ភ្នំពេញៈ វិស័យទេសចរណ៍អន្តរជាតិនៅតែបន្តសញ្ញាវិជ្ជមានដោយក្នុងខែដំបូង ឆ្នាំ ២០២៤ មានភ្ញៀវបរទេសជាង ៥៤ ម៉ឺននាក់ បានចូលមកប្រទេសកម្ពុជា កើនជាង ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈភ្ញៀវមកពីប្រទេសជាប់ព្រំដែនទាំង ៣ មានចំនួនជាងពាក់កណ្តាល។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៥ ខែមីនា ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ មានភ្ញៀវបរទេសចំនួន ៥៤០ ០២៣ នាក់ ចូលមកប្រទេសកម្ពុជា កើនឡើង ៣៤ ភាគរយ បើធៀបខែមករា ឆ្នាំ ២០២៣ ដែលមានចំនួន ៤០២ ៩៤៣ នាក់។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសថៃ វៀតណាម និងឡាវ បានគ្របដណ្តប់ ៥២,៨៧ ភាគរយនៃចំនួនភ្ញៀវសរុប ដោយជនជាតិថៃ មានចំនួន ១៦៣ ៦៦១ នាក់ ស្មើនឹង ៣០,៣ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប, វៀតណាម ៨៥ ៧០០ នាក់ ស្មើ ១៥,៩ ភាគរយ, និងឡាវ ៣៦ ១៥៣ នាក់ ស្មើ ៦,៧ ភាគរយ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែមីនាថា ចំនួនភ្ញៀវបរទេសដែលចូលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ពិសេសតំបន់ប្រាសាទអង្គរវត្ត នៅក្នុងរដូវកាលសម្បូរភ្ញៀវ (High Season) បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីចុងខែតុលា រហូតមកដល់ពេលនេះ។
សម្រាប់ភ្ញៀវមកពីប្រទេសជិតខាងដែលមកកម្សាន្តនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប គឺមិនសូវមានសម្ទុះកើនឡើងច្រើនទេ ប៉ុន្តែសម្រាប់ភ្ញៀវមកពីប្រទេសនៅតំនប់អឺរ៉ុបខាងកើតដូចជា ប៉ូឡូញ ហុងគ្រី និងប៊ុលហ្គារី ព្រមទាំងប្រទេសឥណ្ឌា គឺហាក់មានសម្ទុះឡើងច្រើនជាងគេ។
លោកបន្តថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចសកល និងមិនមានប្រធានស័ក្តិណាលេចឡើងថ្មីបន្ថែមទៀតនោះ ក្នុងឆ្នាំ ២០២៤ នេះកម្ពុជាប្រាកដជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិលើសពីឆ្នាំ ២០២៣។ បច្ចុប្បន្នជាមធ្យមក្នុង ១ ថ្ងៃ មានជើងហោះហើរប្រហែល ២៥ បានចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប។
លោកបានថ្លែងថា៖ «ចាប់តាំងពីចុងខែតុលា ឆ្នាំ ២០២៣ មកដល់ពេលនេះ ខ្ញុំមើលឃើញចំនួនភ្ញៀវទេសចរបរទេសមកខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់ ហើយចរន្តនេះនឹងបន្តថែមទៀតនាពេលខាងមុខ។ សម្រាប់អត្រាមានការងារធ្វើរបស់សមាជិកនៃសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ ក្នុងពេលនេះ គឺប្រហែល ៨០ ភាគរយ មានការងារធ្វើចន្លោះពី ១៧-២ ០ថ្ងៃ និងសល់ពីនោះអាចមានការងារធ្វើចន្លោះពី ១០-១៧ ថ្ងៃ»។
ទោះយ៉ាងណា ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យទេសចរណ៍ច្រើនឆ្នាំ លោក ខៀវ ធី បានជំរុញឱ្យអាជ្ញាធរ និងផ្នែកឯកជនទាំងអស់ត្រូវរួមគ្នាឱ្យកាន់តែសកម្មថែមទៀតដើម្បីបង្កើនសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ព្រោះវិស័យទេសចរណ៍អាចនាំចំណូលចូលជាតិបានច្រើនរយលានដុល្លារក្នុង ១ ឆ្នាំៗ។
ចំណុចសំខាន់ៗ ដែលកម្ពុជាត្រូវពង្រឹកការយកចិត្តទុកដាក់នោះមានដូចជា ការរៀបចំសោភណភាព បរិស្ថាន, ការរក្សាសុវត្ថិភាព, ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ, វត្ថុអនុស្សាវរីយ៍ដែលដាក់លក់ត្រូវមានគុណភាព និងការកំណត់តម្លៃសមរម្យ ជាដើម។
លោក អនហេង សុភ័ក្ រ(Anheng Sokpheak) ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរភាសាចិនកម្ពុជាបាននិយាយថា បន្ទាប់ពីឥទ្ធិពលនៃការគំរាមកំហែងពីជំងឺកូវីដ ១៩ បានបិទបញ្ចប់ទៅ ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជាបានកើនឡើងជាលំដាប់។
លោកបន្តថា ភ្ញៀវទេសចរបរទេស ពិតជាចូលរួមចំណែកច្រើនក្នុងការបង្កើតមុខរបរ និងប្រាក់ចំណូលទៅដល់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
លោកប្រាប់ទៀតថា ទោះយ៉ាងណាសម្រាប់ភ្ញៀវទេសចរជនជាតិចិន ដែលធ្លាប់មានចំនួនច្រើនជាងជនជាតិផ្សេងៗទៀតក្នុងការធ្វើទេសចរណ៍មកកម្ពុជាកាលពីអំឡុងឆ្នាំ ២០១៩ គឺពេលនេះនៅមានចំនួនតិចតួចនៅឡើយ។
លោកបានថ្លែងថា៖ «ក្នុងនាមប្រតិបត្តិករទេសចរណ៍យើងមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរច្រើនបន្ថែមទៀត»។
ឆ្នាំ២០១៩ គឺជាពេលដែលកម្ពុជាទទួលបានភ្ញៀវអន្តរជាតិច្រើនបំផុត ដោយមានចំនួន ៦ ៦១០ ៥៩២ នាក់ កើនឡើង ៦,៦ ភាគរយធៀបឆ្នាំ ២០១៨។ ក្នុងនោះភ្ញៀវមកពីប្រទេសជាប់ព្រំប្រទល់ទាំង ៣ មានចំនួនសរុប ១ ៦០៨ ៦២៥ នាក់ ស្មើនឹង ២៤,៣៣ ភាគរយនៃចំនួនសរុប។
ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស ក្នុងឆ្នាំ ២០២៣ គឺមានប្រមាណ ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ ភាគរយពីចំនួន ១,៤១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។ នេះបើតាមក្រសួងទេសចរណ៍៕