ភ្នំពេញៈ តំណាងវិស័យឯកជន និងអ្នកជំនាញលើកឡើងថា ផែនការនៃគម្រោងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIPO) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលវានឹងផ្តល់ភាពងាយស្រួល កសាងទំនុកចិត្ត កាត់បន្ថយការចំណាយផ្សេងៗ និងធ្វើឱ្យកម្ពុជាជាទិសដៅនៃការវិនិយោគប្រកបដោយតម្លាភាព និងមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។
កាលពីថ្ងៃសុក្រ ទី ១ ខែមីនា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ CDC បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីនេះ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ វឌ្ឍនភាពថ្មីៗ និងផ្តល់ធាតុចូល ដល់ក្រុមការងារបច្ចេកទេសឌីជីថលលើការងារធ្វើទំនើបកម្មប្រព័ន្ធ QIP Online ធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះធានាបានបរិយាបន្ន និងអាចអនុវត្តបានលទ្ធផលល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ ពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើយោងតាម CDC។
CDC ថា៖ «ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP Online) គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកាន់តែងាយស្រួល ឆាប់រហ័ស និងតម្លាភាព តាមរយៈប្រព័ន្ធអនឡាញ»។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ប្រព័ន្ធ QIP Online នឹងជួយសម្រួលដល់ការចុះបញ្ជីរបស់អ្នកវិនិយោគ កាត់បន្ថយភាពស្មុគស្មាញទាំងឡាយ និងមិនត្រូវឱ្យអ្នកវិនិយោគវេចឯកសារទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះឡើយ គឺអាចធ្វើនៅគ្រប់ទីកន្លែងជាមួយប្រព័ន្ធនេះ។ ការរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអនឡាញនេះនឹងរួមចំណែកទាក់ទាញអ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។
លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសាទរជាមួយវឌ្ឍនភាពថ្មីនៃការចាប់យកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័នរដ្ឋាភិបាលដែលបានសម្រួលដល់ការចំណាយពេលលើការរត់ឯកសារ និងកាត់បន្ថយការជួបមុខដោយផ្ទាល់ជាមួយមន្ត្រី ជាពិសេសគឺបានកាត់បន្ថយចំណាយផ្សេងៗ និងពេលវេលាផងដែរ។
លោកបានថ្លែង៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញថារដ្ឋាភិបាលបានចាប់ផ្តើមធ្វើទំនើបកម្មប្រព័ន្ធការងាររបស់ខ្លួនតាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែល មានដូចជាប្រព័ន្ធចុះបញ្ជីអាជីវកម្មដែលវាបានកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗបានយ៉ាងច្រើន។ លើស ពីនោះទៅទៀត វាក៏បានចូលរួមចំណែកដល់ការកសាងនូវតម្លាភាព និងផ្តល់សេចក្តីទុកចិត្តដល់វិស័យឯកជន»។
លោកថា៖ «ខ្ញុំពិតជារីករាយនៅពេល ដែលដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកំពុងឈោងចាប់យកការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីវិនិយោគតាមអនឡាញ ដែលវានឹងកាន់តែបង្កភាពងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិអាចធ្វើការដាក់ពាក្យស្នើសុំវិនិយោគបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈប្រព័ន្ធចុះបញ្ជីវិនិយោគឌីជីថលនេះនឹងកាន់តែផ្តល់ភាពងាយស្រួល ទំនុកចិត្ត និងការអនុម័តលើគម្រោងវិនិយោគនានាកាន់តែមានតម្លាភាព និងរហ័សផងដែរ»។
លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងថា ការឈានទៅចាប់យកនៃការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័នសំខាន់នៃរដ្ឋាភិបាលនឹងជួយបង្កើតនូវបរិយាកាសនៃការធ្វើធុរកិច្ច និងវិនិយោគកាន់តែមានភាពល្អប្រសើរ តម្លាភាព និងផ្តល់ទំនុកចិត្តខ្ពស់ដល់ធុរជន និងអ្នកវិនិយោគជាតិ និងអន្តរជាតិ។
លោកបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា ជាមួយផែនការនៃការឈានទៅរកសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាលនារយៈពេលប៉ុន្មានឆ្នាំទៅមុខនេះ ការឈានចាប់យកប្រព័ន្ធទំនើបកម្មបច្ចេកវិទ្យារបស់គ្រឹះស្ថានរដ្ឋាភិបាល គឺពិតជាមានសារៈសំខាន់ណាស់ដែលបានកសាងនូវប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏រឹងមាំមួយក្នុងការផ្តល់ទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិស័យឯកជន»។
ក្នុងឆ្នាំ ២០២៣ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៦៨ ដែលមានទុនវិនិយោគជិត ៥ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ៣០៧ ០០០ កន្លែង។
ក្នុងនោះគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ហើយក្នុងនោះមានគម្រោងវិនិយោគចំនួន ៧១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងនោះចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២ ភាគរយនៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ ភាគរយបានមកពីវិស័យនេះ។ នេះបើយោងតាមរបាយការណ៍ពី CDC៕