លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បញ្ជាក់​សាជាថ្មី​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​ ហើយថា​រដ្ឋាភិបាល​មិន​មែន​ប្រៀប​បីដូច​​ជា​សត្វ​ឆ្មា​ដែល​ចាំ​តែ​ចាប់​កណ្ដុរ​នោះ​ទេ។

ក្នុងពិធី​​សម្ពោធ​​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃទី​៩ ខែឧសភា លោក ហ៊ុន ម៉ាណែត ថ្លែង​ថា រដ្ឋាភិបាល​នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន និង​ក្រុមហ៊ុន​នានា​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា ព្រមទាំង​បាន​​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​មក​​វិនិយោគ​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​នានា​នៅ​ក្រៅ​និង​ក្នុង​ប្រទេស។ យ៉ាងណា​ក៏ដោយ លោកចង់​ឃើញ​មាន​កិច្ច​សហការ​គ្នា​ល្អ​រវាង​វិស័យ​ទាំង​ពីរ​នេះដោយ​គោរព​អនុលោមភាព។

លោក​និយាយ​ថា៖ «ការ​ពង្រឹង​អនុលោមភាព គឺ​ពង្រឹង​ភាពស្របតាម ឬ​ប្រព្រឹត្តទៅ​តាម​គោលការណ៍​ ផែនការ នីតិវិធី​ច្បាប់ បទបញ្ញត្តិ​ និង​កិច្ច​សន្យា។ តើ​ការពង្រឹង​អនុលោមភាព​បាន​​ប្រយោជន៍​អ្វី?​ ការ​ពង្រឹង​អនុលោមភាព គឺការ​ពង្រឹង​សណ្ដាប់​ធ្នាប់​ របៀប​រៀបរយ និង​មាន​តម្លាភាព​ ឲ្យ​មាន​​បរិស្ថាន​មួយ​ដែល​មាន​ភាពច្បាស់​លាស់ និង​ងាយ​ស្រួល​ធ្វើ​សកម្មភាព​អាជីវក​ម្ម។ វាបង្កើត​ការ​ទុកចិត្ត​គ្នា​​រវាង​ឯកជន​និង​ឯកជន រវាង​រដ្ឋ​និង​ឯកជន និង​បង្កើត​បរិស្ថាន​ធុរកិច្ច​ដែល​​មាន​ស្ថិរភាព​និង​មាន​លំនឹង»។


លោក​លើក​ឡើង​ថា នៅ​ពេល​ឮពាក្យ​ថា​​អនុលោមភាព មាន​ក្រុមហ៊ុន​ខ្លះ​យល់​ថា វា​​ជា​រឿង​រសើប​។ លោក​ស្នើ​កុំ​ឲ្យ​ក្រុមហ៊ុន​នានា​​ប្រៀបធៀប​ពាក្យ​នេះ​​ទៅនឹង​សត្វ​​ឆ្មា​ដែល​ចាំ​តែ​ចាប់​កំហុស​កណ្ដុរ​ ព្រោះ​ថា​​រដ្ឋាភិបាល​មិន​មែន​ជា​ឆ្មា​ដែល​ចាំ​តែ​ចាប់​កំហុស​វិស័យ​ឯកជន​នោះទេ។


លោក​ថ្លែង​ថា៖ «រដ្ឋ​មាន​តួនាទី​គាំទ្រ មិន​ដើរ​តួនាទី​ផាក​ពិន័យ​ទេ។ ខ្ញុំ​មិនចង់​ឲ្យមាន​ការ​យល់​ឃើញ​ថា​ឲ្យតែ​ឮពាក្យ​ថា​រដ្ឋ​គឺ​គេ​សំដៅថា​ចាំតែ​ផាក​ ចាំតែចាប់​កំហុស។ រដ្ឋមិន​ចង់​ដើរ​តួនាទី​បែប​នេះទេ។ ភាពជាដៃគូ​ខ្ញុំ​ចង់​បាន​ការ​ជួយ​គិត ជួយធ្វើ ជួយ​អនុវត្ត»។


លោក​នាយក​រដ្ឋមន្ត្រី​ចង់​ឲ្យ​​​វិស័យ​ឯកជន​និង​រដ្ឋ​រួមគ្នា​ធ្វើ​​ឲ្យ​កម្ពុជា​​ក្លាយ​ជា​កន្លែង​ដែល​បរទេស​ចង់​មក​វិនិយោគ។ លោក​ថា រដ្ឋាភិបាល​ប្ដេជ្ញា​​ក្នុង​ការ​បង្កលក្ខណៈ​ងាយ​ស្រួល​ឲ្យ​វិនិយោគិន​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួត​ប្រជែង និង​កាន់តែជោគ​ជ័យ។


លោក ច័ន្ទ សុផល នាយកមជ្ឈ​មណ្ឌលសិក្សា​គោល​នយោបាយ​ យល់​ថា​ អនុលោម​ភាព​​របស់​វិស័យ​​ឯកជន​​នៅ​​មិន​​ទាន់​​គ្រប់​​គ្រាន់​ ​ឬ​​មិន​​ទាន់​​គ្រប់​​ក្រុម​ហ៊ុន​​នៅ​ឡើយ​ទេ​ ដែល​មូល​ហេតុ​​អាច​​មក​​ពី​​តម្រូវ​ការ​អនុលោម​ភាព​មាន​ការ​តឹង​តែង​ពេក។ 

លោក​ថ្លែង​ថា វា​​ជា​ការ​​សំខាន់​​ដែល​​ក្រុមហ៊ុន​​ប្រកួត​​ប្រជែង​​ដោយ​​ឈរ​លើ​​អនុលោម​ភាព​​ដូច​​គ្នា។ ប៉ុន្តែ ក្រុម​ហ៊ុន​​ដែល​​អនុលោម​ទាំង​​ស្រុង​ ប្រឈម​​នឹង​​ការ​​បង់​​ពន្ធ​ច្រើន​ ​ដែល​​ពិបាក​​ធ្វើ​​ឱ្យ​ទំនិញ​ ​ឬ​​សេវា​មាន​​ថ្លៃ​​ទាប​​ដូច​​ក្រុមហ៊ុន​​មិន​​អនុលោម​​ ឬ​​មិន​​អនុលោម​​ទាំង​​ស្រុង​។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​​យល់​ថា​​គួរ​​តែ​​សម្រួល​​អនុលោម​​ភាព​ ឱ្យ​​មាន​​ភាព​​ប្រាកដ​​និយម​​សម្រាប់​​ក្រុម​​ហ៊ុន​​ទាំង​​អស់​អនុលោម​បាន​ទាំង​ស្រុង​ ដើម្បី​​ឲ្យ​មាន​ភាព​​យុត្តិធម៌​​ក្នុង​​ការ​​ប្រកួត​ប្រជែង​។ ឧទាហរណ៍​ ដូចជា​ការ​បន្ទាប​អត្រា​ពន្ធ​។ នៅ​​ពេល​​ក្រោយ​ អាច​​មាន​​ការ​​តំឡើង​​បន្តិច​ម្តងៗ​​បាន​ ដោយ​​មាន​​ការ​​ចូល​​រួម​​ទាំង​​អស់​​គ្នា​»។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​​វាយនភណ្ឌ សម្លៀក​បំពាក់ ​ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ​​​នៅ​​កម្ពុជា ហៅកាត់​ថា TAFTA ថ្លែង​ថា អនុលោមភាព​មាន​ទិដ្ឋភាព​នានា​ដូចជា​ ផ្នែក​ពលកម្ម បរិស្ថាន ពន្ធ សុវត្ថិភាព​ផ្នែក​អាគារ និង​ចំណុច​ជា​ច្រើន​ទៀត ហើយ​ផ្នែក​ទាំង​នេះ​មាន​បញ្ហា​ប្រឈម​ខុសៗ​គ្នា។

លោក​ថ្លែង​ថា៖ «វិស័យ​ឯកជន​បាន​និង​កំពុង​អនុវត្ត​ទៅតាម​គោលការណ៍​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​អនុលោមភាព​ពេញ​លេញ»។

លោក លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា អ្វី​ដែល​លោក​ ហ៊ុន ម៉ាណែត​ បាន​លើក​ឡើង​គឺ​លោក​ចង់​ឲ្យ​គ្រប់​ក្រុមហ៊ុន​ទាំង​អស់​គោរព​ច្បាប់​ឲ្យ​បាន​ស្មើរៗគ្នា សូម្បីតែ​ខាង​រដ្ឋាភិបាល​ក៏​ត្រូវ​តែ​គោរព​ដូចគ្នា​ដែរ។ 

លោក​ថ្លែង​ថា៖ «ដូច្នេះ​អនុលោមភាព​គឺ​ការ​គោរព​ច្បាប់​ទាំង​អស់​គ្នា ទាំង​មន្ត្រី ទាំង​អ្នករកស៊ី គឺយើង​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា ដើម្បី​ទៅថ្ងៃមុខ​យើង​អាច​អនុវត្ត​បាន​ល្អ​ប្រសើរ​ទាំង​អស់​គ្នា បំបាត់​នូវ​ភាព​មិន​ប្រក្រតី ឬ​ការិយាធិបតេយ្យ​ជាដើម គឺ​យើង​ដើរ​ទៅ​ដោយស្រប​គ្នា។ នេះ​ជា​អ្វី​ដែល​វិស័យ​ឯកជន​ចង់បាន គឺ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព។​ បើមាន​អនុលោមភាព ការ​ប្រកួត​ប្រជែង​គឺ​ស្មើគ្នា»។

លោក​ជា​ឧទាហរណ៍​ថា ក្នុង​ករណី​នាំចេញ ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​គោរព​តាម​អនុលោមភាព​ពន្ធ​​ គឺត្រូវ​បង់​ពន្ធ​ត្រឹមត្រូវ។ លោក​ថា ការ​អនុវត្ត​អនុលោមភាព​បាន​ត្រឹម​ត្រូវ​នឹង​ជំរុញ​​កំណើន​សេដ្ឋកិច្ច និង​បង្កើន​ថវិកា​ជាតិ៕