​ភ្នំពេញៈ កម្ពុជា​រំពឹងថា នឹង​ស្វាគមន៍​ធុរជន និង​វិ​និ​យោ​​គិ​ន​មកពី​សហរដ្ឋអាមេរិក​កាន់តែច្រើន​ទៀត ស្របពេល ដែល​ទាំង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ពិភពលោក​មួយ​នេះ​កាន់តែ មាន​ភាពល្អប្រសើរ​។​

​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​​អាស៊ាន​ ​(US-ABC) បានបង្ហាញ​ពី​គោល​​បំណង​ក្នុងការ​ស្វែងរក​កាលា​នុ​វត្ត​ភាព​ក្នុងការ​វិនិយោគ និង​និង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ខណៈ​ការវិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ទទួលបាន​ការលើក​ទឹក​ចិត្ត​យ៉ាងច្រើន ហើយ​រដ្ឋាភិបាល​ក៏​បើកចំហ​សម្រាប់​វេទិកា​នៃ​ជំនួប​ជាមួយ​ផ្នែក​ឯកជន​ដើម្បី​ដោះស្រាយ​បញ្ហា​ផងដែរ​។​


​ការបង្ហាញ​គោលបំណង​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​តំណាង US-ABC នៅក្នុង​ជំនួប​ជាមួយ​លោក ផាន់ ផល្លា រដ្ឋលេខាធិការ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ​២៩ ខែ​ កុម្ភៈ ឆ្នាំ​ ២០២៤​។​

​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​កិច្ចប្រជុំ​នោះ តំណាង US-ABC បានធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទាំង​ផ្នែក​ធុរកិច្ច ពាណិជ្ជកម្ម និង​ការ​​វិនិយោគ រវាង​សហរដ្ឋអាមេរិក​-កម្ពុជា និង​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​សមិទ្ធផល របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​​ជំរុញ​កំណើនសេដ្ឋកិច្ច​ឆាប់​រហ័ស ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​ភាព​ធន់​។


ជាមួយគ្នា​នេះ តំណាង US-ABC ដែល មាន​ទាំង​ក្រុមហ៊ុន​កំពុងមាន​វត្ត​​មាននៅ​កម្ពុជា និង​ទាំង​ក្រុមហ៊ុន​ដែលមាន​បំណង​ចាប់ផ្ដើម​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា គឺ​សុទ្ធតែ​បង្ហាញ​អំពី​គោលបំណង​ក្នុងការ​ស្វែងរក​កាលានុវត្តភាព​ក្នុងការ​ចាប់ផ្តើម និង​ការពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​ចាប់យក​សក្តានុពល​រប​ស់​កម្ពុជា ក៏ដូចជា​ការចូលរួម​ក្នុងការ​លើកស្ទួយ​កំណើន សេដ្ឋកិច្ចកម្ពុជា​។​

​តំណាង​របស់ US-ABC ក៏ បានស្នើ​សុំឱ្យ​មានការ​ពន្យល់​អំពី​ទិដ្ឋភាព​ធុរកិច្ច និង​សក្តានុពល​វិនិយោគ ក៏ដូចជា​ស្នើសុំ​ឱ្យមាន​ការដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ក្រុមហ៊ុន​របស់​អាមេរិក​នៅ​កម្ពុជា​បាននិងកំពុង​ជួបប្រទះ​។ លោក ផាន់ ផល្លា ស្វាគមន៍​ចំពោះ​ការបន្ត​កិច្ច​សន្ទនា​រវាង​ធុរជន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋា​ភិ​បាល ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​ការ​វិនិយោគ និង​ស្នើ​សុំឱ្យ​តំណាង​ស្ថាប័ន​ក្រោម​ឱវាទ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​កិច្ចពិភាក្សា ដើម្បី​ស្វែងយល់​លម្អិត និង​ជួយ​ជំរុញ​ការ​ដោះ​​ស្រាយ​បញ្ហា​ប្រឈម ដែល​ក្រុមហ៊ុន​សហរដ្ឋអាមេរិក ក៏ដូចជា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ ឡើង​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៥ ខែមីនា​ថា អាមេរិក គឺជា​ប្រទេស​ធំ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន ព្រមទាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅតាម​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។ ទោះ​ក្នុងនាម US-ABC ក៏​ការ​​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​អ្នកតំណាង​ខាងលើ គឺ​ពិតជា​ផ្តល់នូវ​សម្ទុះ​ថ្មី​សម្រាប់​ជា​កម្លាំងចិត្ត និង​ការផ្សព្វផ្សាយ​ដ៏​ល្អ​ពី​កម្ពុជា ខណៈ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់ ឬ​ពង្រីក​អាជីវ​កម្ម​របស់ខ្លួន​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែង​ពន្យល់​បន្តថា បរិយាកាស​វិនិយោគ​នៅ​កម្ពុជា គឺមាន​ភាព​អំណោយផល​ច្រើន​ទាំង​ការ​ចូលមក​បណ្តាក់ទុន និង​ការបញ្ជាទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​មួយចំនួន​។​

​លោក​បាន​ថ្លែង​ឱ្យដឹងទៀតថា​៖ «​ទោះជា​ជំនួប​ពិភាក្សា ប៉ុន្តែ​វា​បង្ហាញ​ពី​សក្តានុពល​ដែល​កម្ពុជា​កំពុងមាន​ក្នុងការទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​​វិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចង់​មក​បណ្តាក់ទុន​ផ្ទាល់​»​។​

​បើ​យោងតាម​ទិន្នន័យ​របស់ GDCE បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំ​ទំនិញ​ទៅមក​រវាង​កម្ពុជា និង​អាមេរិក មាន​ទឹកប្រាក់​សរុប ៩,១៥ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៤​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ប្រមាណ ៩,២៨​ ពាន់​លាន​ដុល្លារ​។​

​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំ​​ចេញទៅ​អាមេរិក មានតម្លៃ ៨,៩ ​ពាន់​លាន​ដុល្លារ ថយចុះ ០,៨​ ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំមក​កម្ពុជា​ចំនួន ២៥៧,១៨​ លាន​ដុល្លារ ថយ​ចុះ ១៧,៧ ​ភាគរយ​។ ផ្អែក​តាម​តួលេខ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុ​ជាមាន​ឧត្តមភាព ៨,៦៤ ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០២២ មាន​ចំនួន ៨,៦៥​ ពាន់​លាន​ដុល្លារ​។ អាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​ទី២ របស់​កម្ពុជា ដោយមាន​ចំណែក ១៩,៥៥ ​ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៤៦,៨៣​ ពាន់​លាន​ដុល្លារ​៕