ភ្នំពេញៈ ការដោះដូរទំនិញទ្វេភាគីកម្ពុជា-កាណាដា ក្នុងខែដំបូងឆ្នាំ ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទឹកប្រាក់សរុបជិត ៨៥ លានដុល្លារ កើនឡើងជាង ៥០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
បើតាម GDCE ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៨៤,៨៤ លានដុល្លារ កើនឡើង ៥៤,៨ ភាគរយបើធៀបខែមករា ឆ្នាំ ២០២៣ ដែលមាន ៥៤,៨១ លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅកាណាដា មានទឹកប្រាក់ ៧៦,៧២ លានដុល្លារ កើនឡើង ៤២,១ ភាគរយពីចំនួន ៥៣,៩៧ លានដុល្លារ និងទំនិញកាណាដានាំមកកម្ពុជា ៨,១៣ លានដុល្លារ កើនឡើង ៨៧០,៣ ភាគរយពីចំនួន ០,៨៤ លានដុល្លារ។ ទឹកប្រាក់នៃទំនិញកម្ពុជានាំទៅកាណាដា គឺស្មើ ៩០,៦៩ ភាគរយនៃទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែមីនាថា ភាពប្រសើរឡើងវិញជាបណ្តើរៗនៃកំណើនសេដ្ឋកិច្ចសកល និងការថយចុះបរិមាណទំនិញក្នុងឃ្លាំងស្តុកកាលពីឆ្នាំ ២០២៣ បានធ្វើឱ្យសម្ទុះនៃការបញ្ជាទិញទំនិញផលិតនៅកម្ពុជា កើនឡើងស្ទើរគ្រប់គោលដៅ។ កាណាដា គឺជាអតិថិជនធំរបស់កម្ពុជាសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ដូច្នេះបើកំណើនសេដ្ឋកិច្ចសកលល្អ ហើយការធ្វើទេសចរណ៍មានច្រើន ការបញ្ជាទិញទំនិញទាំងអស់ប្រាកដជាកើនឡើងដែរ។
លោកបានលើកឡើងថា៖ «ចរាចរណ៍ទំនិញ ពិសេសការនាំទំនិញពីកម្ពុជាទៅកាណាដា ត្រូវរំពឹងនឹងមានកំណើនបន្ថែមទៀតនាពេលខាងមុខ ខណៈកន្លងមកផ្នែកឯកជននៅកម្ពុជា ដែលតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) ក៏បានបើកការិយាល័យតំណាងនៅប្រទេសកាណាដារួចហើយ»។
លោក លឹម ហេង បានពន្យល់ថា ការិយាល័យតំណាង CCC នៅទីក្រុងតូរ៉ុនតូ (ប្រទេសកាណាដា) មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជាទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។ មូលហេតុដែលទំនិញកម្ពុជានាំទៅប្រទេសកាណាដាច្រើន ក៏ដោយសារតែកម្ពុជាទទួលបានប្រព័ន្ធអនុ គ្រោះនាំចូលទំនិញមួយចំនួនទៅទីនោះផងដែរ។
លោកថា ភាគច្រើននៃទំនិញកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន គ្រឿងអេឡិចត្រូនិក រថយន្ត ជាដើម។
ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៩៤០,៤៨ លានដុល្លារ ធ្លាក់ចុះ ១៨,៥ ភាគរយ បើធៀបឆ្នាំ ២០២២ ដែលមានចំនួន ១,១៥ ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា ៨៦៩,៥៤ លានដុល្លារ ធ្លាក់ចុះ ២២,៤ ភាគរយ ចំណែកកាណាដា នាំមកកម្ពុជា ៧០,៩៥ លានដុល្លារ កើនឡើងជាង ១០០ ភាគរយ៕