ភ្នំពេញៈ ទំនាក់ទំនងវិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា ត្រូវបានរំពឹងនឹងបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើននាពេលខាងមុខ ខណៈក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air បានប្រកាសពីគម្រោងនៃការចាប់ផ្តើមហោះហើរត្រង់ទៅកាន់ទីក្រុងដែលី ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់ Cambodia Angkor Air កាលពីសប្តាហ៍មុនសរសេរថា សូមទទួលយកបទពិសោធន៍ថ្មីជាមួយការហោះហើរទៅទីក្រុងដែលី ប្រទេសឥណ្ឌា។ ការហោះហើរនឹងចាប់ផ្ដើមពេលឆាប់ៗខាងមុខនេះ។
ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៧ ខែមីនាថា គម្រោងការចាប់ផ្តើមជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ទៅប្រទេសឥណ្ឌា នឹងផ្តល់ផលចំណេញច្រើនណាស់ដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មនៃប្រទេស ២។ លោកបន្តថា ទោះបីយ៉ាងណាភាពជោគជ័យនៃប្រតិបត្តិការហោះហើរត្រង់នេះ ក៏អាស្រ័យទៅលើការកំណត់តម្លៃសម្រាប់ការហោះហើរផងដែរ។
លោកបញ្ជាក់ថា៖ «នេះគឺជាដំណឹងដ៏ល្អដែលយើងរង់ចាំជាយូរឆ្នាំ ដែលយើងខំប្រឹងប្រែងយូរឆ្នាំ។ ខ្ញុំធ្លាប់និយាយច្រើនដងហើយថា ទីផ្សារឥណ្ឌានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះឥណ្ឌាជាប្រជាជាតិធំ បើយើងនិយាយពីចំនួនអ្នកដំណើរជុំវិញពិភពលោកបន្ទាប់ពីចិន គឺឥណ្ឌាហ្នឹងហើយដែលធំជាងគេ យើងឃើញហើយចិនសព្វថ្ងៃនេះមិនមានភាពទូលំទូលាយទេ តែទីផ្សារឥណ្ឌានេះមានទាំងវប្បធម៌ប្រពៃណី។ យើងមានទំនាក់ទំនងច្រើនជាមួយឥណ្ឌា ហើយទីផ្សារហ្នឹងធំ អ៊ីចឹងកម្ពុជាចាំបាច់ណាស់មានជើងយន្តហោះដោយផ្ទាល់ជាមួយឥណ្ឌា»។
យោងតាមលោក ស៊ីណាន ទីផ្សារទេសចរណ៍ឥណ្ឌា ត្រូវគេចែកជា ៣ ប្រភេទ គឺទី១ តំបន់វប្បធម៌ប្រវត្តិសាស្ត្រ, ទី២ តំបន់ Shopping និង Night Light (ភាគច្រើនទៅប្រទេសថៃ) និងទី៣ សាសនា។
សម្រាប់ភ្ញៀវជនជាតិឥណ្ឌាមកកម្ពុជា គឺចូលចិត្តធ្វើដំណើរទៅតំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ នេះបើតាមលោក ស៊ីណាន។យោងតាមគេហទំព័រ worldometers.info បច្ចុប្បន្ននេះឥណ្ឌា គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកជាមួយនឹងប្រជាជនប្រមាណ ១ ៤៣៧,៥៨ លាននាក់ (ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤) នាំមុខប្រទេសចិន ដែលស្ថិតនៅលេខ ២ ដែលមានប្រជាជន ១ ៤២៥,៣៣ លាននាក់។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ថា ស្ថានភាពវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមល្អប្រសើរឡើងវិញបណ្តើរៗហើយ ក្រោយពីធ្លាក់ចុះយ៉ាងគំហុកជាង ៣ ឆ្នាំ ដោយសារការលេចឡើងនៃជំងឺកូវីដ ១៩ និងជម្លោះភូមិសាស្ត្រនយោបាយ ព្រមទាំងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។ មួយរយៈចុងក្រោយនេះចំនួនភ្ញៀវទេសចរដែលមកពីឥណ្ឌា កូរ៉េខាងត្បូង និងតំបន់អឺរ៉ុបខាងកើតដូចជា ប៉ូឡូញ ហុងគ្រី និងប៊ុលហ្គារី បានកើនឡើងគួរឱ្យកត់សម្គាល់។
លោកអះអាងថា៖ «ការបើកជើងហោះហើរត្រង់នឹងជួយឱ្យភ្ញៀវឥណ្ឌាកាន់តែច្រើនចូលមកទស្សនាតំបន់ប្រាសាទបុរាណកម្ពុជា ខណៈប្រាសាទបុរាណភាគច្រើនសុទ្ធតែមានប្រវត្តិនៃការសាងសង់ទាក់ទងនឹងសាសនាដែលមាននៅឥណ្ឌា»។
ជុំវិញការភ្ជាប់ជើងហោះហើរពីកម្ពុជាទៅឥណ្ឌា លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ថា នៅមិនទាន់អាចបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់បានទេ។
បើតាមលោក ចាន់សិរីវុត្ថា ចំនួនជើងហោះហើរនៅកម្ពុជាបានកើនជាបន្តបន្ទាប់ ដោយគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៤ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា គឺមានជិត ១៧០ ជើង ក្នុង ១ ថ្ងៃ។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ មានភ្ញៀវបរទេស ៥,៤៥ លាននាក់បានចូលមកប្រទេសកម្ពុជា កើនឡើង ១៣៩,៥ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះជនជាតិឥណ្ឌា មានចំនួន ៦៨ ៨៣ ៦នាក់ កើន ១០២,៤ ភាគរយ។ ភ្ញៀវជនជាតិឥណ្ឌា ស្ថិតនៅលេខរៀងទី ១៤ បន្ទាប់ពីប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង អង់គ្លេស ម៉ាឡេស៊ី អូស្ត្រាលី ជប៉ុន និងរុស្ស៊ី។
ក្រៅពីទំនាក់ទំនងផ្នែកទេសចរណ៍ កម្ពុជា-ឥណ្ឌា ក៏មានទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មជាមួយគ្នាផងដែរ ដោយក្នុងឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញនៃប្រទេសទាំង ២ មានទឹកប្រាក់សរុប ៤៨៥,៧ លានដុល្លារកើនឡើង ១០,៤ ភាគរយ ធៀបឆ្នាំ ២០២២។ ក្នុងចំនួននេះ គឺកម្ពុជានាំទៅឥណ្ឌា ២៩៣,០៦ លានដុល្លារ កើន ៤៩ ភាគរយ និងទំនិញឥណ្ឌានាំមកកម្ពុជា ១៩២,៦៤ លានដុល្លារ ធ្លាក់ចុះ ២០,៨ ភាគរយ។ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំទី ១៧ របស់កម្ពុជា។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឆ្នាំ ២០១៩ គឺជាពេលដែលប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេដោយមានចំនួនសរុប ៦,៦១ លាននាក់ កើន ៦,៦ ភាគរយធៀបឆ្នាំ ២០១៨ ក្នុងនោះភ្ញៀវជនជាតិឥណ្ឌា មានចំនួន ៧៥ ២៨៦ នាក់ កើនឡើង ១៤,៣ ភាគរយ៕