ភ្នំពេញ៖ យន្តហោះ​ថ្មី​​របស់​ក្រុមហ៊ុន AirAsia Cambodia បាន​បង្ហាញ​រូបរាង​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤​ ដោយ​នាំមក​នូវ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​កាន់តែ​ប្រសើរឡើង និង​ការជំរុញ​កំណើន​​ទេសចរណ៍​សម្រាប់​កម្ពុជា​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​របស់​លោក​នាពេល​ថ្មីៗ​នេះថា​ យន្តហោះ​ដែល​តុបតែង​ដោយ​រូបភាព​នៃ​ប្រាសាទ​អង្គរវត្ត និង​គំនូរ​បែប​ប្រពៃណី​របស់​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស។​

យោងតាម​ការ​បង្ហោះ​របស់​នាយករដ្ឋមន្ត្រី​នៅលើ Facebook របស់​លោក​ថា៖ «[យន្ដហោះ] បាន​រចនា​រូបប្រាសាទអង្គរវត្ត​ និង​អក្សរ Cambodia យ៉ាង​ស្រស់​ស្អាត​ ដើម្បី​ត្រៀម​ហោះហើរ​បង្ហាញ និង​ហោះហើរ​សាកល្បង នៅ​ថ្ងៃទី៣០ ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ ប្រតិបត្ដិករ​ហោះហើរ​ផ្លូវការ»។


ការ​ហោះហើរ​ក្នុង​ស្រុក​ជា​ផ្លូវការ នឹង​រៀបចំ​ដំណើរការ​នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយមាន​ជើងហោះហើរ​ប្រចាំថ្ងៃ​ចំនួន ៤ ជើង គឺ​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប និង​​​រវាង​ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប​។​


លោក David-Jaya Piot ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​នៅ​សៀមរាប បានទទួល​ស្គាល់​ពី​កំណើន​នៃ​វិស័យ​ទេសចរណ៍ ជាពិសេស​ពី​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​ ហើយ​ទីផ្សារ​អាស៊ី​មិនទាន់មាន​​ការកើនឡើង​នេះ​ទេ ដោយ​បច្ចុប្បន្ន​ទីផ្សារ​កូរ៉េ​កំពុង​នាំមុខគេ​។​


ទោះបីជា​យ៉ាងនេះ​ក្តី លោក Piot ​កូន​កាត់​​បារាំង​-​កម្ពុជា បានបង្ហាញ​ទំនុកចិត្ត​លើ​ស្ថានភាព​ទេសចរណ៍​ប្រកប​ដោយ​​និរន្តរភាព និង​ការលេចឡើង​នៃ​អ្នកដំណើរ​ទ្រព្យ​ស្ដុក​ ដែល​បាន​ជំរុញឱ្យមាន​ការកែលម្អ​គុណភាព​សេវាកម្ម​នៅ​ទូទាំង​ខេត្ត​។​


លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ជា​លទ្ធផល នេះ​បាន​នាំ​ឱ្យ​​មានការ​កើនឡើង​ជារួម​នូវ​គុណភាព​បទពិសោធន៍ និង​សេវាកម្ម​ដែល​ផ្តល់ជូន​ក្នុង​ខេត្ត​របស់​យើង​»​។​

លោក​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ជា​ឱកាស​សម្រាប់​ការ​មក​ទស្សនា​ប្រទេស​កម្ពុជា ដោយសារ​លែង​មាន​ភាព​ចង្អៀត​ណែន និង​ការ​ទទួល​បាន​បទពិសោធន៍​ដែល​មាន​គុណភាព​ខ្ពស់​ពី​ក្រុមហ៊ុន​អាកាសចរណ៍។

លោក Piot ​ជា​សហស្ថាបនិក Kulen Elephant Forest បាន​និយាយថា សម្រាប់​ជើងហោះហើរ Air Asia Cambodia គឺជា​ការ​បន្ថែម​សក្ដានុពល​​យ៉ាងខ្លាំង​ចំពោះ​វិស័យ​​ទេសចរណ៍​។ វា​នឹង​អនុញ្ញាត​ឱ្យមាន​ការតភ្ជាប់​កាន់​តែ​​ប្រសើរ​ទៅ​កាន់​គោលដៅ​ក្នុង​តំបន់ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លម្ហូរអ្នកដំណើរ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។​

ការដាក់​តាំង​បង្ហាញយន្ដ​នាគ​ក្រហម​ របស់​ក្រុមហ៊ុន​ AirAsia Cambodia ត្រូវ​បាន​ដកស្រង់​គំនិត និង​អត្ថន័យ​ពីស្ដេច​នាគ​ដ៏​ស័ក្ដិសិទ្ធ ដែល​តំណាង​ឱ្យ​អំណាច ការ​ការពារ និង​ភាព​សម្បូរ​រុងរឿង។ ​បំពាក់​ដោយ​ពណ៌​ទង់ជាតិ​កម្ពុជា និង​ភាព​អស្ចារ្យ​នៃ​ប្រាសាទអង្គរវត្ត យន្តហោះ​នេះ​គ្រោង​នឹង​ផ្តល់ជូន​អ្នកដំណើរ​នូវ​បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន​ជាមួយ​នឹង​ពាក្យ​ស្លោកថា​ «ឥឡូវនេះ គ្រប់គ្នាអាចហោះហើរបាន»។​

លោក ​វ៉ន​ ពៅ ​ប្រធាន​សមាគម​ឯករាជ្យ​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ឱ្យដឹងថា បើ​អាកាសចរណ៍​នេះ​ហោះហើរ​ក្នុង​ស្រុកផង និង​អន្ដរជាតិ​ផង ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​លេង​ស្រុក​ខ្មែរ លោកគិត​ថា វាជា​ប្រយោជន៍​មួយ​សម្រាប់​អ្នក​ដឹក​ជញ្ជូន ដូចជា អ្នក​រត់​តាក់ស៊ី អ្នករត់​រ៉ឺម៉ក អ្នក​ប្រកប​មុខ​របរ​អាហារដ្ឋាន​ជាដើម ក៏ដូចជា​អ្នក​លក់​ទំនិញ​នៅតំបន់ទេសចរណ៍ អាច​បង្កើន​ប្រាក់​ចំណូល​របស់​ពួកគាត់។

លោក​បាន​ថ្លែង​ថា​៖ «ម្យ៉ាងវិញទៀត បើ​ព្រលាន​យន្ដហោះ​ថ្មីនៅ​ខេត្ដ​កណ្ដាល​ មិនគិតថ្លៃចំណត​ និង​សេវាផ្លូវ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ អ្នក​ដឹក​ជញ្ជូន ដែល​ដឹក​ភ្ញៀវ​ទៅកាន់​ព្រលាន​យន្ដហោះ​ថ្មី​ វាជាការ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ពួកគាត់»៕