​ភ្នំពេញៈ កំណើនសេដ្ឋកិច្ច​សកល​បាន​ជួយ​ឱ្យ​កម្ពុជា​រក​ចំ​ណូ​លពី​ការនាំចេញ​ផលិតផល​គ្រឿងសង្ហារិម និង​ផលិតផល​ក្នុង​បន្ទប់​គេង នៅក្នុង​ខែ​ដំបូង ឆ្នាំ​ ២០២៤ មាន​ចំនួន​ជិត ៦០ ​លាន​ដុល្លារ កើន​ជាង ៦០​ ភាគ​​រយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​បើ​យោងតាម GDCE ក្នុង​ខែ​មករា ឆ្នាំ ​២០២៤ ការនាំចេញ​ជំពូក​ទំនិញ ​(HS ២​ខ្ពង់​)​ លេខ​កូដ ៩៤ ដែល​រួមមាន​គ្រឿង​សង្ហារិម សម្ភារ​គ្រែ ពូក ខ្នើយ​កល់ និង​វត្ថុ​ប្រហាក់ប្រហែល មាន​ទឹកប្រាក់​សរុប ៥៩,៩៣ ​លាន​ដុល្លារ កើនឡើង​ ៦២ ​ភាគ​​រយ​ធៀប​ខែមករា ឆ្នាំ​ ២០២៣ ដែលមាន ៣៧​ លាន​ដុល្លារ​។ ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​ជំពូក​លេខ​កូដ ៩៤ គឺ​ស្មើនឹង ៣,០៥ ​ភាគរយ​នៃ​ទឹកប្រាក់​នាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ដែលមាន ១,៩៧​ ពាន់​លាន​ដុល្លារ​។​


​ឆ្លើយ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ៦ ខែមីនា លោក ហុង វណ្ណៈ សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា ឱ្យដឹងថា គ្រឿងសង្ហារិម និង​ផលិតផល​ក្នុង​បន្ទប់​គេង គឺជា​ទំនិញ​អាទិភាព​មួយ​ដែល​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ជា​យូរ​មកហើយ​។ កំណើន​ទឹកប្រាក់​នាំចេញ​ផលិតផល​ទាំងអស់នេះ​មាន​ចាប់តាំងពី​ចុងឆ្នាំ​ ២០២៣ គឺ​បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុងអំឡុងពេល​ពិភពលោក​ជួប​វិបត្តិ​បណ្តាលមកពី​ជំងឺ​កូ​វីដ ​១៩​។​

​លោក​ប្រាប់ថា​៖ «​ដោយសារ​តម្រូវការ​ទីផ្សារ​អន្តរជាតិ​មាន​កាន់តែច្រើន ហើយ​ចំនួន​រោង​​ចក្រ​/​សហគ្រាស​ផលិត​ផលិត​​ផល​ទាំងអស់​ខាងលើ​ដែល​មក​បើក​ដំណើរការ​នៅ​កម្ពុ​ជាមាន​កាន់តែច្រើន​នោះ ដូច្នេះ​ចំនួន​ទឹកប្រាក់​នាំចេញ​ផលិតផល​ទាំងអស់នេះ​នឹង​បន្ត​កើនឡើង​ទៀត​នាពេលខាងមុខ​»​។​


​លោក​បន្ថែមថា នៅពេលនេះ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​បាន​កើនឡើង​ស្ទើរ​គ្រប់​វិស័យ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ ខណៈ​ការ​វិ​និ​យោគ​ផ្ទាល់​នៅ​កម្ពុជា គឺ​វិ​និ​យោគិន​នឹង​ទទួលបាន​ផល​វិ​ជ្ជ​មាន​ជាច្រើន​ទាំង​កត្តា​ខាងក្នុង និង​ខាងក្រៅ​។

លោក​បន្ថែមថា កត្តា​ខាងក្នុង​មានដូចជា ទីតាំង​ភូមិសាស្ត្រ ស្ថិរភាព​នយោបាយ ច្បាប់​វិនិយោគ ប្រព័ន្ធ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ និង​កម្លាំង​ពលកម្ម ជាដើម ចំណែក​កត្តា​ខាងក្រៅ​សំដៅ​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​ធំៗ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក ​លឹម ហេង កាលពីពេល​ថ្មីៗ​នេះបាន​និយាយថា កំណើនសេដ្ឋកិច្ច​សកល និង​ការថយចុះ​ទំនិញ​នៅក្នុង​ឃ្លាំង​ស្តុក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ​(​អន្តរជាតិ​) បានធ្វើឱ្យ​ការ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​កើន​ឡើង​ស្ទើរ​គ្រប់​វិស័យ​។ កម្លាំង​បញ្ជា​ទិញ​នឹងមាន​ជា​ទំហំ​កាន់តែ​ធំ​នៅពេល​ខាងមុខ​។​

​លោក​អះអាងថា​៖ «​នៅពេល​សេដ្ឋកិច្ចពិភពលោក​ដំណើរ​ការល្អ តម្រូវការ​ផលិតផល​ទាំង​នេះ​នឹង​ហក់​ឡើងវិញ ដូច្នេះ​ការ​បញ្ជា​ទិញ​នឹង​កើនឡើង​»​។​

​តារាង​ស្ថិតិ​របស់​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ទឹក​ប្រាក់​ដែល​កម្ពុជា​រកបាន​ពី​ការ​នាំចេញ​ជំពូក​ក្នុង​ទំនិញ​ (HS ២​ខ្ពង់​)​ លេខ​កូដ ៩៤ ដែល​រួមមាន​គ្រឿងសង្ហារិម​, សម្ភារ​គ្រែ ពូក ខ្នើយ​កល់ និង​វត្ថុ​ប្រហាក់​​ប្រហែល មាន​ទឹកប្រាក់​សរុប ៨៨៩,៦២​ លាន​ដុល្លារ ធ្លាក់ចុះ ៦,២ ​ភាគរយ​ បើ​ធៀប​ឆ្នាំ ​២០២២ ដែលមាន ៩៤៨,២៦​ លាន​ដុល្លារ​។ ទឹកប្រាក់​ការនាំ​ចេញ​ទំនិញ​ជំពូក​លេខ​កូដ ៩៤ ស្មើនឹង ៣,៩ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២៣ ដែលមាន ២២,៦៤​ ពាន់​លាន​ដុល្លារ​៕