ឱ្យ​អ្នក និង​គ្រួ​សារ​អ្នក​នូវ​អង្ករ​ឆ្ងាញ់ និង​មាន​ជីវជាតិ​ពី​តំបន់​នានា​នៅ​ជុំវិញ​ពិភពលោក​។​

​ក្រុមហ៊ុន​បញ្ជាក់ថា​៖ «SunRice Cambodian Jasmine Rice ជា​ប្រភព​អង្ករ​ក្រអូប​ផ្កា​ម្លិះ​មានគុណ​ភាព ដែល​គ្រួសារ​លោកអ្នក​ពេញចិត្ត​។ អង្ករ​ផ្កា​ម្លិះ មាន​ភាពល្បីល្បាញ​ដោយ​សារ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ ក្លិនក្រអូប និង​មាន​អារម្មណ៍​ថា បាយ​ទន់​ឆ្ងាញ់​។ ពូជស្រូវ​បុរាណ​នេះ​មាន​គ្រាប់​វែង ល្អិត និង​ក្លិនក្រអូប​។ SunRice Cambodian Jasmine គឺជា​ការ​បំ​​ពេញ​បន្ថែម​ល្អឥតខ្ចោះ​ចំពោះមុខ​ម្ហូប​ដែល​អ្នក​ចូលចិត្ត​»​។​


​លោក សុង សារ៉ន ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​៤ ខែមីនា​ថា អូស្ត្រាលី​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​អង្ករ​ក្រអូប​កម្ពុជា ព្រោះ​ទីផ្សារ​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​យើង​កាន់តែច្រើន​ដើម្បី​រីកចម្រើន​។

លោក​បញ្ជាក់ថា​៖ «​ជំនួប​រវាង​អគ្គនាយក​ក្រុមហ៊ុន SunRice​ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គឺជា​សញ្ញា​វិ​ជ្ជ​មាន​សម្រាប់​អង្ករ​ក្រអូប​យើង​។ អូស្ត្រាលី​ជាទី​ផ្សារ​ធំ​សម្រាប់​អង្ករ​ក្រអូប ព្រោះ​ប្រទេស​នេះ​ផ្តល់ឱកាស​ដ៏​ល្អ​បំផុត​ដល់​យើង​ក្នុងការ​ពង្រីក​ការនាំចេញ​»​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​នឹង​ជួប​ជា​មួយ ក្រុមហ៊ុន SunRice ហើយ​យើង​នឹង​ពិភាក្សា​ពីអ្វី​ដែល​ពួក​គេ​គ្រោង​នឹង​ទិញ​ពី​យើង​»​។​

កសិករកំពុងស្ទូងស្រូវនៅខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០១៩។ហុង មិនា

Amru Rice បាន​នាំចេញ​អង្ករ​ក្រអូប​ចំនួន ២ ​កុងតឺន័រ​រួចហើយ ​ក្នុងចំណោម​អង្ករ​ចំនួន ១០​ កុងតឺន័រ ដែល​បញ្ជា​ទិញ​ដោយ​អ្នកទិញ​នៅ​អូស្ត្រាលី​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ក​សិ​កម្ម​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ អង្គការ CAPRED របស់​អូស្ត្រាលី កាលពីដើម​ខែមិថុនា ឆ្នាំ​ ២០២៣​។​

​ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាឱ្យដឹងថា ​ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៥៦ ៣២៣ តោន កើនឡើង ៣​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ទឹកប្រាក់​ប្រមូលបាន​មាន​ចំនួន ៤៦៦ ​លាន​ដុល្លារ កើនឡើង ១៣​ ភាគរយ​។ អង្ករ​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ៦១​ ប្រទេស​/​ដែនដី តាមរយៈ​ក្រុមហ៊ុន​នាំ​​ចេញ​ចំនួន ៦៣​។​

​ក្នុងនោះ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​​ស្វយ័ត​ហុងកុង ២១២ ៧៥៦​ តោន គិត​ជា​ប្រាក់ ១៣៨​ លាន​ដុល្លារ​,​ ប្រទេស​នៅ​អឺរ៉ុប​ (២៦ ​ប្រទេស​) ២៦៤ ៦៨៣​ តោន ស្មើ ១៩១​ លាន​ដុល្លារ​, ប្រទេស​សមាជិក​អាស៊ាន ​(៧ ប្រទេស​) ៩៣ ៣៧៦ ​តោន ស្មើនឹង ៦២​ លាន​ដុល្លារ និង​ទៅ​គោលដៅ​ផ្សេងទៀត ​(២៦ ​ប្រទេស​)​ បាន​ចំនួន ៨៥ ៥០៨​ តោន ស្មើ​ទឹកប្រាក់ ៧៦​ លាន​ដុល្លារ​។​

​ទន្ទឹមនឹង​ការនាំចេញ​អង្ករ​កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​ចំនួន ៤ ៣៨៧ ៣៦៣​ តោន គិត​ជា​ទឹកប្រាក់ ១,៣២​ ពាន់​លាន​ដុ​ល្លារ ក្នុងនោះ ៦៤​ ភាគរយ​បាន​នាំចេញ​ដោយ​ឆ្លងកាត់​ការស្នើ​សុំ​ការបញ្ជាក់​ឯកសារ​នាំ​ចេញពី​អាជ្ញាធរ​។ បរិមាណ​នាំចេញ​ស្រូវ​កើនឡើង ២៦,៥ ​ភាគរយ និង​ប្រាក់​កើន ៥៦,៦៩​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២៕