របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា នៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករ​បានចំនួន ៩០ ១៥៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥០ ដែលសរុបជាទឹកប្រាក់ជាង ៦៥ លានដុល្លារអាមេរិក។

របាយការណ៍បានបញ្ជាក់ថា គោលដៅទាំង៥០នោះ រួមមានទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ៥១ ៣៣៣តោន គិតជាទឹកប្រាក់ចំនួន៣៨,៣៧ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១៨ ៧៥៣តោន គិតជាទឹកប្រាក់ ១៣,៣៦ លានដុល្លារ ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ១១០៨៣ តោន គិតជាទឹកប្រាក់ ៦,៨១ លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៨ ៩៨៤ តោន គិតជាទឹកប្រាក់ចំនួន ៦,៩០ លានដុល្លារសហរដ្ឋអាមេរិក។


ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៨៤,៧២ ភាគរយ ប្រភេទអង្ករស​ធម្មតា ១១,៥៣ ភាគរយ អង្ករចំហ៊ុយ ២,១៧ ភាគរយ និង អង្ករសរីរាង្គចំនួន ១,៧០ ភាគ​រយ។ ដោយឡែក ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៣៦៨ ៣២២ តោន ផង​ដែរ ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៣៩៥  លានដុល្លារ សហរដ្ឋអាមេរិក ដែល​ក្នុងនោះ ៦៥ ភាគរយ ដែលបាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ថ្មីៗនេះ ក្រសួង​កិសកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីស្តង់ដា​ដំណាំស្រូវនិរន្តរភាព ស្តង់ដាស្រូវសរីរាង្គ ស្តង់ស្រូវកសិកម្មកកើតឡើងវិញ គឺជាយន្តការមួយនៃការធ្វើឱ្យមានតម្លៃបន្ថែមដល់កសិករ ជាពិសេសកសិករខ្នាតតូច និងកសិករដែលអាស្រ័យលើការជួលដីបន្ត។


លោកបានបន្ថែមថា ការជំរុញឱ្យមានការអនុវត្តន៍ស្តង់ដាកសិកម្មនិរន្តរភាព កសិកម្មកកើតឡើងវិញ ជាផ្នែកមួយយ៉ាងសំខាន់នៃការធ្វើទីផ្សារអង្ករកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតលើបច្ចុប្បន្នភាព នៃកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង នាឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និង ២០២២ សម្រាប់ពូជស្រូវផ្ការំដួល និងពានរង្វាន់មាសចិនអាស៊ាន ឆ្នាំ២០២៣ សម្រាប់អង្ករពូជស្រូវសែនក្រអូប ០១។

លោកបានបញ្ជាក់ថា៖«កម្មវិធីទាំងនេះ គឺជាកូនសោគន្លឹះមួយយ៉ាងសំខាន់នៃការសម្រេចផែនការនាំចេញអង្ករកម្ពុជាឱ្យបាន ១ លានតោន​ ក្នុង ឆ្នាំ២០២៥ និងធ្វើឱ្យបរិយាកាសធុរកិច្ចវិស័យស្រូវអង្ករឱ្យល្អប្រសើរប្រកបដោយប្រាក់ចំណេញ ភាពធន់ និងបរិយាប័ន្ន»។ 

លោកបានបន្ថែមថា កម្មវិធីនេះក៏ជួយបង្ហាញប្រាប់ដល់ពិភពលោកថា កសិកម្មកម្ពុជាកំពុងស្ថិតលើដំណើរផ្លូវឆ្ពោះទៅរកការអនុវត្តតាមស្តង់ដាអន្តរជាតិនានា ក្នុងការចូលរួមសង្គ្រោះផែនដី ក៏ជាយន្តការនៃការពង្រីកមុខមាត់សម្រាប់ផ្នែកទីផ្សារអង្ករកម្ពុជាផងដែរ៕