ភ្នំពេញៈ ការធ្វើ​ធុរកិច្ច និង​ទំ​ហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​នឹងមាន​ភាព​កាន់តែ​ប្រសើរ​ថែមទៀត ខណៈ​តំណាង​សមាគម​សហព័ន្ធ​ធុរកិច្ច​វៀត​ណា​ម​-​កម្ពុជា​ ​(VCBA)​ សន្យា​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ទៅកាន់​វិនិយោគិន​នៅ​វៀតណាម​។​

​ការអះអាង​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក លេង រិទ្ធី ប្រធាន​សមាគម VCBA ក្នុងឱកាស​ដែល​លោក​ដឹកនាំ​តំណាង​ក្រុមហ៊ុន​ចំនួន​ ១៦ (​ភាគច្រើន​មាន​ប្រតិបត្តិ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​) ទៅ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​នៅ​ទីស្នាក់ការ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី​ ៦ ខែមីនា​។​


​លោក លេង រិទ្ធី បាន​លើក​ឡើង​ថា VCBA កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ពិសេស​ការខិតខំ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​នីតិកាល​​ថ្មី ខណៈ​កន្លងមក​លោក និង​ក្រុមហ៊ុន​ជា​សមាជិក VCBA ក៏បាន​ចែករំលែក​បទពិសោធន៍​នៃ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ដូចជា​ស្រូវ​អង្ករ និង​កៅស៊ូ ទៅដល់​ប្រជាកសិករ និង​វិ​និ​យោ​គិ​ន​កម្ពុជា​មួយចំនួន​។

លោក​បន្តថា តាមរយៈ​កិច្ចសហការ​ល្អជា​មួយ CDC គឺ VCBA សន្យាថា​នឹង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ទៅ​ក្រុម​វិនិយោគិន​វៀតណាម​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន​។​


​លោក​បាន​ថ្លែងថា​៖ «VCBA នឹង​ព្យាយាម​ចូលរួម​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​សក្តា​នុព​ល​របស់​ប្រទេស​កម្ពុជា​ទៅកាន់​វិនិយោគិន​នៅ​វៀតណាម​ដើម្បី​ទាក់ទាញ​ពួកគេ​ឱ្យ​ចូលមក​ធ្វើការ​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ ជាពិសេស​វិស័យ​កសិកម្ម​នៅ​កម្ពុជា​»​។​

​ជាការ​ឆ្លើយតប លោក ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​ចំពោះ​វិនិយោគិន​ទាំងអស់​ដែល​បានដាក់​ទុនវិនិយោគ​នៅ​កម្ពុជា ហើយ​កម្ពុជា​រំពឹង​នឹង​ទទួល​បានការ​ពង្រីក​វិនិយោគ​ពី​ក្រុម​​ហ៊ុន​នានា​ដែលមាន​ស្រាប់​នៅ​កម្ពុជា​បន្ថែមទៀត​។​

​លោក ចាន់ថុល លើកឡើង​ទៀតថា បច្ចុប្បន្ន​កម្ពុជា​គឺជា​ទី​តាំង​ដ៏​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​នៅលើ​គ្រប់​វិស័យ ជាក់ស្តែង​កម្ពុជា​ជា​ប្រទេស​មាន​សុខសន្តិភាព មាន​ស្ថិរភាព​សេដ្ឋកិច្ច​ល្អ មានច្បាប់​វិនិយោគ​អំណោយផល និង​មាន​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អប្រសើរ​ផងដែរ​។​

​សមាគម​សហព័ន្ធ​ធុរកិច្ច​វៀត​ណា​ម​-​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៨ ដោយ​គិត​មកដល់ពេលនេះ​មាន​សមាជិក​ជាង ១០០ ​ក្រុមហ៊ុន​។ VCBA មាន​គោលបំណង​រួមចំណែក​គាំពារ​វិស័យ​ធុរកិច្ច​វៀតណាម​-​កម្ពុជា អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ពាណិជ្ជកម្ម​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុង​នាម​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា និង​មាន​ទំនាក់ទំនង​ការទូត​ល្អ គឺ​សកម្មភាព​នៃ​ការនាំចេញ នាំចូល​ទំនិញ និង​ការ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​ពី​សំណាក់​វិនិយោគិន​វៀតណាម បាន​កើន​ឡើងជា​បន្តបន្ទាប់​។

លោក​បន្តថា សម្រាប់​សកម្ម​ភាព​ដឹកជញ្ជូន​ឆ្លង​ព្រំដែន​គឺមាន​ជាប្រចាំ ដោយ​ទំនិញ​កម្ពុជា​នាំទៅ​វៀតណាម​ភាគច្រើន​លើស​លប់​ជា​ផលិតកម្ម​កសិកម្ម​ដូច​ជា ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំ​ជក់ និង​ធនធានធម្មជាតិ រីឯ​ទំនិញ​វៀតណាម​នាំមក​វិញ គឺមាន​ផលិតផល​ចម្រុះ​ជាច្រើន​រាប់​តាំងពី​ចំណីអាហារ ផលិត​ផល​ប្រើប្រាស់​ប្រចាំថ្ងៃ គ្រឿង​​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក​អគ្គិសនី ជីគីមី និង​សម្ភារ​សំ​​ណង់ ជាដើម​។​

​លោក​ប្រាប់ទៀតថា​៖ «​សម្ទុះ​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ចំនួន​វិនិយោគិន​វៀតណាម​ចូលមក​បើក​អាជីវកម្ម​នៅ​កម្ពុជា ក៏​នឹង​បន្ត​កើនឡើង​ផងដែរ​»​។​

​ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៦,៥៨​ ពាន់​លាន​ដុល្លារ កើនឡើង ៧,៣ ​ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​ខាងលើ​គឺ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ២,៩៧​ ពាន់​លាន​ដុល្លារ កើន ៣៧,១ ​ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ៣,៦១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៩ ​ភាគរយ​។ យោងតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ ៦៣៩,៦២​ លាន​ដុល្លារ ខណៈ​ឆ្នាំ​ ២០២២ មាន​រហូតដល់ ១,៨ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕