សភាពាណិជ្ជកម្ម​កម្ពុជា (CCC) និង សមាគមធុរកិច្ចកម្ពុជា​វៀតណាម (VCBA) គ្រោងនឹងសហការគ្នា​បង្កើត ក្រុមប្រឹក្សាធុរកិច្ច​កម្ពុជា-វៀតណាម  ដើម្បីជំរុញ​ការដោះស្រាយការលំបាករបស់​ពាណិជ្ជករ ក៏ដូចជា​ប្រជាជន​នៅតាមព្រំដែន​ទ្វេភាគី​ឱ្យបានទាន់​ពេលវេលា  រវាងវិស័យ​ឯកជន និងឯកជន។

គម្រោងបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ចកម្ពុជា​វៀតណាមនេះ ត្រូវបានលើកឡើង​នៅក្នុងកិច្ចពិភាក្សា​ការងារ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង សមាគមធុរកិច្ច​កម្ពុជា​វៀតណាម កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅការិយាល័យ​សភាពាណិជ្ជកម្ម​កម្ពុជា នៅរាជធានី​ភ្នំពេញ។


នាកិច្ចពិភាក្សា​នោះ លោក លឹម ហេង ប្រធាន​ស្ដីទីសភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹង​ថា ជំនួបលើក​នេះ គឺដើម្បីផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យកាន់តែ​ជិតស្និទ្ធជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗទៀត​នៅកម្ពុជា។

លោកបានបន្ថែម​ថា វាក៏ជាការពង្រីក​ធុរកិច្ច ចាប់ដៃគូ​រវាង​សភាពាណិជ្ជកម្ម ជាមួយសមាគម​ធុរកិច្ចកម្ពុជា វៀតណាម ដោយសភាពាណិជ្ជកម្ម​កម្ពុជា​បានសង្កេត​ឃើញថា ភាគីវៀតណាម​បានដឹកនាំ​ក្រុមហ៊ុនធំៗជាច្រើន​មកដូចជា វិស័យ​ទូគមនាគម, វិស័យធនាគារ, និងវិស័យ​អាកាសចរណ៍​ជាដើម។


លោកបានបញ្ជាក់​ថា៖«ការវិនិយោគ​របស់​ក្រុមហ៊ុន​ទាំងនេះ បានសបញ្ជាក់ឱ្យ​ឃើញថាអ្នកវិនិយោគ​វៀតណាម កំពុងតែធ្វើធុរកិច្ច​ទទួលបាន​ជោគជ័យក្នុង​ប្រទេសកម្ពុជា»។ 

លោក ឡេង ឬទ្ធី ប្រធាន​សមាគធុរកិច្ច​កម្ពុជា វៀតណាម បានលើកឡើង​ដែរថា កន្លងមកសភាពាណិជ្ជកម្ម​កម្ពុជា បានដោះស្រាយ​ច្រើន​ចំពោះបញ្ហា​ប្រឈមរបស់​ក្រុមហ៊ុន​វិនិយោគវៀតណាម ដែលជួប​បញ្ហា​ជាមួយស្ថាប័នរដ្ឋ ក៏ដូចជា​ស្ថាប័នពាក់ព័ន្ធ។

លោកបានបន្ថែម​ថា ដើម្បីអនុវត្ត​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លងដែន រវាង​កម្ពុជា និងវៀតណាម ស្ថាប័ន​ទាំងពីរ​ត្រូវតែបង្កើត​ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា​វៀតណាម។

លោកបានបញ្ជាក់​ថា៖«យើងនឹងលើក​យកបញ្ហារួម មកពិភាក្សា​ររួមគ្នា ដើម្បីឈាន​ទៅដល់ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ចកម្ពុជា​វៀតណាម  ដើម្បីដោះស្រាយ​ការលំបាក​របស់​ពាណិជ្ជករ ក៏ដូចជាប្រជាជន​នៅតាមព្រំដែន​កម្ពុជា​វៀតណាម​ឱ្យទាន់​ពេលវេលា រវាង​វិស័យ​ឯកជន និងឯកជន»។

បើតាមសភាពាណិជ្ជកម្ម​កម្ពុជា គិតត្រឹមដើម​ឆ្នាំ២០២៤ ធុរជន និងវិនិយោគ​វៀតណាម​នៅកម្ពុជាមានចំនួន ៥០ ក្រុមហ៊ុន ដែលកំពុង​ប្រតិបត្តិការធុរកិច្ចនិងវិនិយោគ​នៅកម្ពុជា ក្នុងសកម្មភាព​ធុរកិច្ចលើ​វិស័យ​កសិកម្ម ជាដើម។

យោងតាមរបាយការណ៍​ពីធនាគារជាតិ​នៃកម្ពុជា បានបង្ហាញ កាលពី​ត្រីមាសទី១ ឆ្នាំ២០២៣ ប្រទេស​វៀតណាម បានជាប់​លេខ៥ ក្នុងចំណោម ១០ ប្រទេស ក្នុងនាមជាប្រទេស​ដែលបានបោះទុន​វិនិយោគ​ដោយផ្ទាល់​មកកម្ពុជា ដោយមាន​ទំហំ​ទឹកប្រាក់​ជាង១០,២ ទ្រីលានរៀល ស្មើនឹងជិត ៣ ពាន់លានដុល្លារ។ ដោយឡែក​ទំហំពាណិជ្ជកម្ម​កម្ពុជា-វៀតណាម នៅក្នុង​ខែមករា ឆ្នាំ២០២៤នេះ សម្រេចបាន​ក្នុងទំហំ​ទឹកប្រាក់​ជាង ៦៧៧ លានដុល្លារ កើនឡើង​ជាង ៤១ ភាគរយ បើធៀបនឹង​ខែមករា ឆ្នាំ២០២៣៕